ហម ឈរ៉ា៖ កំណត់​តម្លៃ​ខ្លួន​តួ​ខ្វះ​តុល្យភាព នាំ​ឱ្យ​បាក់​ទឹក​ចិត្ត


ហម ឈរ៉ា៖ កំណត់​តម្លៃ​ខ្លួន​តួ​ខ្វះ​តុល្យភាព នាំ​ឱ្យ​បាក់​ទឹក​ចិត្ត

“ប្រសិន​បើ​ឱ្យ​តម្លៃ​ខ្លួន​តួ​ខ្វះ​តុល្យភាព ខ្ញុំ​គិត​ថា គឺនាំ​ឱ្យ​តួ​បាក់​ទឹក​ចិត្ត ហើយ​ខ្ញុំ​ថត​រឿង​មិន​បាន​ច្រើន​ព្រោះ​តែ​បញ្ហា​ហ្នឹង!”។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ហម ឈរ៉ា មក​កាន់ Sabay។

 

ហម ឈរ៉ា៖ កំណត់​តម្លៃ​ខ្លួន​តួ​ខ្វះ​តុល្យភាព នាំ​ឱ្យ​បាក់​ទឹក​ចិត្ត

 

តារា​ជើង​ចាស់​រូប​នេះ​បន្ថែម​ថា លោក​បាន​ទទួល​សំណើ​ថត​ភាពយន្ត​ជា​ច្រើន​ក្នុង​ឆ្នាំ​ចាស់។ ប៉ុន្តែ​លោក​បាន​ចូលរួម​សម្ដែង​ឱ្យ​ភាពយន្ត​ណា ដែល​បាន​ផ្ដល់​តម្លៃ​ខ្លួន​សមរម្យ អាច​ទទួល​យក​បាន​ប៉ុណ្ណោះ ខណៈ​ភាពយន្ត​ជា​ច្រើន​ផ្សេង​ទៀត ត្រូវ​ខកខាន​ក្រោយ​ការ​ចរចា​អត្ថប្រយោជន៍​មិន​ត្រូវ​គ្នា។

 

លោក​បាន​បន្ត​ថា ជាក់​ស្ដែង​រឿង “ស្ដេច​កន” ក៏​ធ្លាប់​ចរចា​មិន​ត្រូវ​គ្នា​រឿង​តម្លៃ​ដែរ សម្រាប់​តំណែង​ជា​មេទ័ព​ក្នុង​រឿង ដែល​បាន​ចូល​រួម​ធ្វើតេស្តសមត្ថភាពតាំងពី​​អំឡុង ៣ ខែ​មុន​មក​ម្ល៉េះ។

 

តារា​សម្បុរ​បែប​ខ្មែរ​អង្គរ​ដដែល​អះអាង​ថា លោក​បាន​ដឹង​ច្បាស់​ណាស់​ពី​បញ្ហា​របស់​ផលិតករ​គ្រប់រូប។ ប៉ុន្តែ​មិន​ត្រូវ​ផ្ដល់​តម្លៃ​ខ្លួន​តួ​ម្នាក់ៗ មាន​គម្លាត​គ្នា​ឆ្ងាយ​ពេក​នោះ​ទេ នាំ​ឱ្យ​ពួក​គេ​បាក់​ទឹក​ចិត្ត ការ​សម្ដែង​មិន​អស់​ពី​សមត្ថភាព គុណភាព​រឿង​ក៏​មិន​បាន​ល្អ​ទៅ​តាម​ហ្នឹង​ដែរ។ ម្យ៉ាង​រាល់​ការ​ចំណាយ​ផ្សេងៗ​ជា​បន្ទុក​របស់​តួ​ខ្លួ​ន​ឯង ខណៈ​ទំនិញ​គ្រប់​បែប​យ៉ាង​​កាន់​តែ​ឡើង​ថ្លៃ។ លោក​ស្នើ​ឱ្យ​អ្នក​ដឹក​នាំ​រឿង​ទាំង​អស់ សិក្សា​ពី​តម្លៃ​ខ្លួន​តួ​សម្ដែង​​ម្នាក់ៗ ហើយ​មិន​អាច​កំណត់​ស្រេច​តែ​ចិត្ត​នោះ​ទេ ៕

 

អត្ថបទ៖ សំ ជំនាញ