វិចារណកថា៖ តម្លៃកសិផលធ្លាក់ចុះ ធ្វើឲ្យកសិករ ជួបការលំបាក

នៅក្នុងរដូវប្រមូលផលស្រូវ និងកសិផលផ្សេងៗ រយៈពេល៣ខែកន្លងទៅនេះ ប្រជាកសិករ នៅតាមបណ្ដាខេត្តមួយចំនួន បានត្អូញត្អែរពីតម្លៃស្រូវ និងដំឡូងមីចុះថោក ធ្វើឲ្យពួកគាត់ខាតបង់ អស់ យ៉ាងច្រើន។ អ្វីដែលជាបញ្ហាប្រឈមនៅចំពោះមុខគឺ នៅពេលប្រមូលផលស្រូវ និងដំឡូងមីបានហើយ ប្រជាកសិករជួបផលវិបាក ក្នុងការរកទីផ្សារលក់ចេញ ហើយឈ្មួញ កណ្ដាលបានបន្ថោកតម្លៃកសិផល របស់ពួកគាត់តាមអំពើចិត្ត។ បញ្ហានេះមន្ត្រីអាជ្ញាធរ ព្រមទាំងក្រសួង និងស្ថាប័នពាក់ព័ន្ធ ជួយដោះ ស្រាយដល់ប្រជាកសិករជាបន្ទាន់ ដើម្បីកុំឲ្យពួកគាត់ត្រូវ ប្រឈមនឹងការលំបាកតទៅទៀត។ ប្រជាកសិករតាម បណ្ដាខេត្តខ្លះបានបញ្ជាក់ថា ឆ្នាំនេះអាកាសធាតុ មិនសូវអំណោយផលហើយ ពួកគាត់ធ្វើស្រូវ និងដាំដំណាំផ្សេងៗបាន ផលតិច ហើយតម្លៃ កសិផលបែរជា ចុះថោកធ្វើឲ្យពួកគាត់ ត្រូវខាតបង់ និងជំពាក់បំណុលធនាគារ ហើយប្រឈមនឹងការ រឹបអូសដី ធ្លីផ្ទះសម្បែងទៀតផង។

ប្រជាកសិករនៅក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំងជាដើមបាន ត្អូញត្អែរពីតម្លៃស្រូវចុះ ថោក ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅកាន់តែខ្លាំងឡើងៗ ហើយមិនទាន់ឃើញក្រសួង និងស្ថាប័នពាក់ព័ន្ធ ចាត់វិធានការជួយ ដោះស្រាយនៅឡើយទេ។ មិនតែប៉ណ្ណោះនៅពេលពួកគាត់ ដឹកជញ្ជូនស្រូវនិងកសិផល ផ្សេងៗទៅលក់តាមទីផ្សារ បែរជាមានសមត្ថកិច្ចជំរិតយកលុយតាមអំពើចិត្ត ដោយគ្មានការយោគយល់ទាល់តែ សោះ។ អាចនិយាយបានថា មុខរបរកសិកម្មរបស់ពួកគាត់មិនអាចធ្វើ ឲ្យពួកគាត់កាន់តែមានជីវភាពធូរធារ ជាងមុននោះទេ ផ្ទុយទៅវិញអ្នកខ្លះត្រូវ ជំពាក់បំណុលគេ វ័ណ្ឌក អស់ដីអស់ផ្ទះជាបន្តបន្ទាប់។ រឿងរ៉ាវទាំងនេះ មិនមែនកើតឡើងសម្រាប់តែអ្នកធ្វើស្រែនិងដាំដំឡូងមី នោះទេគឺអ្នកដាំស្វាយ ពោតសណ្ដែកក៏ប្រឈម នឹងការខាតបង់ជាបន្តបន្ទាប់ដែរ នៅពេលផលដំណាំ ទាំងនោះមានតម្លៃទាប ហួសហេតុ។ ដូច្នេះក្រសួង កសិកម្មនិងក្រសួងពាណិជ្ជកម្មគួររកទីផ្សារជាបន្ទាន់ ដើម្បីឲ្យប្រជាកសិករខ្មែរលក់កសិផលក្នុង តម្លៃសមរម្យ ដើម្បីឲ្យពួកគាត់មានជីវភាពរស់នៅប្រសើរ ជាងមុននិងមិនជំពាក់បំណុលធនាគារវ័ណ្ឌកតទៅទៀត។

  ប្រភពពីប្រជាកសិករដាំដំឡូងមីនៅក្នុងខេត្តព្រះវិហារបានឲ្យដឹងថា ឆ្នាំមុនពូកគាត់លក់ដំឡូងមី បានតម្លៃខ្ពស់់ គួរសមគឺក្នុង១គីឡូក្រាមពី៨០០ទៅ១០០០រៀលគឺអាចទូទាត់សម្រាប់ការចំណាយនិងនៅសល់ខ្លះៗសម្រាប់ដោះស្រាយជីវភាពគ្រួសារ។ ប៉ុន្តែឆ្នាំនេះដំឡូងមីធ្លាក់តម្លៃនៅត្រឹម៥០០ទៅ ៦០០រៀលធ្វើឲ្យពួកគាត់ខាត បង់យ៉ាងច្រើនព្រោះឈ្មួញបន្ទាប តម្លៃតាមអំពើចិត្តដោយអះអាងថាប្រទេសជិតខាងមិនទទួលយក។ បញ្ហានេះ កំពុងតែធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ជីវភាពរស់នៅរបស់ប្រជា កសិករដែលពឹងផ្អែកលើរបរកសិកម្ម នៅពេល ដែលក្រសួងនិងស្ថាប័នពាក់ព័ន្ធ មិនជួយរកមធ្យោបាយ ដើម្បីជួយដល់ប្រជាកសិករ។ ប្រការនេះហើយទើប ប្រជាកសិករអំពាវនាវយ៉ាងទទូចឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធជួយដល់ពួកគាត់ឲ្យបានទាន់ពេលវេលា ដើម្បីកុំឲ្យឈ្មួញកណ្ដាលធ្វើអ្វីៗតាមអំពើ ចិត្តតទៅទៀត បើមិនដូច្នេះទេប្រជាកសិករត្រូវរងទុក្ខវេទនា គ្មានទីបញ្ចប់ព្រោះរបរកសិកម្មធ្វើឲ្យពួកគាត់ ជំពាក់បំណុលគេធ្លាក់ទៅក្នុងភាពក្រីក្រជាបន្តបន្ទាប់។

  ប្រជាកសិករនៅក្នុងខេត្តកំពង់ចាម កំពង់ធំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរីក៏ត្អូញត្អែរអំពី តម្លៃកសិផល ធ្លាក់ចុះផងដែរព្រោះកន្លងមកមានឈ្មួញដើរបំផុសឲ្យពួកគាត់ដាំដំឡូងមីនិងដំណាំផ្សេងៗ ដោយគេសន្យាថា ប្រមូលទិញក្នុងតម្លៃខ្ពស់គួរសម។ បញ្ហានេះបានធ្វើឲ្យពួកគាត់ខ្ចីលុយពីធនាគារឬស្ថា ប័នមីក្រូហិរញ្ញវត្ថុមួយចំនួន យកមកបង្កបង្កើនផលហើយរំពឹងថាទទួលបានផលចំណេញសម្រាប់ដោះស្រាយជីវភាពគ្រួសារឲ្យបានប្រសើរជាងមុន។ ប៉ុន្តែនៅពេលប្រមូលផលបែរជាតម្លៃដំឡូងមីនិងដំណាំ ផ្សេងៗទៀតមានការធ្លាក់ចុះយ៉ាងគំហុក ធ្វើឲ្យប្រជា កសិករយំលែងចេញហើយគ្មានលុយសងទៅធនាគារវិញ ឲ្យបានទាន់ពេលវេលាតាម កិច្ចសន្យា នោះទេ។ ប្រជាកសិករបានលើកឡើងថាតម្លៃកសិផល ក្នុងស្រុកខ្មែរស្ថិតនៅលើមាត់ឈ្មួញជាអ្នកកំណត់ ក្នុងខណៈដែលក្រសួងព្រមទាំងស្ថាប័នពាក់ព័ន្ធនានា មិនបានចាត់វិធានការកំណត់តម្លៃកសិផល ដើម្បីជួយដល់ ប្រជាពលរដ្ឋប្រកបដោយតម្លាភាព។

សរុបសេចក្ដីមកការធ្លាក់ចុះតម្លៃ កសិផលដូចជាដំឡូងមី ស្រូវពោតសណ្ដែកកំពុងធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំងដល់ ជីវភាពរស់ នៅ របស់ប្រជាកសិករខ្មែរទូទាំងប្រទេសព្រោះពួកគាត់ត្រូវប្រឈមនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ។ អ្វីដែលធ្វើឲ្យ ប្រជាពលរដ្ឋមានជីវភាពកាន់តែដុនដាបនោះគឺឆ្នាំនេះអាកាសធាតុ រាំងស្ងួត ពួកគាត់ធ្វើស្រែនិង ដាំដំណាំផ្សេងៗទទួល បានផលតិចជាងឆ្នាំមុន ហើយតម្លៃកសិផលធ្លាក់ចុះយ៉ាងខ្លាំង ធ្វើឲ្យពួកគាត់ត្រូវជួបការលំបាកគ្មានទីបញ្ចប់។ ជាមួយគ្នានេះមានការបើកដៃឲ្យឈ្មួញនាំចូល បន្លែបង្ការនិងកសិផលផ្សេងៗ មកលក់ក្នុង ទីផ្សារប្រទេសកម្ពុជា យ៉ាងអនាធិបតេយ្យ ប៉ះពាល់ដល់តម្លៃ កសិផលក្នុងស្រុកកានតែខ្លាំងថែមទៀត ហើយសូម្បី តែអ្នកចិញ្ចឹមជ្រូក ចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ ក៏ប្រឈមនឹងការខាតបង់ដែរនៅពេលទំនិញ សព្វបែបយ៉ាង ហូរចូលពីប្រទេសជិតខាង។ ដូច្នេះក្រសួងនិងស្ថាប័នពាក់ព័ន្ធ ត្រូវជួយដោះស្រាយដល់ប្រជាកសិករ ឲ្យបាន ទាន់ពេលវេលាហើយការ ជួយឲ្យប្រជាកសិករលក់កសិផលដូចជាដំឡូងមី ស្រូវពោតសណ្ដែកក្នុងតម្លៃខ្ពស់ សមរម្យគឺជាប្រការ សំខាន់បំផុត ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់៕