ចុះបង់ត្រី ក្នុងស្ទឹងសង្កែ ប្រទះឃើញ គ្រាប់ DK75

បាត់ដំបង៖ អ្នកនេសាទម្នាក់ បានប្រទះឃើគ្រាប់ DK75 មួយគ្រាប់ ខណៈគាត់បានចុះ ទៅបង់ត្រី ក្នុងស្ទឹងសង្កែ ក្នុងភូមិបាណន់ ឃុំកន្ទី២ ស្រុកបាណន់ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ ក្រោយមកអ្នកនេសាទ រូបនេះ ក៏បាន យកគ្រាប់មកប្រគល់ ជូនអាជ្ញាធរមូលដ្ឋាន។

យោងតាមគេហទំព័ររបស់ អគ្គស្នងការនគរបាលជាតិ ដែកចេញផ្សាយនៅ ព្រឹកថ្ងៃទី៤ ខែមករា នេះដកស្រង់សម្តី លោកវរសេនីយ៍ទោ ប៊ុត សំបូរ អធិការនគរបាល ស្រុកបាណន់ មកបញ្ជាក់ថា កម្លាំងអធិការដ្ឋាន នគរបាលស្រុក បាណន់ បានទទួលគ្រាប់ មិនទាន់ផ្ទុះមួយគ្រាប់ ពីឈ្មោះ សៅ ចេង ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិបាណន់។

ហេតុការណ៍នេះ បានកើតឡើងនៅពេល លោក សៅ ចេង ចុះបង់ត្រីក្នុងទឹកស្ទឹងសង្កែ ក៏ប្រទះឃើញគ្រាប់ធុន DK ៧៥ ចំនួន០១គ្រាប់ ក្នុងស្ទឹងសង្កែ ស្ថិតត្រង់ចំណុចភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់។

ក្នុងនោះដែរ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុង ស្រុក បាណន់ ទាំងអស់សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ទាំងឡាយណាដែល បន្សល់ពីសម័យ សង្គ្រាមក្តី ឬយុទ្ធភ័ណ្ឌទាំងឡាយណា ដែលបានមកពីគ្រប់មជ្ឈដ្ឋាន ត្រូវរាយការណ៍ជាបន្ទាន់ ប្រសិនជាឃើញ អាវុធ ឬគ្រាប់មិនទាន់ផ្ទុះ ត្រូវរាយការណ៍ទៅកម្លាំងមានសមត្ថកិច្ច ឫអង្គភាពស៊ីម៉ាក ដើម្បីយកទៅកំទេចចោល ជៀសវាងបង្ករគ្រោះថ្នាក់ ដោយសារយុទ្ធភ័ណ្ឌទាំងនោះ ជាយថាហេតុ។

លោកអធិការស្រុកបាណន់ បានធ្វើការថ្លែងអំណរគុណ ដល់លោក សៅ ចេង ដែលស្ម័គ្រចិត្ត និងមានភាពក្លាហាន យកគ្រាប់មិនទាន់ផ្ទុះ មកប្រគល់ជូនសមត្ថកិច្ច៕

ចុះបង់ត្រី ក្នុងស្ទឹងសង្កែ ប្រទះឃើញ គ្រាប់ DK75