កីឡាករឆ្នើមៗ​របស់​កម្ពុជាជាង១០​នាក់ ត្រូវ​បាន​ដកចេញ​​ពី​ក្រុមជម្រើស​ជាតិ

កីឡាករបាល់​ទាត់​​​ឆ្នើមៗ​របស់​កម្ពុជាចំនួន​​ចំនួន​១១​នាក់ រួម​មាន​ខ្សែ​ប្រយុទ្ធ​ដ៏​មាន​ប្រជា​ប្រិយ ចាន់ វឌ្ឍនាកា,ប្រាក់ មុន្នីឧត្តម, គួច សុកុម្ភៈ, កែវ សុខផេង, ធារី ចន្ថាប៊ីន, ស៊ូ យ៉ាទី,កុក បូរីស, ទូច បញ្ចុរ៉ុង, រស់ សំអឿន, សុខ ផេង និង សុខ រិទ្ធី ត្រូវ​បាន​ឈ្មោះ​ចេញ​ពី​ពីបញ្ជី​ឈ្មោះ២២​នាក់​​ចុង​​ក្រោយ​នៃ​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​នឹង​ត្រូវចេញ​​ទៅ​​ប្រកួត​ពាន​រង្វាន់ 2016 Bangabandhu Gold Cup នា​ថ្ងៃ​ទី​៩ ខែមករា ​ខាង​មុខ​នេះ។

boeng-khetការ​សម្រេច​ដក​ឈ្មោះ​កីឡាករ​ឆ្នើម​ទាំង​នេះ បាន​ធ្វើ​ឲ្យអ្នក​ស្នេហា​ស័យ​កីឡា​បាល់​ទាត់​នៅ​កម្ពុជា មាន​ការ​ងឿយ​ឆ្ងល់​យ៉ាង​ខ្លាំង ខណៈ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា បាន​សម្រេច​ដក់​ឈ្មោះ​កីឡាករ​ល្អ និង​មាន​បទ​ពិសោធ​ ចេញ​ពី​ក្រុម​ជម្រើស​ជាតិ ហើយ​បែរ​ជា​ទៅ​ដាក់​កីឡាករ​ក្មេងៗ​មួយ​ចំនួន​ ដែល​ស្ទើរ​បទ​ពិសោធ ឲ្យ​ចេញ​ទៅ​ប្រកួត​​ក្នុង​ពាន​រង្វាន់ 2016 Bangabandhu Gold Cup នៅ​ប្រទេស​បង់​ក្លាដេស វិញ​នោះ។
យ៉ាង​ណា​ក៏​ដោយ លោក ឆាំង ពិសិដ្ឋ អ្នក​ចាត់​ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​និយាយ​ថា៖​«​​មិន​មែនយើង​​ដក​កីឡាករ​ឆ្នើមៗ​ទាំង​នោះចេញ​​ពី​ក្រុម​ជម្រើស​ជាតិ​នោះ​ទេ ប៉ុន្តែ​យើង​ទុក​ពួក​គេឲ្យ​ចូល​រួម​ក្នុង​ក្រុម Cambodian All Stars ត្រៀម​ការ​ប្រកួត​មិត្ត​ភាព​ជា​មួយ​ក្លិប​កំពូល​មក​ពី​ប្រទេស​​ថៃ ដែល​សហព័ន្ធ​បាន​រៀបចំ ដើម្បី​រៃអង្គាស​ថវិកា​យកឲ្យ​​មុន្ទីរ​ពេទ្យ​គន្ធបុប្ផា នា​​ពេល​មុខ​នេះ ព្រោះ​ការ​ប្រកួត​​នៅ​បង់​ក្លាដេស ​វាជាន់​ពេល​គ្នាទៅ​នឹង​ការ​ប្រកួត​មិត្ត​ភាព​នេះ»។
លោក ឆាំង ពិសិដ្ឋ បាន​បញ្ជាក់​ថា៖​«​យើង​ដឹង​ហើយ​ថា​ កីឡាករ​ឆ្នើមៗ​ទាំង​នោះ ពិសេស ចាន់ វឌ្ឍនាកា ប្រាក់ មុន្នីឧត្តម គួច សុកុម្ភៈ កែវ សុខផេង ធារី ចន្ថាប៊ីន និង​ស៊ូ យ៉ាទី ​ជា​កីឡាករមាន​ប្រជា​ប្រិយ ដែល​អ្នក​គាំ​ទ្រ​យ៉ាង​ច្រើន​ចង់​ឃើញ​ការ​ប្រកួត​របស់​ពួក​គេ ហេតុ​នេះ​យើង​ត្រូវ​ទុក​ពួក​គេ​ឲ្យប្រកួត​មិត្ត​ភាព​នេះ ព្រោះ​ការ​ប្រកួត​មិត្ត​ភាព​នេះ​វា​សំខាន់​ ហើយ​ម្យ៉ាង​ទៀត​យើង​ក៏​ចង់​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​ក្មេងៗ​ បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ឲ្យ​បាន​ច្រើន​ផង​ដែរ ដើម្បី​ឲ្យ​ពួក​គេ​កាន់​តែ​មាន​សមត្ថ​ភាព​​រឹង​មាំ ដើម្បី​ត្រៀម​ការ​ប្រកួតអន្តរជាតិ​មួយ​ចំនួន​ទៀត ក្នុង​ឆ្នាំ​២០១៦​នេះ»។
​គួរ​បញ្ជាក់​ថា ក្រុម Cambodian All Stars ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ដោយ​ក្រុម​នេះ​ប្របូល​ផ្តុំ​ដោយ​កីឡាករ​​ល្អៗនៅ​ក្នុង​ស្រុក ​និង​កីឡាករ​បរទេស​ដែល​មាន​ទេពកោសល្យនោះ។ ក្រុមតំណាង​ឲ្យ​កម្ពុជា​នេះ នឹង​​ត្រូវ​ធ្វើ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ ​​នៅ​ពហុកីឡដ្ឋាន​ជាតិ ជា​មួយ​ក្រុមលីក​កំពូល​ចំនួន​២​​របស់​ថៃ​គឺ​​ត្រូវ​ជួប​ក្រុម​ Muangthong United ​នា​​ថ្ងៃ​ទី​១៦ ខែ​មករា និង​ប្រកួត​ជាមួយ​ក្រុម Buriram United នា​ថ្ងៃ​ទី​២៣ ខែមករា ខណៈ​ប្រាក់​ទទួល​បាន​ពី​ការ​លក់​សំបុត្រ​ទាំង​អស់ នឹង​ប្រគល់​ឲ្យ​ទៅ​មន្ទីរពេទ្យគន្ធបុប្ផា ដើម្បី​បម្រើ​ដល់​ការងារ​សង្គម។
ចំពោះ​ប្រតិភូ​ក្រុមជម្រើស​ជាតិ​កម្ពុជា ដែល​ត្រៀម​ចេញ​ទៅ​​ប្រកួត​ពាន​រង្វាន់​2016 Bangabandhu Gold Cup នា​ថ្ងៃ​ទី​៩ ខែ​មករា ខាង​មុខ​នេះ​រួម​មាន​លោក ឆាំង ពិសិដ្ឋ គ្រូ​បង្គោល​លោក​ Lee Tae Hoom គ្រូ​ជំនួយ​លោក អ៊ុង កនយ៉ានិត លោក អ៊ុំ សាវង្ស លោក ហោ សុខហេង លោក សួង ភិរម្យ (គ្រូ​អ្នកចាំ​ទី) លោក ហៃ សក្ខរី (គ្រូពេទ្យ) និង​លោក ស៊្រាង ប៊ុណ្ណា (គ្រូពេទ្យ)។
​ ចំណែក​កីឡាករ​ទាំង​២២​នាក់ រួម​មាន សឿយ វិសាល, រឿម ចាន់រឿន, ណុប តុលា, ហួយ ផល្លីន, ខែក ខេមរិន្ទ, សំអឿន ពិដោរ, នេន សុធារ័ត្ន, ឈិន ឈឿន, សុខ ច័ន្ទរស្មី, ទូច រ៉ូម៉ា, ឆេង ម៉េង, ច្រឹងពលរដ្ឋ, ទិត្យ ឌីណា, ស៊ុន សុវណ្ណដេត, ថន ដារ៉ាពេជ្រ, ឡេង មករា, ហុង ផេង, សុខ សុវណ្ណ, ឃួន ឡាបូរ៉ាវី, អ្នក​ចាំ​ទី អ៊ុំ សេរីរ័ត្ន, ប៉េង ប៊ុនឆាយ និង ប្រាក់ មុន្នីភិរុណ។
ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ត្រូវ​ចេញ​ដំណើរ​ទៅ​ប្រទេស​បង់​ក្លាដេស នៅ​ថ្ងៃ​ទី​៩ ខែមករា ហើយ​កម្ពុជា នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​បើក​ឆាក​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ម៉ាល់​ឌីវ នៅ​ថ្ងៃ​ទី​១១ រួច​បន្ត​ជួប​ក្រុម​ជម្រើស​ជាតិ​ប៉ារ៉ែន នៅ​ថ្ងៃ​ទី​១៣ និង​ចុង​ក្រោយ​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​U23របស់​ម្ចាស់​ផ្ទះ​បង់​ក្លាដេស នៅ​ថ្ងៃ​ទី​១៥ ខែមករា៕