លួច​ម៉ូតូ សុទ្ធតែ​ស៊េរី​២០១៦ ពីរ​គ្រឿង តែ​ជាប់​ខ្នោះ​ម្នាក់ ក្នុងចំណោម​៣​នាក់

​កណ្តាល: ជនសង្ស័យ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​រូបគេ បាន​នាំ​បក្ខពួក​២​នាក់​ផ្សេងទៀត មក​ធ្វើ​សកម្មភាព លួច​ម៉ូតូ​អស់​២​គ្រឿង ម៉ាក​​ហុងដា សេ​១២៥ សុទ្ធតែ​ស៊េរី​២០១៦ ខណ​:​ដែល​ពួកគេ​ទាំងអស់គ្នា នាំគ្នា​ទៅលេង​ល្បែង ជល់​មាន់​មួយកន្លែង ដោយ​បើកចំហរ កាលពី​វេលា​ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៦​នេះ នៅ​ភូមិ​អូរ​រំចេក ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ។​

​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​នោះ ឈ្មោះ សុខ ប៊ុន​ថា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​ដើម​មាន សង្កាត់​ដើម​មាន ក្រុង​តាខ្មៅ ខេត្ត​
​កណ្តាល​។ ចំណែក​ជនរងគ្រោះ ឈ្មោះ ហុក លី​ឃៀង ហៅ សៀង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​លក់​សាច់ជ្រូក មាន​ទីលំនៅ ភូមិ​ដំរី​ឆ្លង ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង និង​ម្នាក់ទៀត ឈ្មោះ អ៊ំ ចាន់​បូ​រិ​ន ហៅ ព្រឹម ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ  មុខរបរ​កសិករ នៅ​ភូមិ​ចុង​កោះ​កើត ឃុំ​កោះ​ខ្សាច់​ទន្លា ស្រុក​ស្អាង ខេត្តកណ្ដាល​។​

​សមត្ថកិច្ច បាន​បន្តថា ក្នុងនោះ​សម្ភារៈ ដែល​បាន​បាត់បង់ មាន​ម៉ូតូ​២​គ្រឿង ពណ៌​ខ្មៅ ម៉ាក​ហុងដា សេ​១២៥ សុទ្ធតែ​ស៊េរី​២០១៦ គឺ​ទី​១. មាន​ពណ៌​ខ្មៅ លេខ​តួ និង​លេខ​ម៉ាស៊ីន 9443219 គ្មាន​ស្លាក​លេខ ជា​របស់​ឈ្មោះ ហុក លី​ឃៀង និង មួយគ្រឿង​ទៀត មាន​ស្លាក​លេខ​ភ្នំពេញ 1FK-8923 ជា​របស់​ឈ្មោះ អ៊ំ ចាន់​បូ​រិ​ន​។ នៅក្នុង​ការឃាត់ខ្លួន​នោះដែរ សមត្ថកិច្ច បាន​ដកហូត​ម៉ូតូ មួយគ្រឿង​ជា​របស់​ជនសង្ស័យ ដែលមាន​ម៉ាក​ហុងដា Scopy ពណ៌​ក្រហម (​គ្មាន​ពន្ធ​) ស្លាក​លេខ ភ្នំពេញ 1AY-0474 (​ស្លាក​លេខ​ក្លែងក្លាយ​) ។​

​នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង​២ បាន​យក​ម៉ូតូ មក​ផ្ញើ​នៅក្រោម​ផ្ទះ​របស់​ឈ្មោះ គុយ គួ​ន ភេទ​ប្រុស អាយុ ៥០​ឆ្នាំ រួច​ទៅ​មើល​គេ​លេង​ជល់​មាន់​។ ភ្លាមនោះ ឈ្មោះ​សុខ ប៊ុន​ថា ក៏បាន​យក​ម៉ូតូ ម៉ាក Scopy មក​ផ្ញើ​ដែរ រួច​ទៅ​មើល​គេ​ជល់​មាន់​ដូចគ្នា ។ មួយសន្ទុះ​ក្រោយមក ឈ្មោះ សុខ ប៊ុន​ថា ត្រឡប់មក​យក​ម៉ូតូ​របស់ខ្លួន ទៅយក​បក្ខ​ពួកខ្លួន ដែល​មិន​ស្គាល់ផ្លូវ​។ មួយសន្ទុះ​ក្រោយមក  ឈ្មោះ សុខ ប៊ុន​ថា ត្រឡប់មកវិញ ហើយ​បាន​ឌុប​បក្ខ​ពួកខ្លួន ២​នាក់​ផ្សេងទៀត មិន​ស្គាល់ឈ្មោះ ស្លៀកពាក់​ស៊ីវិល មិន​ចាំ​ពណ៌ ខោអាវ ចូលមក​យក​ម៉ូតូ របស់​ឈ្មោះ ហុក លី​ឃៀង និង​ឈ្មោះ អ៊ំ ចាន់​បូ​រិ​ន ចេញ​បាត់ នៅវេលា​ម៉ោង ១​និង​១០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ។ ចំណែក​ឈ្មោះ សុខ ប៊ុន​ថា ទៅ​មើល​គេ​ជល់​មាន់បាន​ប្រហែល មួយ​ម៉ោង ក៏​ជិះ​ម៉ូតូ Scopy ចេញទៅ​បាត់ ។ លុះដល់​ម៉ោង​៤​ល្ងាច​ថ្ងៃ​ដដែល ជនរងគ្រោះ មកដល់​ពុំ​ឃើញ ម៉ូតូ​របស់ខ្លួន ក៏​ស្រែក​ឆោឡោឡើង​។ ពេលនោះ​ឈ្មោះ គុយ គួ​ន (​ម្ចាស់ផ្ទះ​) បាន​អះអាងថា ម្នាក់​ជិះ​ម៉ូតូ​ស្កុប​ពី (​សុខ ប៊ុន​ថា​) និង​បក្ខពួក ជា​អ្នកយក​ម៉ូតូ​ខាងលើ ។ នៅវេលា ម៉ោង​៥ និង ៣០​នាទី ថ្ងៃ​ដដែល ទើប​ជនរងគ្រោះ ប្តឹង​មក​សមត្ថកិច្ច ។​

​ក្រោយពេល​ស្រាវជ្រាវ សមត្ថកិច្ច​នគរបាល បាន​សាកសួរ​ជនសង្ស័យ ប៉ុន្តែ​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ បាន​អះអាងថា ខ្លួន​មិនបាន​នាំ​បក្ខពួក​មក​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ខាងលើនេះ​ទេ ។ ពាក់ព័ន្ធ​នឹង​ករណីនេះ លោក លឹម សុគ​ន្ថា ព្រះរាជអាជ្ញា សាលាដំបូង​ខេត្តកណ្តាល បានអនុញ្ញាត​អោយ​សម​ត្ថ​កិច្ច​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ សុខ ប៊ុន​ថា សិន​នៅវេលា​ម៉ោង ៦​និង​២០​នាទី ល្ងាច​ថ្ងៃ​ដដែល​នេះ ដើម្បី​បន្ត និង​ប្រមូលផ្តុំ សុំ​ណុំ​រឿង ចាត់ការ​តាម​នីតិវិធី ៕V​/S

លួច​ម៉ូតូ សុទ្ធតែ​ស៊េរី​២០១៦ ពីរ​គ្រឿង  តែ​ជាប់​ខ្នោះ​ម្នាក់ ក្នុងចំណោម​៣​នាក់

លួច​ម៉ូតូ សុទ្ធតែ​ស៊េរី​២០១៦ ពីរ​គ្រឿង  តែ​ជាប់​ខ្នោះ​ម្នាក់ ក្នុងចំណោម​៣​នាក់

លួច​ម៉ូតូ សុទ្ធតែ​ស៊េរី​២០១៦ ពីរ​គ្រឿង  តែ​ជាប់​ខ្នោះ​ម្នាក់ ក្នុងចំណោម​៣​នាក់