ឈ្មួញ​ធំៗ​នៅតែ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​នៅ​ខេត្តស្ទឹងត្រែង​

ប្រជាពលរដ្ឋ​បាន​វាយតម្លៃ​ទុក​រួចមកហើយ​ថា ការតែងតាំង​លោក មុំ សារឿន ជា​អភិបាលខេត្ត​ស្ទឹងត្រែង ជំនួស​លោក កុល សំអុល គឺ​មិនអាច​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​នៅក្នុង​ស្រុក​សេសា​ន ស្រុក​សៀម​ប៉ាង និង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បានឡើយ​។ ការវាយតម្លៃ​ទុក​របស់​ប្រជាពលរដ្ឋ​បានក្លាយ​ទៅជា​រឿង​ពិត ព្រោះ​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុងស្រុក​សេ​សាន នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​អភិបាលខេត្ត​និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត​នោះទេ​។

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ដែល​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា សហគមន៍​ការពារ​ព្រៃឈើ​ចំនួន​២ គឺ​សហគមន៍​ស្រែគរ និង​សហគមន៍​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​ចាប់​ម៉ាស៊ីន​អារឈើ​ចំនួន​៧​គ្រឿង​ពី​ក្រុមកម្មករ​របស់​ឈ្មួញ​ដែល​ចូល​អារឈើ​ក្នុងព្រៃ​សហគមន៍​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កម្មករ​ទាំងនោះ​សម្រុក​អារ​រំលំ​ដើមឈើ​ធំៗ​ក្នុងព្រៃ​សហគមន៍​រួច​អារច្រៀក​ដឹកជញ្ជូន​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ដែលមាន​អាជ្ញាប័ណ្ណ​សំអាត​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​។ ម៉ាស៊ីន​អារឈើ​ស្វ័យប្រវត្តិ​ចំនួន​៧​គ្រឿង​ដែល​ប្រជាពលរដ្ឋ​ចាប់បាន​នោះ ត្រូវប្រគល់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​អនុវត្តន៍​តាមច្បាប់​។

តំណាង​សហគមន៍​ស្រែគរ​បាន​ឲ្យ​ដឹងថា ពួកគាត់​ជាង​៣០​នាក់​បាន​ចុះ​ល្បាត​ការពារ​ព្រៃ​កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ ហើយ​ឃើញ​កម្មករ​២​ក្រុម​កំពុង​អារ​រំលំ​ឈើមូល​នៅ​ព្រៃ​សហគមន៍​ស្រែគរ ឬ​ព្រៃ​អ្នកតា ដែល​ស្ថិត​នៅក្រៅ​បិ​រវេ​ណ​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​។ នៅពេលនោះ​ប្រជា​សហគមន៍​បាន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ភ្លាមៗ ហើយ​ក្រុមកម្មករ​របស់​ក្រុមហ៊ុន​នាំគ្នា​រត់គេចខ្លួន​ពី​កន្លែង​ដែល​ពួកគេ​អារ​រំលំ​ដើមឈើ​។ ចំណែក​តំណាង​សហគមន៍​ក្បាល​រមាស​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ពួកគាត់​ចាប់​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​២​គ្រឿង កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ភ្នំ​រិ​ន ហើយ​កម្មករ​៣​នាក់​រត់គេចខ្លួន​ពី​ក្រុម​ល្បាត​។ បញ្ហា​នេះ​លោក មុំ សារឿន អភិបាលខេត្ត​ស្ទឹងត្រែង គួរ​ចាត់វិធានការ​ពិនិត្យ​និង​ទប់ស្កាត់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​មាន​បទល្មើស​បំផ្លាញ​ព្រៃ​សហគមន៍​ក្នុងស្រុក​សេ​សាន​បន្តទៀត​៕

image