ផល សុភ័ណ្ឌ បរាជ័យ​ទាំង​មិន​អស់​ចិត្ត ចង់​ឡើង​សង្វៀនThai Fight ម្ដង​ទៀត

ផល សុភ័ណ្ឌ បរាជ័យ​ទាំង​មិន​អស់​ចិត្ត ចង់​ឡើង​សង្វៀនThai Fight ម្ដង​ទៀត

អ្នក​ប្រដាល់​លេង​កណ្ដាប់​ដៃ ផល សុភ័ណ្ឌ មាន​បំណង​ចង់​ឡើង​សង្វៀន Thai Fight ម្ដង​ទៀត បើ​ទោះ​ធ្លាប់​មាន​បទពិសោធន៍​បរាជ័យ​ត្រឹម​ទឹក​ទី១ ដោយ សារ​​ខ្លា​ចាស់ Saenchai កាល​ពី​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល​ក៏​ដោយ។

 

ផល សុភ័ណ្ឌ បរាជ័យ​ទាំង​មិន​អស់​ចិត្ត ចង់​ឡើង​សង្វៀនThai Fight ម្ដង​ទៀត

 

កាល​ពី​ថ្ងៃ​ទី៣១ ឆ្នាំ​២០១៥ អតីត​កីឡាករ​ប្រដាល់​សាកល​ជម្រើស​ជាតិ​​កម្ពុជា ផល សុភ័ណ្ឌ បាន​ភ្លាត់​ស្នៀត​ត្រូវ​មួយ​ដៃ​ពេញ​របស់​កីឡាករ Saenchai ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​បញ្ឈប់​ការ​ប្រកួត​ភ្លាម​ៗ​ក្នុង​ទឹក​ទី១ លើ​សង្វៀន Thai Fight។ បរាជ័យ​ដ៏​លឿន​បែប​នេះ បាន​ធ្វើ​ឲ្យ ផល សុភ័ណ្ឌ មិន​អស់​ចិត្ត ចង់​ឡើង​ប្រកួត​ម្ដង​ទៀត ប្រសិន​បើ​មាន​ឱកាស។

 

ផល សុភ័ណ្ឌ បាន​និយាយ​ប្រាប់ Sabay ថា៖ «ខ្ញុំ​មិន​អស់​ចិត្ត​ទេ​បង បើ​វ៉ៃ​បាន ៣​ទឹក​ពេញ​មិន​អី​ទេ តែ​នេះ​វា​លឿន​ពេក… មក​ពី​ខ្ញុំ​មិន​បាន​ត្រៀម​ខ្លួន មិន​បាន​ហាត់​គ្រប់​គ្រាន់ ណា​មួយ​ភ័យ​ផង​អរ​ផង ព្រោះ​ចេញ​ពី​ខ្មែរ​ទៅ​តែ​ម្នាក់​ឯង ហើយ​វ៉ៃ​លើ​សង្វៀន​ហ្នឹង​លើក​ទី១ទៀត… ខ្ញុំ​ជឿ​ថា​បើ​បាន​ហាត់​គ្រប់​គ្រាន់ គេ​ពិបាក​ស៊ី​ខ្ញុំ​ណាស់ យ៉ាង​ហោច​ក៏​បាន ៣​ទឹក​ពេញ​ដែរ»។

 

ម្ចាស់​មេដាយ​ប្រាក់​ប្រដាល់​សាកល​ថ្នាក់​ជាតិ២០១៥ បាន​បញ្ជាក់​​ថា ប្រសិន​បើ​មាន​គីឡូ​ស្មើ​គ្នា​នៅ Thai Fight រូប​គេ​ពិត​ជា​ពេញ​ចិត្ត​ឡើង​ប្រកួត​ជានិច្ច ព្រោះ​បទ​ពិសោធន៍​លើក​នេះ​នឹង​ធ្វើ​ខ្លួន​រឹង​មាំ។ បើ​មាន​ការ​​ផ្គូផ្គង​ឲ្យ​សងសឹក​​ជាមួយ​កីឡាករ Saenchai ដែល​លើស​ទម្ងន់​នោះ ក៏ ផល សុភ័ណ្ឌ អះ​អាង​ថា​មិន​ខ្លាច​ដែរ ព្រោះ​នឹង​ហ្វឹក​ហាត់​ឲ្យ​បាន​គ្រប់​គ្រាន់ មិន​ដូច​ពេល​នេះ​ឡើយ។ «ខ្ញុំ​ចង់​ចេញ​ទៅ​ប្រកួត​ដើម្បី​មុខ​មាត់​ជាតិ ប្រកួត​ច្រើន​ទើប​គេ​ស្គាល់​ប្រដាល់​ខ្មែរ​ច្រើន ខ្ញុំ​មិន​ដែល​រា​រែក​ចិត្ត​ទេ ទោះ​ប៉ះ Saenchai ម្ដង​ទៀត​ក៏​ដោយ»។ ផល សុភ័ណ្ឌ បញ្ជាក់។

 

ផល សុភ័ណ្ឌ បរាជ័យ​ទាំង​មិន​អស់​ចិត្ត ចង់​ឡើង​សង្វៀនThai Fight ម្ដង​ទៀតSaenchai និង​ ផល សុភ័ណ្ឌ

 

តាំង​ពី​មុន​ចេញ​ទៅ​ប្រកួត អ្នក​គាំទ្រ​កីឡា​ប្រដាល់​កម្ពុជា​បាន​បង្ហាញ​អារម្មណ៍​រួច​ទៅ​ហើយ​ថា ផល សុភ័ណ្ឌ ពិត​ជា​មាន​ភាគ​រយ​តិច​ណាស់​ក្នុង​ការ​យក​ឈ្នះ​កីឡាករ Saenchai ដែល​ជើង​ខ្លាំង​ជួរ​មុខ​លើ​សង្វៀន Thai Fight។ ផល សុភ័ណ្ឌ ទើប​ប្រកួត​រួច មិន​បាន​ហ្វឹកហាត់​គ្រប់​គ្រាន់ និង​ត្រូវ​ខាង​ភាគី Thai Fight អញ្ជើញ​ឲ្យ​ចូល​រួម​បន្ទាន់ ជំនួស​កីឡាករ​មីយ៉ាន់ម៉ា ដែល​បោះ​បង់​ចោល​ការ​ប្រកួត។

អត្ថបទ៖ គង់ វិសាល