មួកសុវត្ថិភាព​លក់ដាច់​លើស​រាល់ដង ១ គុណ ៤

​ចាប់តាំងពី​នគរបាល​ចរាចរ​ផ្តើម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នៅ​ថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៦ មក អាជីវករ​លក់​មួកសុវត្ថិភាព​សប្បាយចិត្ត​យ៉ាងខ្លាំង​នឹង​ការលក់ដូរ​របស់​ពួកគេ​។ អា​ជី​វករ អះអាងថា ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ មួក​សុវត្ថិ​ភាព​លក់ដាច់​លើសពី​ពេល​រាល់ដង ១ គុណនឹង​ ៤ ដង​។

​លោកស្រី សា​វិ​ន អាជីវករ​លក់​មួកសុវត្ថិភាព​ក្បែរ​វត្ត​ទួល​សង្កែ ក្នុង​សង្កាត់​ទួល​សង្កែ បាន​ថ្លែងថា ចាប់តាំងពី​ថ្ងៃទី ១ ខែមករា មកនេះ ក្នុង​មួយថ្ងៃ​លោកស្រី​លក់​មួកសុវត្ថិភាព​ដាច់​ចន្លោះ​ពី ៤០ ទៅ ៥០ មួក​។ លោកស្រី បញ្ជាក់ថា ចំនួន​នេះ​ វា​លើសពី​តួលេខ​ដែល​ខ្លួន​លក់​ជាង ៣ ឆ្នាំ​មកនេះ ៤ ទៅ ៥ ដង​។ « មុន​ពេលដែល​ប៉ូលិស​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ខ្ញុំ​លក់ដាច់​បាន​ច្រើន​បំផុត ១០ ទៅ ១៥ មួក​ក្នុង​មួយថ្ងៃ​។ តែ​ពី​បី​ថ្ងៃ​មកនេះ ខ្ញុំ​លក់ដាច់​រហូតដល់ ៤០ ឬ ៥០ មួក ក្នុង​មួយថ្ងៃ​»​។ លោកស្រី​បន្ថែម​បែបនេះហើយ ក៏​និយាយទៀតថា អ្នកទិញ​មួកសុវត្ថិភាព​ភាគច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ជា​សិស្សសាលា​។
មួកសុវត្ថិភាព​លក់ដាច់​លើស​រាល់ដង ១ គុណ ៤

​ចំពោះ​តម្លៃ​នៃ​មួកសុវត្ថិភាព​វិញ អាជីវករ​វ័យ​ប្រមាណ ៣០ ឆ្នាំ​រូបនេះ ថ្លែងថា ខ្លួន​មិន​ដំឡើងថ្លៃ​ឡើយ បើទោះបីជា​លក់ដាច់​ជាង​រាល់ដង​ក្តី​។ មួកសុវត្ថិភាព​ដែល​អ្នកស្រី សា​វិ​ន លក់​មានតម្លៃ​ចាប់ពី ១ ម៉ឺន​រៀល រហូតដល់ ៦ ម៉ឺន​រៀល​។​

​នៅ​ទល់មុខ​ហាង​លក់​មួកសុវត្ថិភាព​រប​ស់លោក​ស្រី សា​វិ​ន នោះដែរ លោកស្រី ចន្ថា ជា​អាជីវ​ករលក់​ចាប់ហួយ ហើយ​នៅក្នុង​ហាង​របស់​លោកស្រី​ក៏មាន​លក់​មួកសុវត្ថិភាព​ខ្លះ​ដែរនោះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោកស្រី​លក់​មួកសុវត្ថិភាព​ដាច់​ជាង​មុន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​។ អាជីវករ សម្បុរ​ស្រអែម វ័យ ៤៥ ឆ្នាំ​រូបនេះ​អះអាងថា​៖« ពីមុន​ខ្ញុំ​លក់ដាច់ ៣ ឬ ៤ មួក​ក្នុង​មួយថ្ងៃ តែ​ប៉ុន្មាន​ថ្ងៃ​មកនេះ ខ្ញុំ​លក់ដាច់​ជា​មធ្យម​ពី ១០ ទៅ ១៥ មួក​ក្នុង​មួយថ្ងៃ​»​។​
មួកសុវត្ថិភាព​លក់ដាច់​លើស​រាល់ដង ១ គុណ ៤

​លោកស្រី រស់ រដ្ឋា កំពុង​រើស​មើល​មួកសុវត្ថិភាព​ក្នុង​ហាង​របស់​លោកស្រី សា​វិ​ន ដើម្បី​ទិញ​ឲ្យ​កូនស្រី​របស់ខ្លួន បាន​និយាយថា ប៉ុន្មាន​ថ្ងៃ​មកនេះ លោកស្រី​បានឃើញ​ព័ត៌មាន និង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​បង្ហោះ​រូបភាព​នគរបាល​ចរាច​រណ៍​ផាក​ចាប់​ផាកពិន័យ​អ្នកជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព​ច្រើន ហើយ​ខ្លួន​ខ្លាច​នគរបាល​ផាកពិន័យ ក៏​ប្រញាប់​ទិញ​មួ​យក​សុវត្ថិភាព​ឲ្យ​កូនស្រី​អាយុ ៥ ឆ្នាំ​។ « ខ្ញុំ​ត្រូវ​ឌុប​កូនស្រី​មក​សាលា​រាល់ថ្ងៃ​។ ដូច្នេះ​ខ្ញុំ​ទិញ​មួ​យក​ឲ្យ​កូនស្រី កុំ​ឲ្យ​ប៉ូលិស​ចាប់​អស់​លុយ​ច្រើន​»​។ នេះ​ជាការ​បរិយាយ​របស់​ស្ត្រី​ខាងលើ​។​
មួកសុវត្ថិភាព​លក់ដាច់​លើស​រាល់ដង ១ គុណ ៤

​សូមបញ្ជាក់ថា នៅក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ត្រង់​ជំពូក​ទី​៣ មាត្រា​ទី​៨ បាន​ចែងថា ទោចក្រយានយន្ត​អាច​ផ្ទុក​មនុស្ស​២​នាក់ និង​អាច​បន្ថែម​បាន​កុមារ​ម្នាក់​។ អ្នកបើកបរ និង​អ្នករួមដំណើរ ព្រមទាំង​កុមារ​ដែលមាន​អាយុ​៣​ឆ្នាំ​ឡើងទៅ ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​។ តាមច្បាប់​ថ្មី​នេះ បើ​អ្នកបើកបរ​ទោចក្រយាន​មិន​ពាក់មួក​សុវត្ថិភាព នឹងរង​ការពិន័យ​គុណ​នឹង​៥​ដង​នៃ​ច្បាប់​ចាស់ ស្មើនឹង​១៥,០០០​រៀល​៕
មួកសុវត្ថិភាព​លក់ដាច់​លើស​រាល់ដង ១ គុណ ៤

មួកសុវត្ថិភាព​លក់ដាច់​លើស​រាល់ដង ១ គុណ ៤

មួកសុវត្ថិភាព​លក់ដាច់​លើស​រាល់ដង ១ គុណ ៤