បឹងកេតចុះកុងត្រា ជាមួយកីឡាករជនជាតិជប៉ុន ដើម្បីត្រៀមរដូវកាលថ្មី

ភ្នំពេញ៖ ក្រុមចំណាត់ថ្នាក់លេខ៣ នៃលីកកំពូលកម្ពុជាឆ្នាំ២០១៥ បឹងកេតអង្គរ បានទទួលសមាជិកថ្មីម្នាក់ទៀតហើយ គឺ កីឡាករជនជាតិជប៉ុន Kazuki Tatsuta (Kazu) ដើម្បីត្រៀមប្រជែងតំណែង ជើងឯករដូវកាលថ្មី ឆ្នាំ២០១៦នេះ ។

Kazu គឺជាកីឡាករបរទេសមុនគេបានចុះកិច្ចសន្យាលេងឲ្យក្លឹបបឹងកេតអង្គររដូវកាលឆ្នាំ២០១៦នេះ ។ សមាជិកថ្មីរូបនេះនឹងត្រូវលេងក្នុងឋានៈជាកីឡាករពាក់អាវលេខ៧ ជំនួសតំណែងកីឡាករ កែវ សុខផេង ដែលចាកចេញទៅលេងឲ្យក្លឹបជើងឯកលីកកំពូលកម្ពុជាភ្នំពេញក្រោនកាលពីរដូវកាលមុន។

សូមរំឮកថា កាលពីរដូវកាលមុន Kazu បានលេងឲ្យក្លឹបក្រសួងការពារជាតិ ប៉ុន្ដែក្រោយបញ្ចប់កិច្ចសន្យា គេបានបង្ហាញខ្លួនជាមួយក្លឹបបឹងកេតអង្គរ នៅក្នុងយុទ្ធនាការប្រកួតពានរង្វាន់ Toyota Mekong Club Championship 2015 និងជួយក្រុមបឹងកេតអង្គរ ឲ្យឈ្នះជើងឯករងពានរង្វាន់ប្រចាំតំបន់នេះទៀតផង ។

ដោយមើលពីសមត្ថភាពដ៏អស្ចារ្យ ដែលកីឡាករជនជាតិជប៉ុនរូបនេះ បានបង្ហាញក្នុងការប្រកួតទល់នឹងក្រុមជើងខ្លាំង Lao Toyota FC(ឡាវ), Yangon United(មីយ៉ាន់ម៉ា), Becamex Binh Duong(វៀតណាម) និងក្រុមជើងឯកលីកកំពូលថៃ Buriram United ក្នុងវគ្គផ្ដាច់ព្រ័ត្រនោះ ទើបថ្នាក់ដឹកនាំក្លឹបបឹងកេត រួមទាំងគ្រូបង្វឹក សម្រេចជ្រើសយកកីឡាករវ័យ ២៣ឆ្នាំនេះ ធ្វើជាសមាជិកថ្មីតែម្ដង ។

ជាមួយនឹងការចាប់អាជីពបាល់ទាត់ក្នុងក្លឹបបឹងកេតអង្គរនេះ Kazu បាននិយាយថា «ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដែលបានក្លាយជាសមាជិកផ្លូវការរបស់បឹងកេតអង្គរ ពីព្រោះបឹងកេតអង្គរជាក្រុមល្អផ្ដាច់គេនៅកម្ពុជា»។ ជាងនេះទៅទៀតគេបានប្ដេជ្ញាចិត្តថា នឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីជួយក្រុមបឹងកេត ស្វែងរកជ័យជម្នះ និងលើកពានលីកកំពូលកម្ពុជា នារដូវកាលថ្មី ឆ្នាំ២០១៦នេះ ៕

បឹងកេតចុះកុងត្រា ជាមួយកីឡាករជនជាតិជប៉ុន ដើម្បីត្រៀមរដូវកាលថ្មី

បឹងកេតចុះកុងត្រា ជាមួយកីឡាករជនជាតិជប៉ុន ដើម្បីត្រៀមរដូវកាលថ្មី