ការ​នាំ​ចូល​ស្ករ​របស់​វៀតណាម​នឹង​រង​សម្ពាធ​តម្លៃ

ប្រទេស​វៀតណាម ៖ កូតា​នាំ​ចូល​ស្ករ​ចំនួន​៨៦.០០០​តោន​នៅ​អំឡុង​ឆ្នាំ​២០១៦ ខាង​មុខ ក្នុង​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ស្រប​នឹង​លទ្ធភាព​នាំ​ចូល​ពី​ប្រទេស​ឡាវ នឹង​បន្ត​ដាក់បន្ទុក​ដល់​បណ្តា​អ្នក​ផលិត​ស្ករ​ក្នុងស្រុក​របស់​វៀតណាម ។

យោង​តាម​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​ឱ្យ​ដឹង​ថា តាម​ការ​ចេញផ្សាយ​ព័ត៌មាន តម្លៃ​ស្ករ​បាន​កើនឡើង​នា​អំឡុង​ពេល​ថ្មី​ៗ​នេះ ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នៃ​ការ​ធ្វើ​បញ្ជីសារពើភ័ណ្ឌ ចំនួន​៤​ម៉ឺន​តោន​ពី​បរិមាណ​១០​ម៉ឺន​តោន ។ ចំណែក​តម្លៃ​លក់​បោះ​ដុំ គឺ​ស្ថិត​ក្នុង​រង្វង់​១៥.០០០​ដុ​ង (៦៧​សេន​ដុល្លារ​) ក្នុង​ពាក់កណ្តាល​ខែធ្នូ កើនឡើង​១០.០០០​ដុ​ង ធៀប​នឹង​ខែតុលា ។

ទោះជា​យ៉ាងណា សមាគម​ស្ករអំពៅ និង​ស្ករ​វៀតណាម​ឱ្យ​ដឹង​ថា តម្លៃ​ស្ករ​នឹង​លំបាក​ឡើងថ្លៃ​នៅ​ខែ​ខាង​មុខ ស្រប​ពេល​បណ្តា​រោងចក្រ​ផលិត​បាន​ដាំ​ដុះ​ថ្មី​តាំងពី​ពាក់​កណ្តាលខែ ដែល​អាច​ជំរុញ​ការ​ចុះ​បញ្ជីសារពើភ័ណ្ឌ​ក្នុង​ពេល​ឆាប់​ៗ​នេះ ។

ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម នឹង​ដឹកនាំ​ការ​ស្នើ​សុំ​កូតា​នាំ​ចូល​ស្ករ​នៅ​ឆ្នាំ​ក្រោយ សម្រាប់​ជំនួស​ការ​ផ្តល់​វិភា​ជន៍​របស់​ខ្លួន​ដូច​ឆ្នាំ​មុន​ៗ​ដែរ ដើម្បី​ធានា​បាន​នូវ​តម្លាភាព ។ កាលពី​ពេល​មុន សមាគម​បាន​ស្នើការ​នាំ​ចូល​ស្ករ​ឆៅ​គួរតែ​ជា​អាទិភាព ។

ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ឧស្សាហកម្ម​ស្ករ​បាន​ពុះពារ​ជាមួយ​ការ​ចុះ​បញ្ជីសារពើភ័ណ្ឌ​ក្នុង​កម្រិត​ខ្ពស់ និង​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ហាងឆេង​ផង​ដែរ ដែល​បាន​បន្ថែម​សម្ពាធ​ការ​នាំ​ចូល និង​លួច​រត់ពន្ធ​ស្ករ ជាដើម ។

ក្នុង​អំឡុង​ឆ្នាំ​២០១៥ វៀតណាម​បាន​នាំ​ចូល​ស្ករ​ចំនួន​៨១.០០០​តោន​នៅ​ក្នុង​កូតា​របស់ WTO និង​៥​ម៉ឺន​តោន​ផ្សេង​ទៀត​ជា​ស្ករ​របស់​ក្រុមហ៊ុន Hoang Anh Gia Lai ដែល​ផ្គត់ផ្គង់​ក្នុង​ប្រទេស​ឡាវ​ក្នុង​អត្រាពន្ធ​២,៥% ។

កាលានុវត្តភាព​ក្នុង​កិច្ចព្រមព្រៀង TPP ចំពោះ​ផលិតផល​នេះ ៖
តម្រូវការ​ស្ករ​ពី​បណ្តា​ប្រទេស​សមាជិក​នៃ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (TPP) ត្រូវ​បាន​គេ​ព្យាករ​ទុក​ថា នឹង​មាន​ចំនួន​៩​លាន​តោន​ក្នុង​មួយ​ឆ្នាំ ដែល​ផ្តល់​នូវ​កាលានុវត្តភាព​សម្រាប់​ឧស្សាហកម្ម​ក្នុងស្រុក​សម្រាប់​ពង្រីក​ការ​នាំ​ចេញ​របស់​ខ្លួន ។

ទោះជា​យ៉ាងណា ការ​ប្រកួតប្រជែង​នឹង​កើត​មាន​ខ្លាំងក្លា ស្រប​ពេល​ដែល​វៀតណាម​ចាំបាច់​ត្រូវ​ផ្លាស់​ប្តូរ​ថ្មី ឬ​លុប​បំបាត់​ចោល​នូវ​តារាង​បង់ពន្ធ​នាំ​ចូល​ស្ករ​ក្រោម​កិច្ចព្រមព្រៀង TPP ក្នុង​រយៈពេល​១១​ឆ្នាំ ពី​អត្រា​ហូត​យកពន្ធ​បច្ចុប្បន្ន ២៥% និង​៤០% សម្រាប់​ស្ករ​ឆៅ និង​ស្ករ​ចម្រាញ់​រួចរាល់ ។

ក្នុង​ចំណោម​បណ្តា​ប្រទេស​សមាជិក TPP សហរដ្ឋអាមេរិក ម៉ិ​ក​ស៊ិ​ក និង​អូស្ត្រាលី គឺជា​អ្នក​ផលិត​ស្ករ​ធំ​ជាងគេ ។

អ្នកជំនាញ​បាន​ជំរុញ​ឧស្សាហកម្ម​ក្នុង ស្រុក​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ផលិតភាព និង​គុណភាព ខណៈ​ការ​កាត់ថ្លៃ​ចំណាយ​អាច​នឹង​ប្រជែង​ជាមួយ​ការ​នាំ​ចូល​ទីផ្សារ​ក្នុងស្រុក ។

ថ្នាក់ដឹកនាំ​មហាវិទ្យាល័យ​សេដ្ឋកិច្ច​របស់​សាកលវិទ្យាល័យ​កសិកម្ម និង​ព្រៃឈើ​ក្រុង​ហូ​ជី​មិ​ញ លោក Nguyen Van Ngai ថ្លែង​ថា ៖ « វា​ជា​ពេលវេលា​ដែល​ឧស្សាហកម្ម​ស្ករ​ក្នុងស្រុក ត្រូវធ្វើ​ឲ្យ​ប្រសើរ​ឡើង​ហើយ » ។

គួរ​បញ្ជាក់​ដែរ​ថា ប្រទេស​វៀតណាម​មាន​ផ្ទៃដី​ដាំ​ដុះ ដែល​គេ​បាន​ព្យាករ​ទុក​ក្នុង​រង្វង់​៣០​ម៉ឺន​ហិ​កតា ជាមួយនឹង​ទិន្នផល​ដែល​ប្រមូល​បាន​ក្នុង​រង្វង់​២០​លាន​តោន ៕