រោងចក្រ​ផលិត​ស្ករស​ធំ​ជាងគេ​លើ​ពិភពលោក នឹង​ដំណើរការ​នៅ​កម្ពុជា​ដើមឆ្នាំ​នេះ

ខេត្តព្រះវិហារ ៖ រោងចក្រ​ផលិត​ស្ករស​ដែល​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន និង​ចាត់ទុកជា​រោងចក្រ​ផលិត​ស្ករស​ធំ​ជាងគេ​លើ​ពិភពលោក នឹង​ចាប់ផ្ដើម​ផលិត​សាកល្បង​នៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៦ នេះ ដោយ​រំពឹង​ថា អាច​មាន​សមត្ថភាព​ផលិត​ស្ករស​បាន​ជាង​១​ពាន់​តោន​ក្នុង​មួយ​ថ្ងៃ ជាមួយនឹង​ចម្ការ​អំពៅ​ដែល​បាន​ដាំ​ដុះ​រួចរាល់​ចំនួន​១៣.០០០​ហិ​កតា ដោយ​ចំណាយ​ទុន​ជាង​១​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​តាម​ការ​អះអាង​ពី​រដ្ឋមន្ត្រីក្រសួង សិប្បកម្ម និង​សិប្បកម្ម​កម្ពុជា ។

ក្នុង​ដំណើរ​ទស្សនកិច្ច​ពិនិត្យ​រោងចក្រ​ផលិត​ស្ករស និង​ចម្ការ​អំពៅ​របស់​ក្រុមហ៊ុន​រ៉ូ​យ​ហ្វេ​ង ក្នុងស្រុក​ឆែប ខេត្តព្រះវិហារ កាលពី​ថ្ងៃ​ទី​២៣ ធ្នូ លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​មាន​ប្រសាសន៍​៖ « ប្រទេស​កម្ពុជា នឹង​មាន​រោងចក្រ​ផលិត​ស្ករស​ធំ​ជាងគេ​នៅ​លើ​ពិភពលោក​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដើម្បី​ផលិត​ស្ករស​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ហើយ​កសិករ​កម្ពុជា​គួរតែ​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ការ​ជំរុញ​ដំណើរការ​នេះ » ។

លោក​ទេស​រដ្ឋមន្ត្រី​បន្ត​ថា ៖ « ប្រជា​កសិករ​ក្នុង​មូលដ្ឋាន គួរតែ​សហការ​ជាមួយ​ក្រុមហ៊ុន​ដើម្បី​ដាំ​ដំណាំ​អំពៅ​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​សម្រាប់​ផលិត​ស្ករស ព្រោះថា​ដំណាំ​អំពៅ​អាច​ទទួល​បាន​ទិន្នផល​ច្រើន​ជាង​៣​ដង ធៀប​នឹង​ទិន្នផល​ដំណាំ​ស្រូវ ជា​ពិសេស​ក្រោយ​ពី​ការ​ចម្រាញ់​យកជាតិ​ស្ករ​ពី​អំពៅ កាក​សំណល់​ទាំងអស់​ដែល​ចេញពី​រោងចក្រ អាចយ​កមក​ផលិត​ជីធម្មជាតិ និង​អគ្គិសនី​បន្ថែម​ទៀត » ។ 

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ហ៊ឹង​ហ៊ូ ស៊ូ​ហ្កឺ​គ្រុប លោក លាវ ចុង​ស៊ែ​ង បាន​មាន​ប្រសាសន៍ថា ៖ « គោលបំណង​នៃ​ការ​អភិវឌ្ឍ​ដំណាំ​អំពៅ​នៅ​ប្រទេស​កម្ពុជា គឺ​ដើម្បី​រួមចំណែក​អូស​ទាញ​សង្វា​ក់​សេដ្ឋកិច្ច ដោយសារ​ឧស្សាហកម្ម​នាំ​មក​នូវ​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ និង​បង្កើត​តម្លៃ​ផលិតកម្ម ព្រមទាំង​ចំណូល​ប្រាក់​ពន្ធ​បន្ថែម​ទៀត​ដល់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ។ ក្នុង​មួយ​ថ្ងៃ ក្រុមហ៊ុន​ត្រូវការ​អំពៅ​ចូល​ក្នុង​រោងចក្រ​ចំនួន​២​ម៉ឺន​តោន​ដើម្បី​កិន និង​ចម្រាញ់​យក​ស្ករស ហើយ​ក្នុង​មួយ​ថ្ងៃ​រោងចក្រ​របស់​យើង​អាច​ទទួល​បាន​ស្ករស​រហូត​ដល់​ជាង​១​ពាន់​តោន​ឯណោះ​សម្រាប់​ចែកចាយ​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ » ។

លោក​បន្ត​ថា ៖ « បច្ចុប្បន្ន​នេះ ក្រុមហ៊ុន មួយ​ចំនួន​នៅ​បណ្ដា​ប្រទេស​លើ​សកលលោក ក៏​បាន​ធ្វើការ​កក់ និង​ចុះ​កុងត្រា​ទិញ​ផលិតផល​ស្ករស​ពី​ប្រទេស​កម្ពុជា​យក​ទៅ​លក់​នៅ​បណ្ដា​ប្រទេស​របស់​គេ​ផង​ដែរ នៅ​ពេល​ដែល​រោងចក្រ​នេះ​ចាប់ផ្ដើម​ដំណើរការ​ផលិត​នៅ​ពេល​ខាង​មុខ » ។

អភិបាល​ខេត្តព្រះវិហារ លោក អ៊ុំ ម៉ា​រ៉ា បាន​មាន​ប្រសាសន៍​ដែរ​ថា ៖ « ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​អំពៅ​កន្លង​ទៅ បាន​ជួប​ផល​ប៉ះពាល់​ដីធ្លី​ជាមួយ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន តែ​ដោយសារ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល អាជ្ញាធរ​ខេត្តព្រះវិហារ​ក៏​បាន​សម្របសម្រួល ព្រមទាំង​ខ្វៀល​ដី​ដែល​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន​ចេញ​ដើម្បី​ផ្ទេរសិទ្ធិ​ឱ្យ​ពលរដ្ឋ​វិញ​ផង​ដែរ » ។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ លោក​ពឹង ទ្រី​ដា បាន​មាន​ប្រសាសន៍​ថា ៖ « សព្វថ្ងៃ​ចម្ការ​អំពៅ​ចំនួន​ជាង​៤២.០០០​ហិ​កតា ស្ថិត​នៅ​ស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ក្រុង​ជ័យ​សែន ខេត្តព្រះវិហារ ត្រូវ​បាន​ក្រុមហ៊ុន​ចំនួន​៥ ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ហ៊ឹង​ហ៊ូ ស៊ូ​ហ្កឺ​គ្រុប ដាំ​ដុះ​រួម​គ្នា រួម​មាន​ក្រុមហ៊ុន​រ៉ូ​យ​ហ្វេ​ង ក្រុមហ៊ុន​ឡាន​ហ្វេ​ង ក្រុម​ហ៊ុន​ហេង​រ៉ូ​យ ក្រុមហ៊ុន ហេង​យូ និង​ក្រុមហ៊ុន​ហេង​ណុ​ង ហើយ​ដាំ​បាន​ចំនួន​១៣.០០០​ហិ​កតា ព្រមទាំង​មាន​គម្រោង​ដាំ​ជាង​១​ម៉ឺន​ហិ​កតា​ទៀត​នៅ​ឆ្នាំ​២០១៦ » ។

គួរ​បញ្ជាក់​ថា ការ​អភិវឌ្ឍ​ដំណាំ​អំពៅ​របស់​ក្រុមហ៊ុន​ចិន​ហ៊ឹង​ហ៊ូ ស៊ូ​ហ្កឺ​គ្រុប បាន​ចាប់ផ្ដើម​តាំងពី​ឆ្នាំ​២០១២​មក​ម្ល៉េះ ចំណែក​រោងចក្រ​ផលិត​ស្ករស​ដ៏​ធំ​នេះ​បាន​ចាប់ផ្ដើម​សាង​សង់​ចាប់ពី​ខែមិថុនា ២០១៤ ដែល​រហូត​ដល់​ពេល​នេះ ការ​សាងសង់​រោងចក្រ​សម្រេច​បាន​ប្រមាណ​៥០​ភាគរយ​ហើយ ហើយ​គ្រោង​នឹង​ដំណើរការ​ផលិត​ស្ករស​សាកល្បង​ជំហាន​ដំបូង​នៅ​ខែកុម្ភៈ ឆ្នាំ​នេះ ។

ខេត្តព្រះវិហារ​ជា​ទឹកដី​សម្បូរ​ដោយ​សក្តានុពល​ផ្នែក​កសិកម្ម ឧស្សាហកម្ម និង​ទេសចរណ៍ និង​ផ្តោត​ទៅ​លើ​កសិកម្ម ។ ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ចិន​ដ៏​ធំ​នា​ពេល​នេះ គឺ​ធ្វើ​ឲ្យ​វិនិយោគិន​បរទេស​កាន់តែ​មាន​ចំណាប់អារម្មណ៍ និង​មាន​ទំនុកចិត្ត​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ថែម​ទៀត ។

គួរ​រំឭក​ថា ក្រុមហ៊ុន​មួយ​នេះ​បាន​ទទួល​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​ធ្វើការ​អភិវឌ្ឍ​ដំណាំ​អំពៅ​នៅ​ឆ្នាំ​២០១១ ហើយ​បាន​ឈូស​ឆាយដី​ដើម្បី​ដាំ​អំពៅ​ជា​បន្តបន្ទាប់ ។ ដំណាំ​អំពៅ​អាច​ប្រមូល​បាន​ចំណូល​ច្រើន​ជាង​ការ​ធ្វើស្រែ​ចម្ការ ដោយ​ក្នុង​១​ហិ​កតា​អាច​ប្រមូល​ផល​បាន​ដល់​ទៅ​១០០​តោន​ក្នុង​១​ឆ្នាំ ហើយ​ការ​ដាំ​ដុះ​ម្តង អាច​ប្រមូល​ផល​បាន​៤ ទៅ​៥​ដង ។ នេះ​បើ​តាម​តំណាង​ក្រុមហ៊ុន​ចិន​អភិវឌ្ឍន៍​ដំណាំ​ចម្ការ​អំពៅ​ដែល​បាន​លើក​ឡើង​កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០១៤​កន្លង​មក ។

តំណាង​ក្រុមហ៊ុន​បញ្ជាក់​ទៀត​ថា កន្លង​ទៅ​ក្រុមហ៊ុន​បាន​ធ្វើការ​ជ្រើសរើស ពលរដ្ឋ​ក្នុង​ខេត្តព្រះវិហារ ចំនួន​៣៣​នាក់​រួច​មក​ហើយ ដើម្បី​បញ្ជូន​ពលរដ្ឋ​ទាំង​អស់នោះ​ទៅ​សិក្សា​អំពី​បច្ចេកទេស​ដាំ​ដំណាំ​អំពៅ និង​បច្ចេកទេស​ផលិត​ស្ករស​នៅ​ប្រទេស​ចិន​រយៈពេល​១​ឆ្នាំ ដោយ​ក្រុមហ៊ុន​បាន​ធានា​រ៉ាប់រង ព្រមទាំង​មាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ដល់​ពលរដ្ឋ​ថែម​ទៀត​។

មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​ចិន បាន​ធ្វើការ​ជ្រើសរើស​ពលរដ្ឋ​ទៅ​សិក្សា​បច្ចេកទេស​ដំណាំ​អំពៅ និង​បច្ចេកទេស​ផលិត​ស្ករស ជំ​ហ៊ាន​ទី​២​ចំនួន​៥០​បន្ថែម​ទៀត​។ បន្ទាប់​ពី​ការ​សាងសង់​រោងចក្រ​ផលិត​ស្ករស​រួចរាល់ ពលរដ្ឋ​ដែល​បាន​សិក្សា​បច្ចេកទេស​នៅ​ប្រទេស​ចិន ត្រូវ​វិល​ត្រឡប់​មក​បំពេញភារកិច្ច​នៅ​ក្នុង​រោងចក្រ    ផលិត​ស្ករស​តែ​ម្តង ហើយ​ក្រុមហ៊ុន​តម្រូវការ​កម្មករ​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​ចាប់ពី​១​ពាន់​ទៅ​២​ពាន់​ឯណោះ ។

ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​អំពៅ​នេះ គ្រោង​នឹង​ផ្តល់​នូវ​ពូជអំពៅ​ដល់​ប្រជាពលរដ្ឋ​ណា ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ដាំ​ដំណាំ​អំពៅ បន្ទាប់​ពី​ទទួលផល​បាន ក្រុមហ៊ុន​និង​ទិញ​ពី​ប្រជាពលរដ្ឋ​វិញ ក្នុង​តម្លៃ ១​តោន​ចាប់ពី​៣៥​ដុល្លារ ទៅ​៤០​ដុល្លារ​អា​មេ​រិ​ក ។ ក្រុមហ៊ុន​មាន​គម្រោង​ធ្វើការ​សាងសង់​សាលារៀន មន្ទីរពេទ្យ ដើម្បី​រួមចំណែក កាត់​បន្ថយ​ភាព​ក្រីក្រ​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ផង​ដែរ ។ នេះ​បើ​តាម​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ លោក ពឹង ទ្រី​ដា បាន​លើក​ឡើង​កន្លង​មក ។

ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បាន​សម្ដែង​ទឹកចិត្ត​សប្បាយ​រីករាយ និង​គាំទ្រ​ការ​អភិវឌ្ឍ​ដំណាំ​អំពៅ​របស់​ក្រុមហ៊ុន​ចិន ដើម្បី​ជា​ប្រយោជន៍ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មានការ​ងារ​ធ្វើ និង​បញ្ចៀស​បានការ​ធ្វើ​ចំណាកស្រុក​ផង​ដែរ ៕