​អធិការនគរបាល​ទើប​តែងតាំង​ថ្មី​មិន​បង្ក្រាប​ល្បែងស៊ីសង​ព្រោងព្រាត​ក្នុងស្រុក​មង្គលបុរី​

បន្ទាប់ពី​មានការ​រិះគន់​ជា​បន្ត​បន្ទាប់ពី​ប្រជាពលរដ្ឋ​មក​នោះ លោក ឡុង ពុន អភិបាលស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា បញ្ហា​ល្បែងស៊ីសង​លោក​ពិតជា​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ហើយ​លោក​បាន​ប្រាប់​ឱ្យកម្លាំង​មាន​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប​ដែរ តែ​មិនទាន់​ដឹងថា យ៉ាងណា​នៅឡើយ​។ តែ​ប្រជាពលរដ្ឋ​ស្រុក​មង្គល​ល​បុរី​បាន​បញ្ជាក់ថា បើទោះជា​លោក ឡុង ពុន អភិបាលស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ បាន​សន្យា​បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចុះបង្ក្រាប​ល្បែងស៊ីសង​យ៉ាងណាក៏ដោយ ក៏​រហូតមក​ដល់ពេលនេះ​បន​ល្បែងស៊ីសង​នៅក្នុង​ស្រុក​មង្គលបុរី​នៅតែ​បន្ត​បើក​ដំណើរការ​យ៉ាង​រលូន​ដដែល​។​

​ប្រជាពលរដ្ឋ​ស្រុក​មង្គលបុរី​បាន​រាយការណ៍​មក​ថា បន​ល្បែង​បញ្ជល់មាន់​មាន​២​កន្លែង​នៅក្នុង​ស្រុក​មង្គលបុរី ហើយ​បញ្ជល់​១​សប្តាហ៍​២​ថ្ងៃ មាន​ថ្ងៃ​អង្គារ និង​ថ្ងៃ​ព្រហស្បតិ៍ ដែល​ស្ថិតនៅ​ក្នុងភូមិ​ដង​រុន ឃុំ​ដង​រុន ស្រុក​មង្គលបុរី និង​មួយកន្លែង​ទៀត​គេ​បញ្ជល់​ថ្ងៃ​ចន្ទ និង​ថ្ងៃ​ពុធ ស្ថិត​ភូមិ​អូរអណ្តូង​កើត ឃុំ​បន្ទាយ​នាង ស្រុក​មង្គលបុរី​។ ប្រភព​ដដែល​បាន​បន្ថែមថា​ក្នុងស្រុក​មង្គលបុរី មិន​ត្រឹម​តែមាន​បន​ល្បែង​បញ្ជល់មាន់​នោះទេ តែ​ថែមទាំង​មាន​បន​ល្បែងស៊ីសង​ជាច្រើន​ផ្សេងទៀត​ដូចជា​លេង​អាប៉ោង បៀ កន្ទុយលេខ និង​ភ្នាល់​កីឡាប្រដាល់​តាម​តូប​កាហ្វេ យ៉ាង​អនាធិបតេយ្យ​។​

ចំពោះមុខ​បញ្ហា​នេះ លោក ស៊ី ឌី អធិការ​នគ​បាល​ស្រុក​មង្គលបុរី​ដែល​ទើប​តែងតាំង​ថ្មី​បាន​ថ្លែង​ការពារ​ខ្លួន​ថា បញ្ហា​ល្បែងស៊ីសង​ដែល​កើតមាន​លោក​មិនទាន់​បានដឹង​នោះទេ តែ​ក្រោយពេល​បានដឹង​ហើយ​លោក​នឹង​ចុះទៅ​បង្ក្រាប​។ ប្រជាពលរដ្ឋ​ស្រុក​មង្គលបុរី​បាន​រិះគន់ថា ករណី​មាន​ល្បែងស៊ីសង​យ៉ាង​អនាធិបតេយ្យ​គេ​សង្ស័យ​ម្ចាស់​បន​ល្បែង​បាន​បង់ប្រាក់​ជូន​សមត្ថកិច្ច​ខិលខូច ខណៈ​បទល្មើស​ចោរលួច​ម៉ូតូ និង​ចោរ​គាស់​ផ្ទះ​កើនឡើង​។​

​ប្រជាពលរដ្ឋ​ស្រុក​មង្គលបុរី​បាន​បញ្ជាក់ថា បើ​លោក ស៊ី ឌី អធិការ​នគ​បាល​ស្រុក​មង្គលបុរី​ដែល​ទើប​តែងតាំង​ថ្មី​បាន​ថ្លែង​ការពារ​ខ្លួន​ថា​មិន​បានដឹង​ពី​ករណី​បន​ល្បែង​ក្នុងស្រុក​មង្គលបុរី​វា​មិនមែនជា​ការពិត ហើយក៏​មិនអាច​ទទួលយកបាន​នោះទេ ព្រោះ​សូម្បីតែ​ប្រជាពលរដ្ឋ​ធម្មតា​ក៏បាន​ដឹង​ពី​ទីតាំង​បន​ល្បែង​ផងដែរ ដូច្នេះ លោក ស៊ី ឌី ជាម​ន្ត្រី​មាន​សមត្ថកិច្ច​គប្បី​ដឹង​ច្បាស់​ពី​បញ្ហា​ខាងលើនេះ​ច្រើនជាង​ប្រជាពលរដ្ឋ​។ ប្រភព​ដដែល​បាន​សង្កត់ធ្ងន់ថា បញ្ហា​នៅត្រង់ថា​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​បន​ល្បែង​ដើម្បី​រក្សា​ផលប្រយោជន៍​អ្វីមួយ​មិន​ខាន​៕

IMG_1695