សណ្ឋាគារ​ដែល​រង​អគ្គិភ័យ​នៅ​ឌុយបៃ នឹង​ត្រូវ​«ជួសជុល​ទាំង​ស្រុង»​ឡើង​វិញ


«Emaar Properties» ក្រុមហ៊ុនអចលវត្ថុដ៏ធំ​នៅក្រុង ឌុយបៃ បានសន្យាកាលពីថ្ងៃ​សៅរ៍​នេះ ថា​នឹង​ធ្វើការ​​ជួសជុល​​ឲ្យ​​ដូច​​សភាព​​ដើម ដ៏​​ល្​អ​ស្កឹមស្កៃ នៃសណ្ឋាគារទំនើប កំពស់ដ៏ខ្ពស់​របស់ខ្លួន ដែលត្រូវ​បាន​ព្រះអគ្គិ​លេប​ត្របាក់ កាល​ពីយប់​​ចូល​ឆ្នាំថ្មី​​កន្លង​​ទៅ។
សណ្ឋាគារ​ដែល​រង​អគ្គិភ័យ​នៅ​ឌុយបៃ នឹង​ត្រូវ​«ជួសជុល​ទាំង​ស្រុង»​ឡើង​វិញ

ទិដ្ឋភាពនៃអគ្គិភ័យឆេះសណ្ឋាគារ «The Address Downtown» ក្នុងក្រុងឌុយបៃ។ (រូបថតទ្វីសធើរ)

«យើងបានកំណត់ច្បាស់ហើយ ថានឹងជួសជុលសភាពដើម ដ៏ល្អស្កឹមស្កៃ របស់សណ្ឋាគារឡើងវិញ ហើយថែម​ទាំងបំពាក់បន្ថែម នូវប្រដាប់ប្រដាទាំងឡាយ ដែលលើសពីរចនាបទ នៃស្ថាបត្យកម្មនោះទៀត» នេះ​ជា​ការ​អះអាង នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់លោក មហាមេដ អាឡាបារ (Mohamed Alabbar) អគ្គនាយក​ក្រុមហ៊ុន «Emaar Properties» ដែលធ្វើអាជីវកម្ម លើសណ្ឋាគារ «The Address Downtown»។

សណ្ឋាគារដ៏ទំនើប និងមានកំពស់ដ៏ខ្ពស់ នៃក្រុងឌុយបៃ ឈ្មោះ «The Address Downtown» បាន​រង​គ្រោះ​ធ្ងន់ធ្ងរ នឹងគ្រោះអគ្គិភ័យ កាលពីយប់ចូលឆ្នាំសកល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ចូលមកថ្ងៃទី១ ខែ​មករា ឆ្នាំ២០១៦។ ប៉ុន្តែលោក អាឡាបារ មិនបានផ្ដល់ព័ត៌មានលំអិតអ្វីបន្ថែម ពីគ្រោះអាក្រក់នេះ ហើយ​ក៏មិន​បានរៀបរាប់ ពីមូលហេតុដែលបង្ក ឲ្យមានអគ្គិភ័យកើតឡើងដែរ។ លោក គ្រាន់តែបាន​បន្ថែម​យ៉ាង​ខ្លី​ថា៖ «កាលវិភាគ និងគម្រោងប្លង់នៃការជួសជុល នឹងត្រូវជម្រាបជូនឲ្យដឹង នៅពេលវាមានរូបរាង​ជា​ស្ថាពរ»។

សណ្ឋាគារ​ដែល​រង​អគ្គិភ័យ​នៅ​ឌុយបៃ នឹង​ត្រូវ​«ជួសជុល​ទាំង​ស្រុង»​ឡើង​វិញ

កាលពីថ្ងៃសុក្រកន្លងមកនេះ ការិយាល័យផ្ដល់ព័ត៌មាន របស់រដ្ឋាភិបាល បានបញ្ជាក់ នៅក្នុង​សេចក្ដី​ជូន​ដំណឹង​មួយ​ថា៖ «អាជ្ញាធរផ្នែកសន្តិសុខ កំពុងធ្វើការស៊ើបអង្កេត ពីករណីអគ្គិភ័យនេះ ដើម្បីរកឲ្យឃើញ ពី​មូលហេតុ និង​ពី​ដំណើរ​ការ នៃ​ហេតុ​ការណ៍»។

អគ្គិភ័យ ក្នុងយប់ថ្ងៃចូលឆ្នាំសកល បានឆាបឆេះ យ៉ាងសន្ធោសន្ធៅ ប៉ុន្តែមិនមានគ្រោះថ្នាក់ធំដុំណាមួយ ត្រូវបាន​គេរាយការណ៍ ឲ្យដឹងទេ។ អាជ្ញាធរបានអះអាងថា មានមនុស្សតែ១៦នាក់ប៉ុណ្ណោះ ដែលបានរង​របួស​ស្រាល ពីព្រឹត្តិការណ៍ខាងលើ៕

» សណ្ឋាគារដ៏ទំនើប «The Address Downtown» នៅក្នុងសភាពល្អស្អាត និងទំនើប៖

សណ្ឋាគារ​ដែល​រង​អគ្គិភ័យ​នៅ​ឌុយបៃ នឹង​ត្រូវ​«ជួសជុល​ទាំង​ស្រុង»​ឡើង​វិញ