ម៉ិកស៊ិក៖ បាញ់​សម្លាប់​ស្ត្រី​អភិបាល​ក្រុង ដែល​ទើប​ជាប់​ឆ្នោត​ថ្មីៗ

កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍មុន ជនប្រដាប់ដោយអាវុធមួយក្រុម បានបាញសម្លាប់អ្នកស្រីអភិបាលក្រុង «Temixco» (ភាគកណ្ដាលនៃប្រទេសម៉ិកស៊ិក) បន្ទាប់ពីអ្នកស្រីទើបនឹងជាប់ឆ្នោត ជាអភិបាលក្រុងនេះថ្មី។ អាជ្ញាធរម៉ិកស៊ិក បានហៅទង្វើនេះ ថាជាឧក្រិដ្ឋកម្ម ដែលមានគម្រោងទុកជាមុន ដ៏​សាហាវ​ឃោឃៅ​មួយ។
ម៉ិកស៊ិក៖ បាញ់​សម្លាប់​ស្ត្រី​អភិបាល​ក្រុង ដែល​ទើប​ជាប់​ឆ្នោត​ថ្មីៗ
អ្នកស្រី ជីសឺឡា ម៉ូតា ដែលទើបនឹងជាប់ជាអភិបាលក្រុង «Temixco»។ (រូបថតទ្វីសធើរ)

លោក ហ្គ្រាកូ រ៉ាមៀរ៉េ (Graco Ramirez) អភិបាលរដ្ឋ «Morelos» ដែលជារដ្ឋមួយ ស្ថិតនៅភាគ​កណ្ដាល នៃប្រទេសម៉ិកស៊ិក បានអះអាងពីអំពើ បាញ់សម្លាប់អ្នកស្រី ជីសឺឡា ម៉ូតា (Gisela Mota) អាយុ​៣៣ឆ្នាំ ទើប​ជាប់ឆ្នោតជាអភិបាលក្រុង «Temixco» ដោយបានវាយតម្លៃទម្លៃទង្វើនេះ ថាជា«អំពើភេរវកម្ម»។ លោក​បាន​អះអាងទៀតថា ជនសង្ស័យជាច្រើន ត្រូវបានឃាត់ខ្លួន។

ការចូលកាន់តំណែង របស់អ្នកស្រី ម៉ូតា បានធ្វើឡើងមិនទាន់ទាំងបាន ២៤ម៉ោងត្រឹមត្រូវផង ជនប្រដាប់​អាវុធ​មួយក្រុម បានចូលទៅក្នុងផ្ទះអ្នកស្រី កាលពីថ្ងៃសៅរ៍ ហើយបានបើកការបាញ់រៈ សំដៅ​មនុស្ស​ជា​ច្រើន​នៅ​ទីនោះ រួមទាំងអ្នកស្រី ម៉ូតា ផង។ នេះបើតាមការអះអាង របស់ប្រភពដែលស្និតនឹងនគរបាល។

ក្រុង «Temixco» ដែលស្ថិតនៅ៩០គីឡូម៉ែត្រ ខាងត្បូងរដ្ឋធានី ម៉ិកស៊ិកូ របស់ប្រទេស នៃទ្វីបអាមេរិក​កណ្ដាល​មួយនេះ ជាក្រុងដែលមានឈ្មោះល្បីល្បាញ ខាងប្រជុំបទល្មើស តាមរយៈក្រុមជនប្រដាប់អាវុធ ដែល​មាន​ជំនាញ​យ៉ាង​ពិសេសៗ នៅក្នុងបណ្ដាញជួញដូរគ្រឿងញៀន។ បណ្ដាញជនល្មើស នៅក្នុង​ក្រុង​នេះ បាន​បង្ក​ភាព​ស្មុគ្រស្មាញ​ជារឿយៗ ដល់អាជ្ញាធរតំបន់មិនតិចឡើយ។

ពីក្នុងបណ្ដាញនោះ មានក្រុមមួយឈ្មោះ «Guerreros Unidos» ដែលធ្លាប់ជាប់សង្ស័យ ថាជាអ្នក​ទទួល​ខុសត្រូវ ក្នុងការបាត់ខ្លួននិស្សិតចំនួន៤៣នាក់ ក្នុងរដ្ឋ «Guerrero» កាលពីខែកញ្ញា ឆ្នាំ២០១៤កន្លងទៅ។

លោកអភិបាលរដ្ឋ ហ្គ្រាកូ រ៉ាមៀរ៉េ បានថ្លែងព្រមានថា ជនដែលសម្លាប់អ្នកស្រី ម៉ូតា នឹងមិនរួចខ្លួន​ជា​ដាច់​ខាត់។ ប៉ុន្តែ ពលរដ្ឋនៅក្នុងរដ្ឋ «Morelos» ទាំងមូល កំពុងរង់ចាំមើល ពីប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ របស់​មន្ត្រី​នគរបាល​តំបន់ ដែលកំពុងស្ថិត​​ជាក្ដីមន្ទិលនៅឡើយ៕