អ្នក​កាសែត​៣​នាក់​ចោទ​សន្តិសុខ​កាស៊ីណូ​នៅ​ប៉ៃលិន​គំរាម​សម្លាប់​ពេល​យក​ព័ត៌មាន

អ្នក​កាសែត​ក្នុង​ស្រុក​ចំនួន ៣​រូប ចោទ​ប្រកាន់​កង​សន្តិសុខ​របស់​ភរិយា​ម្ចាស់​កាស៊ីណូ​កាឡាក់ស៊ី ហ្គោល (GALAXY Gold) គំរាម​សម្លាប់ និង​បង្ខំ​ឲ្យ​លុប​រូបភាព​ចោល ខណៈ​ពួក​គេ​ចុះ​យក​ព័ត៌មាន​ដែល​បុគ្គលិក​តវ៉ា​នៅ​មុខ​កាស៊ីណូ​នេះ នៅ​ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន កាល​ពី​យប់​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៦ ប៉ុន្តែ​មន្ត្រី​កង​សន្តិសុខ​របស់​កាស៊ីណូ បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

ក្រុម​អ្នក​កាសែត​ទាំង​នោះ សម្ដែង​ការ​មិន​ពេញ​ចិត្ត​ទៅ​នឹង​កម្លាំង​កង​សន្តិសុខ ព្រម​ទាំង​ភរិយា​ម្ចាស់​កាស៊ីណូ​កាឡាក់ស៊ី ហ្គោល ថា​ជា​ទង្វើ​មួយ​គំរាម​កំហែង បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។

អ្នក​យក​ព័ត៌មាន​ឲ្យ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ ប្រចាំ​ខេត្ត​បាត់ដំបង លោក សុខ ផានិត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៦ ថា កង​សន្តិសុខ ព្រម​ទាំង​ស្ត្រី​ម្នាក់​ដែល​អះអាង​ប្រាប់​លោក​ថា រូប​គាត់​ជា​ភរិយា​របស់​លោក​ឧកញ៉ា ជា ពា ម្ចាស់​ភាគហ៊ុន​កាស៊ីណូ​កាឡាក់ស៊ី ហ្គោល បាន​គំរាម​សម្លាប់ និង​លុប​រូបភាព​របស់​អ្នក​កាសែត​ចំនួន ៣​រូប​ចោល។ អ្នក​យក​ព័ត៌មាន​ទាំង​បី​រូប​នោះ​រួម​មាន លោក ឈុន លាង អ្នក​យក​ព័ត៌មាន​ឲ្យ​ទូរទស្សន៍ អឹម.អេស.ហ៊្សេ (MSG TV) លោក រៀម សាលី អ្នក​យក​ព័ត៌មាន​ឲ្យ​ទូរទស្សន៍​អប្សរា អេ.អិន.អិន (APSARA ANN) ប្រចាំ​ខេត្ត​បាត់ដំបង និង​លោក សុខ ផានិត អ្នក​យក​ព័ត៌មាន​ឲ្យ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ ខណៈ​ពួក​គាត់​យក​ព័ត៌មាន​ដែល​ក្រុម​បុគ្គលិក​កាស៊ីណូ​នេះ តវ៉ា​អំពី​ការ​រំលោភ​សិទ្ធិ​ការងារ​ពី​សំណាក់​ថៅកែ ធ្វើ​ការ​ច្រើន​ម៉ោង​តែ​ទទួល​ប្រាក់​ខែ​តិច តវ៉ា​នៅ​មុខ​កាស៊ីណូ​កាឡាក់ស៊ី ហ្គោល ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន កាល​ពី​យប់​ថ្ងៃ​ទី​២ មករា កន្លង​ទៅ។

លោក សុខ ផានិត អំពាវនាវ​សុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​មន្ត្រី​ពាក់ព័ន្ធ ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​កង​សន្តិសុខ និង​ភរិយា​ម្ចាស់​កាស៊ីណូ​នេះ​ឲ្យ​បាន​ឆាប់​រហ័ស៖ «ខ្ញុំ​បាន​ប្រាប់​ទៅ​លោក​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន អំពី​បញ្ហា​នេះ​ដែរ ថា​ពួក​យើង​ថត​ព័ត៌មាន​ដើម្បី​សាកសួរ​ហេតុការណ៍​ដែល​កើត​ឡើង​នោះ ប៉ុន្តែ​បុគ្គលិក​កាស៊ីណូ​គាត់​អត់​ផ្ដល់​ព័ត៌មាន​ឲ្យ​ខ្ញុំ​ទេ ហើយ​បែរ​ទៅ​ជា​គំរាម​កំហែង​ពួក​ខ្ញុំ និង​ប្រជាពលរដ្ឋ​ទៅ​វិញ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អនុប្រធាន​សន្តិសុខ​កាស៊ីណូ​កាឡាក់ស៊ី ហ្គោល សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ មាន​ប្រសាសន៍​ថា ជន​ដែល​គំរាម​កំហែង​អ្នក​កាសែត​ទាំង ៣​នាក់​នោះ ពុំ​មែន​ជា​កង​សន្តិសុខ​កាស៊ីណូ​របស់​លោក ដូច​ការ​ចោទ​ប្រកាន់​របស់​អ្នក​កាសែត​ទាំង​នោះ​ឡើយ៖ «កាល​ពី​ព្រឹក​មិញ អ្នក​សារព័ត៌មាន​ទាំង​នោះ​គាត់​បាន​មក​សួរ​នាំ​ខ្ញុំ​ដែរ តែ​ខ្ញុំ​បាន​ប្រាប់​គាត់​ហើយ​ថា អត់​មែន​កង​សន្តិសុខ​របស់​ខ្ញុំ​ទេ ព្រោះ​កង​សន្តិសុខ​របស់​ខ្ញុំ​មាន​ឯកសណ្ឋាន​សម្គាល់​ត្រឹមត្រូវ»

ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន លោក ជា ច័ន្ទឌិន មាន​ប្រសាសន៍​ថា បញ្ហា​ដែល​កើត​ឡើង​នោះ ដោយសារ​កង​សន្តិសុខ​របស់​កាស៊ីណូ​ស្រវឹង​ស្រា ហើយ​ថា លោក​ចុះ​ទៅ​សម្រប​សម្រួល​គ្នា​រវាង​អ្នក​កាសែត និង​កង​សន្តិសុខ​ដល់​ទីកន្លែង​រួច​រាល់​ហើយ៖ «បាទ! ពី​ដំបូង​កង​សន្តិសុខ​អត់​ដឹង​ថា​អ្នក​ទាំង​នោះ​ជា​អ្នក​កាសែត ព្រោះ​ពួក​គាត់​អត់​មាន​ពាក់​កាត​សម្គាល់​ខ្លួន​អ្នក​យក​ព័ត៌មាន​ទេ ប៉ុន្តែ​ប្រសិន​បើ​អ្នក​កាសែត​មិន​សុខ​ចិត្ត ឲ្យ​គាត់​ដាក់​ពាក្យ​ប្ដឹង​មក​ប៉ូលិស ខ្ញុំ​នឹង​ធ្វើ​ការងារ​នេះ​បន្ត»

កន្លង​ទៅ អង្គការ​សង្គម​ស៊ីវិល​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​បង្ហាញ​ថា អ្នក​សារព័ត៌មាន គឺ​ជា​ជន​រងគ្រោះ​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ជន​រងគ្រោះ​ដទៃ​ទៀត ក្នុង​ករណី​និទ្ទណ្ឌភាព នៅ​ពេល​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា លើក​ឡើង​ចំណុច​ខុស​ឆ្គង​របស់​រដ្ឋាភិបាល និង​វិស័យ​ឯកជន។ អ្នក​ទាំង​នោះ តែង​ប្រឈម​នឹង​ការ​គំរាម​ដល់​អាយុ​ជីវិត និង​សម្លាប់ ហើយ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤ មក ​អ្នក​សារព័ត៌មាន​ចំនួន ១៣​នាក់​ហើយ​ត្រូវ​បាន​សម្លាប់។ ក្នុង​ចំណោម ១៣​ករណី​នោះ មាន​តែ ២​ករណី​ប៉ុណ្ណោះ ដែល​បាន​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់ រីឯ​ជនល្មើស​ដទៃ​ទៀត មិន​ត្រូវ​បាន​នាំ​ខ្លួន​មក​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។