ហ្វ៊ី​លី​ពី​ន​នឹង​ចូលរួម​ជាមួយ​ធនាគារ AIIB ដែល​ដឹកនាំ​ដោយ​ចិន

ប្រទេស​ចិន ៖ រដ្ឋាភិបាល​ហ្វ៊ី​លី​ពី​ន​បាន​លើក​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ខ្លួន​នឹង​ចូលរួម​នៅ​ក្នុង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​(AIIB) ដែល​ដឹកនាំ​ដោយ​ចិន បើ​ទោះបីជា​មាន​ជម្លោះ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង លើ​ការ​អះអាង​ពី​ដែនដី​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ក៏​ដោយ ។

ចំណែក​ទស្សនៈ​នៃ​ការ​យល់​ឃើញ​ពី​គូប្រជែង​មួយ​ចំនួន​ដូច​ជា ធនាគារពិភពលោក និង​ធនាគារអភិវឌ្ឍន៍អាស៊ី ដែល​មាន​មូលដ្ឋាន​នៅ​ហ្វ៊ី​លី​ពី​ន គឺ​ធនាគារ AIIB ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ដើមឆ្នាំ​២០១៦​នេះ​ជាមួយនឹង​កាលបរិច្ឆេទ​ដែល​បាន​កំណត់​បើក​ការ​ប្រារព្ធ​ពិធី​នៅ​ថ្ងៃ​ទី​១៦ ដល់ ១៨ មក​រា ។

សហរដ្ឋអាមេរិក និង​ជប៉ុន ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាងគេ​បំផុត​លេខ​១ និង​លេខ​៣ នៅ​លើ​ពិភពលោក ហើយ​ក៏​ជា​ម្ចាស់​ភាគហ៊ុន​មេ​នៅ​ក្នុង​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​បដិសេធ​មិន​ចូលរួម​ជាមួយនឹង AIIB នោះ​ឡើយ ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ហ្វ៊ី​លី​ពី​ន លោក Charles Jose បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ៖ « សមាជិក​របស់ AIIB និង​ជម្លោះ​នៅ​ក្នុង​ដែនសមុទ្រ មិន​ត្រូវ​បាន​ជាប់​ពាក់ព័ន្ធ​អ្វី​ឡើយ » ។

ចំណែក​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី Benigno Aquino លោក Herminio Coloma ថ្លែង​ថា ៖ « ការ​សម្រេចចិត្ត​របស់​ហ្វ៊ី​លី​ពី​ន ក្នុង​ការ​ចូលរួម​ជា​សមាជិក​ស្ថាបនិក​របស់ AIIB ដែល​ដឹកនាំ​ដោយ​ចិន គឺ​ផ្អែក​ទៅ​លើ​ភាព​ចាំបាច់​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ​។ ម្យ៉ាងទៀត គឺ​ពុំ​មាន​ជាប់​ទាក់ទិន​រវាង​ការ​សម្រេចចិត្ត​នេះ និង​ការ​បង្កើន​បញ្ហា​ដោយ​ហ្វ៊ី​លី​ពី​ន ទាក់ទង​នឹង​ការ​អះអាង​ពី​សិទ្ធិ​លើ​ដែនទឹក​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ឡើយ » ។

លេខាធិការ​ហិរញ្ញវត្ថុ​ហ្វ៊ី​លី​ពី​ន លោក Cesar Purisima បាន​មាន​ប្រសាសន៍​ថា ៖ « ភាព​ចាំបាច់​នៃ​ហិរញ្ញវត្ថុ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​ហ្វ៊ី​លី​ពី​ន នឹង​មាន​ចំនួន​១២៧,១២​ប៊ី​លាន​ដុល្លារ​នៅ​ចន្លោះ​ឆ្នាំ​២០១០ និង​២០២០ » ។ នេះ​បើ​តាម​ការ​ដកស្រង់​សម្តី​ពី​ធនាគារ ADB ។

លោក​បន្ត​ថា ៖ « AIIB នឹង​ជួយ​បំពេញ​ចន្លោះ​ប្រហោង​នៃ​ហិរញ្ញវត្ថុ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន ហើយ​ថែម​ទាំង​គួរតែ​នាំ​មក​នូវ​ការ​ពង្រីក​ឱកាស​ការងារ និង​កំណើន​ពាណិជ្ជកម្ម​ទៀត​ផង​សម្រាប់​ពលរដ្ឋ​ហ្វ៊ី​លី​ពី​ន » ។

ហ្វ៊ី​លី​ពី​ន នឹង​នាំ​មក​នូវ​ទុន​ចំនួន​១៩៦​លាន​ដុល្លារ​មក​បញ្ចូល​ក្នុង​មូលធន​របស់ AIIB ។

យោង​តាម​គម្រោង​ច្បាប់​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​បណ្តា​ប្រទេស​សមាជិក​ស្ថាបនិក​ចំនួន​៥០ កាលពីដើម​ឆ្នាំ​២០១៥ បង្ហាញ​ថា រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​នឹង​ក្លាយជា​ម្ចាស់​ភាគហ៊ុន​ធំ​ជាងគេ​បំផុត​នៅ​ក្នុង​ធនាគារ AIIB ក្នុង​អត្រា​ប្រមាណ​ជា​៣០% ។

យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​ស៊ី​ន​ហួរ​ចិន​ឱ្យ​ដឹង​ថា ធនាគារ​នេះ​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​ប៉េ​កាំ​ង ប្រទេស​ចិន ហើយ​បច្ចុប្បន្ន​មានសមាជិក​ចំនួន​៥៧​ប្រទេស ដែល​រាប់​បញ្ចូល​ទាំង​អូស្ត្រាលី អា​ល្លឺ​ម៉​ង់ និង​អង់គ្លេស ។ ធនាគារ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ផ្តល់​នូវ​ឥណទាន​គម្រោង​ផ្សេង​ៗ​លើក​ដំបូង​របស់​ខ្លួន​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៦ ។
មានការ​ចោទសួរ​ថា ប្រសិនបើ​ជម្លោះ​សមុទ្រ​ខាងត្បូង​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ភាព​ជា​សមាជិក​របស់ AIIB របស់​ហ្វ៊ី​លី​ពី​ន​នោះ លោក Lu Kang អ្នកនាំពាក្យ​របស់ ក្រសួង ការបរទេស​ចិន ថ្លែង​ថា ៖ « ខ្ញុំ​គិត​ថា ប្រតិបត្តិការ​របស់​ធនាគារ AIIB នឹង​ត្រូវ​បាន​សម្រេច​ដោយ​ច្បាប់​របស់ AIIB ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សមាជិក​ទាំងអស់ » ៕​