Boeing និង Airbus កំពុង​ប្រជែង​គ្នា​លើ​ទីផ្សារ​អាកាសចរណ៍​ចិន

ប្រទេស​ចិន ៖ យោង​តាម​តួលេខ​លក់ និង​អ្នកជំនាញ​ផ្នែក​អាកាសចរណ៍​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Boeing Co របស់​អា​មេ​រិ​ក និង Airbus Group SE របស់​បារាំង កំពុង​តែ​ប្រកួតប្រជែង​ក្នុង​ការ​ច្បិច​យក​នូវ​កំណើន​នៃ​ទីផ្សារ​អាកាសចរណ៍​ចិន ។ ក្នុង​អំឡុង​ឆ្នាំ​២០១៥​នេះ គឺជា​ឆ្នាំ​ដែល​អ្វី​ៗ​សម្រេច​បាន​ជោគជ័យ ឬ​ដំណើរការ​ល្អ​សម្រាប់​ក្រុមហ៊ុន​ផលិត​យន្តហោះ​ទាំង​ពីរ​នេះ ។

China Southern Airlines Co គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​ជាងគេ​បំផុត​របស់​ចិន បាន​ប្រកាស​ពី​ទំហំ​ទឹកប្រាក់​ដែល​ខ្លួន​បាន​ទិញ​យន្តហោះ Airbus ចំនួន​១០​គ្រឿង​សម្រាប់​ផ្គត់ផ្គង់​ជើងហោះហើរ​របស់​ខ្លួន​កាលពី​ស​ប្តា​ហ៍​មុន ស្ថិត​ក្នុង​រង្វង់​២,៣​ប៊ី​លាន​ដុល្លារ ជាមួយនឹង​ការ​បញ្ជា​ទិញ​ដែល​នឹង​មក​ដល់​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ បន្ទាប់​ពី​ខ្លួន​លើក​ឡើង​ថា ក្រុមហ៊ុន​នឹង​ទិញ​រហូត​ដល់​ទៅ​ជាង​១០០​គ្រឿង​ឯណោះ​ពី​ក្រុមហ៊ុន Boeing ក្នុង​តម្លៃ​១០​ប៊ី​លាន​ដុល្លារ ។

លោក Michael Boyd  ប្រធាន​ក្រុមហ៊ុន Boyd Group International ដែល​ជា​អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​អាកាសចរណ៍​មាន​មូលដ្ឋាន​ក្នុង​រដ្ឋ Colorado សហរដ្ឋអាមេរិក បាន​ថ្លែង​ថា​៖ « ក្រុមហ៊ុន​អាកាសចរណ៍​ជា​ច្រើន ចាំបាច់​ត្រូវ​តែ​ទិញ​យន្តហោះ​ថ្មី ដូច្នេះ Boeing និង Airbus កំពុង​ទទួល​បាន​ផ្លែផ្កា ឬ​ជោគជ័យ​នៅ​ក្នុង​ប្រទេស​ចិន » ។

រហូត​មក​ដល់​ឆ្នាំ​២០១៥ គិត​ត្រឹម​ខែវិច្ឆិកា​នេះ ក្រុមហ៊ុន Boeing ឱ្យ​ដឹង​ថា ខ្លួន​លក់​យន្តហោះ​ក្នុង​ប្រទេស​ចិន​បាន​ចំនួន​១.៣៣៥​គ្រឿង ក្នុង​នោះ​មាន​១.១៩០​គ្រឿង​ត្រូវ​បាន​ចែកចាយ​រួច​មក​ហើយ ។ ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង ទៅ​កាន់​សហរដ្ឋអាមេរិក លោក​បាន​ចុះហត្ថលេខា​លើ​ការ​បញ្ជា​ទិញ​មួយ ដែល​មាន​យន្តហោះ​ចំនួន​៣០០​គ្រឿង ក្នុង​តម្លៃ​ទឹកប្រាក់​៣៨​ប៊ី​លាន​ដុល្លារ ។

ក្រុមហ៊ុន​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន Airbus វិញ​មិន​បាន​ធ្វើ​ឲ្យ​ខូច​តួលេខ​លក់​នៅ​ប្រទេស​នេះ​ឡើយ គឺ Airbus លក់​ចេញ​បាន​ចំនួន​៤.៣៤៤​គ្រឿង​ទៅ​កាន់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​កមួយ​នេះ​នៅ​ដំណាច់ខែ​វិច្ឆិកា ក្នុង​នោះ​មាន​បរិមាណ​២.៣៧៨​គ្រឿង​ត្រូវ​បាន​ចែកចាយ​ដល់​ប្រទេស​នេះ​រួច​មក​ហើយ​ដែរ ។

ទោះជា​យ៉ាងណា ក្រុមហ៊ុន​អាកាសចរណ៍ (China Southern Airlines) ដែល​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ក្វា​ង​ចូ​វ​មួយ​នេះ បាន​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃ​ទី​២៣ ធ្នូ​ថា យន្តហោះ​១០​គ្រឿង​របស់ Airbus សម្រាប់​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​យក្ស​នៅ​ចិន​នេះ នឹង​ត្រូវ​បាន​ចែកចាយ​នៅ​ចន្លោះ​ឆ្នាំ​២០១៧ និង​២០១៩ ហើយនឹង​បង្កើន​សមត្ថភាព​របស់​ក្រុមហ៊ុន ៤% ផង​ដែរ ។

យោង​តាម​ស​និ្ន​សី​ទ​កាសែត​របស់​សមាគម​ឲ្យ​ដឹង​ថា កាលពី​ស​ប្តា​ហ៍​មុន ក្រុមហ៊ុន China Southern Airlines ឱ្យ​ដឹង​ថា ខ្លួន​នឹង​ទិញ​យន្តហោះ Boeing 737 ស៊េរី​ថ្មី​ចំនួន​៣០​គ្រឿង​និង Boeing 737 Max ចំនួន​៥០​គ្រឿង ហើយ​សាខា​របស់​ខ្លួន គឺ​ក្រុមហ៊ុន Xiamen Airlines Co កំពុង​តែ​ទិញ​យន្តហោះ Boeing 737 Max ចំនួន​៣០​គ្រឿង​ផង​ដែរ ។

ដោយឡែក អ្នកជំនាញ​ផ្នែក​អាកាសចរណ៍​បាន​ព្យាករ​ទុក​ថា ប្រទេស​ចិន​នឹង​ត្រូវការ​ទិញ​យន្តហោះ​ច្រើន​ជាង​៦០០​គ្រឿងក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​ក្រោយ ដែល​ត្រូវ​ចំណាយ​ប្រាក់​ខ្ទង់​ជា​៩៥០​ប៊ី​លាន​ដុល្លារ ។

បើ​យោង​តាម​ការ​ព្យាករ​ទុក​កាលពី​ខែវិច្ឆិកា​ពី​សមាគម​ដឹក​ជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ ឲ្យ​ដឹង​ថា ទីផ្សារ​ធ្វើ​ដំណើរ​តាម​ដែនអាកាស​របស់​ចិន នឹង​បន្ថែម​អ្នកដំណើរ​ថ្មី​ចំនួន​៧៥៨​លាន​នាក់​ក្នុងអំឡុងពេល​ពី​ទសវត្សរ៍​ក្រោយ​នេះ ដែល​នាំ​មក​នូវ​បរិមាណ​សរុប​ចំនួន​១,២​ប៊ី​លាន​នាក់ ។ វា​នឹង​វ៉ា​ដាច់​សហរដ្ឋអាមេរិក ដែល​ជាទី​ផ្សារ​មាន​អ្នកដំណើរ​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​នៅ​ឆ្នាំ​២០២៩ ក្នុង​អត្រាកំណើន​ប្រចាំឆ្នាំ​ប្រមាណ​ជា​៥,២% ។

បើ​ទោះជា​កំណើន​នៅ​ប្រទេស​ចិន​មាន​កម្រិត​មធ្យម ឬ​ស្ថិត​នៅ​កណ្តាល​ដោយសារ​តែ​ការ​បង្អន់ល្បឿន​សេដ្ឋកិច្ច​ក្តី ក៏​ទីផ្សារ​នេះ​នឹង​នៅ​តែ​បន្ថែម​បរិមាណ​អ្នកដំណើរ​ចំនួន​២៣០​លាន​នាក់​ទៀត​ក្នុង​រយៈពេល​៤​ឆ្នាំ​ក្រោយ ៕