មេ​នគរបាល​រាជធានី ព្រមាន​ដក​អាវុធ ចំពោះ​អ្នក​ដែល​គ្មាន​សិទ្ធិ​យក​អាវុធ​តាម​ខ្លួន​

ភ្នំពេញ: ការគ្រប់គ្រង​អាវុធ​នៅ​ពុំទាន់​បានល្អ ដែល​ធ្វើ​ឲ្យ​សមាសភាព​អាក្រក់ ឆ្លៀតឱកាស​ប្រើប្រាស់​លុយកាក់​ទិញ​អាវុធ ពី​សមាសភាព​កងកម្លាំង​ប្រដាប់អាវុធ ធ្វើ​សកម្មភាព​ឆក់​ប្លន់​បង្ក​ការលំបាក​ស្មុគស្មាញ ក្នុងការ​បង្ក្រាប​បទល្មើស ករណី​ឃាតកម្ម បាញ់បោះ​អនាធិបតេយ្យ និង​បទល្មើស​ឧក្រិដ្ឋ​ផ្សេងៗ​ទៀត​នៅតាម​មូលដ្ឋាន ដូច្នេះ​អ្នក​ដែល​គ្មាន​សិទ្ធិ​យក​អាវុធ​តាម​ខ្លួន នៅពេលដែល​ឆែកឆេរ​ឃើញ គឺ​ដក​តែម្តង​។ នេះ​ជាការ​លើកឡើង​របស់​មេ​នគរបាល​រាជធានី​ភ្នំពេញ​។​

​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ដក​ពិសោធន៍​សភាពការណ៍ លទ្ធផល​កិច្ចប្រតិបត្តិការ​បង្ការ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ គ្រឿងញៀន និង​សណ្តាប់ធ្នាប់​ចរាចរណ៍ ប្រចាំឆ្នាំ​២០១៥ របស់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០១៦​នៅ​សាលា​រាជធានី​ភ្នំពេញ លោក​ជូន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ការងារ​គ្រប់គ្រង​អាវុធជាតិផ្ទុះ​នៅ​ឆ្នាំ​២០១៥​កន្លងមកនេះ គ​នគរបាល​មូលដ្ឋាន​បាន​ចុះសម្រង់​ស្ថិតិ​អាវុធជាតិផ្ទុះ តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ តាម​អង្គភាព​ក្រសួង​មន្ទីរ ក្នុង​ទីតាំង​ភូមិសាស្ត្រ​ទទួលខុសត្រូវ ដោយបាន​សហការ​ល្អជា​មួយផ្នែក​រដ្ឋបាល​រប​ស់​ក្រសួង​មន្ទីរ សុំ​របាយការណ៍​គ្រប់គ្រង​អាវុធ​នៅ​គោលដៅ​ទាំងនោះ ដើម្បី​គ្រប់គ្រង​ឲ្យ​បាន​ម៉ត់ចត់ និង​បាន​ស្នើសុំ​យក​អាវុធ​ទាំងនោះ មក​ការិយាល័យ​បច្ចេកទេស វិទ្យាសាស្ត្រ បាញ់​យក​ក្បាល​គ្រាប់​ដើម្បី​ធ្វើការ​គ្រប់គ្រង​។ បាន​បង្កើត​ការគ្រប់គ្រង​អាវុធជាតិផ្ទុះ តាម​ដងផ្លូវ​សាធារណៈ ដោយ​ប្រើប្រាស់​កម្លាំង​ស៊ីវិល​ល្បាត​តាម​ដងផ្លូវ​ក្នុងករណី​សង្ស័យ នឹង​ជូនដំណឹង​ឲ្យ​កម្លាំង​ពូន​ស្ទាក់ និង​បង្ក្រាប​តាម​ផែនការ​ល្បាត​ចល័ត​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ នៅតាម​ខណ្ឌ​នីមួយៗ​ឲ្យ​បាន​ម៉ត់ចត់​វាងវៃ ក្នុងការ​កំណត់​គោលដៅ​ទាន់ពេលវេលា​ឲ្យ​បាន​ត្រឹមត្រូវ តាម​សភាពការណ៍​ជាក់ស្តែង​នៅក្នុង​មូលដ្ឋាន ក្នុង​គោលបំណង​បម្រើ​ឲ្យ​ការ​ល្បាត​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​និង​បង្ក្រាប​បទល្មើស​ផង​។​

​លោក​បាន​បន្តថា "​ការគ្រប់គ្រង​អាវុធ​នៅ​ពុំទាន់​បានល្អ ដែល​ធ្វើ​ឲ្យ​សមាសភាព​អាក្រក់ ឆ្លៀតឱកាស​ប្រើប្រាស់​លុយកាក់​ទិញ​អាវុធ ពី​សមាសភាព​កងកម្លាំង​ប្រដាប់អាវុធ ធ្វើ​សកម្មភាព​ឆក់​ប្លន់​បង្ក​ការលំបាក​ស្មុគស្មាញ ក្នុងការ​បង្ក្រាប​បទល្មើស​"​។​

​លោកស្នងការ​បាន​បន្ថែ​ម​ថា ​ទន្ទឹម​នោះ​ មាន​អ្នកប្រើប្រាស់​អាវុធខ្លី​តាម​ខ្លួន ក្នុង​មជ្ឈដ្ឋាន​មន្ត្រីរាជការ​កម្លាំងប្រដាប់អាវុធ ដែល​គ្មាន​សិទ្ធិ​ដាក់​តាម​ខ្លួន​បាន ប្រើប្រាស់​ប្រព្រឹត្ត​បទល្មើស​ដូចជា ករណី​ឃាតកម្ម បាញ់បោះ​អនាធិបតេយ្យ និង​បទល្មើស​ឧក្រិដ្ឋ​ផ្សេងៗ​ទៀត​នៅតាម​មូលដ្ឋាន​។ កងកម្លាំង​យោធពលខេមរភូមិន្ទ កងកម្លាំង​នគរបាលជាតិ ដែល​បានចេញ​ប្រតិបត្តិការ​មាន​លិខិតបញ្ជាក់​បេសកកម្ម ប័ណ្ណ​សម្គាល់​ប្រើប្រាស់​អាវុធ​ជាប់​មកជា​មួយ ពេល​បញ្ចប់​កិច្ចប្រតិបត្តិការ បាន​យក​អាវុធ​ជាប់​ជាមួយ​ខ្លួន​ទៅ​លំនៅដ្ឋាន ដោយ​មិនបាន​យក​អាវុធ​និង​ប័ណ្ណ​សម្គាល់​សិទ្ធិ​ប្រើប្រាស់​អាវុធ​ប្រគល់​មក​ឲ្យ​អង្គភាព​។ អង្គភាព​ជំនាញ​មិនបាន​យកចិត្តទុកដាក់​គ្រប់គ្រង​អាវុធ​អង្គភាព មិនបាន​ចុះបញ្ជី​គ្រប់គ្រង​និង​ធ្វើ​ប័ណ្ណ​សម្គាល់​សិទ្ធិ​ប្រើប្រាស់​អាវុធ​ឲ្យ​បាន​ត្រឹមត្រូវ​នៅឡើយ និង​អាវុធ​ដែល​បាន​ចុះបញ្ជី​រួច​ក៏​មិនទាន់ យកទៅ​បាញ់​យក​ក្បាល​គ្រាប់​ធ្វើ​កោសល្យវិច័យ​ដើម្បី​បម្រើ​ឲ្យ​ការងារ​ជំនាញ​។​

​លោក បាន​បន្តថា "​អ្នក​ដែល​គ្មាន​សិទ្ធិ​យក​អាវុធ​តាម​ខ្លួន នៅពេល​បំពេញបេសកកម្ម​ចប់ គឺ​ត្រូវយក​អាវុធ​ដាក់​ក្នុង​មន្ទីរ​អង្គភាព​របស់ខ្លួន​វិញ ពីព្រោះ​ឥឡូវ​ជា​រៀងរាល់ថ្ងៃ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ បាន​ខិតខំ​ណាស់​បាន​ដឹកនាំ​ក្រុមចម្រុះ​ចុះ​ត្រួតពិនិត្យ​អាវុធ​ជាប្រចាំ ប៉ុន្តែ​នៅ​ទីបំផុត​ត្រួតពិនិត្យ​អាវុធ គឺ​ឆ្លងកាត់ សុទ្ធ​តែមាន​ប័ណ្ណ​អង្គភាព​និង​លិខិត​បេសកកម្ម ប៉ុន្តែ​បុគ្គល​នោះ គឺ​គ្មាន​សិទ្ធិ​យក​អាវុធ​ទៅតាម​ខ្លួន​ទេ អីចឹង​នៅពេល​ឆែ​កថា​ស្របច្បាប់ តែ​នៅពេល​ពិនិត្យ​ទិដ្ឋភាព គឺ​ខុសច្បាប់​ទាំងស្រុង ពីព្រោះ​គ្មាន​សិទ្ធិ​យក​អាវុធ​តាម​ខ្លួន​ទេ​"​។​

​លោក​បាន​លើកឡើងថា "​ក្នុង​អនុក្រឹត្យ​បានកំណត់​យ៉ាង​ណាស់​ថា តើនរ​ណាខ្លះ​មាន​សិទ្ធិ​យក​អាវុធ​តាម​ខ្លួន​។ អីចឹង​ហើយ​បាន​បង្កើតជា​បញ្ហា​ដូចជា ករណី​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​កើតឡើង ចំការមន ដែល​បង្កឡើង​ដោយ​មន្ត្រី​នគរបាលជាតិ​ម្នាក់ ដែល​ធ្វើ​ការបាញ់​ស្លាប់​រហូតដល់​៣​នាក់​។ នេះ​គឺ​អាស្រ័យ​ដោយ​អាវុធ​តាម​ខ្លួន​នេះឯង​។  គាត់​មាន​ប័ណ្ណ​កាន់កាប់​អាវុធ ប៉ុន្តែ​គាត់​គ្មាន​សិទ្ធិ​យក​អាវុធ​តាម​ខ្លួន​ទេ តែ​ពេល​មាន​ហិង្សា​កើតឡើង បាន​បង្ក​ជា​បញ្ហា​ដ៏​ធំ ហើយ​បញ្ហា​ដែលមាន​ករណី​បាញ់បោះ​សេរី​ពេញ​រាជធានី​ភ្នំពេញ​រាល់ថ្ងៃនេះ គឺ​ចេញ​មកពី​សមាសភាព​អស់​នេះឯង​។ ពេល​ឆែក​អាវុធ​ស្របច្បាប់ ហើយ​ចេញ​ផុតពី​យើង ដាក់​ទាំង បាញ់បោះ​សេរី និង​មាន​ករណី​ជម្លោះ​ស៊ីផឹក​នៅ​គ្រប់​ទីកន្លែង​គឺ​បង្ក​ឡើងជា​ឃាតកម្ម​ដូចជា​ករណី​បាញ់សម្លាប់​នៅ​ខណ្ឌ​សែន​សុខ រវាង​បងថ្លៃ​និង​ប្អូនថ្លៃ​ក៏​ចេញ​មកពី​អាហ្នឹង​"​។​

​លោក​ជូន សុវណ្ណ បានបញ្ជាក់​បន្ថែមថា "​នៅ​ឆ្នាំ​២០១៦ ខ្ញុំ​បាន​ឯកភាព​ជាមួយ​លោក​រ័ត្ន​ស្រ៊ាង​ហើយ ត្រូវធ្វើ​យ៉ាងណា​ខិតខំ​ពង្រឹង​លើ​បញ្ហា​នេះ អ្នក​ដែលមាន​អាវុធ​តាម​ខ្លួន​ទាំង​ប៉ុន្មាន​ដែល​ខុសច្បាប់ គឺ​យោធា​ប្រគល់​ឲ្យ​លោក​រ័ត្ន​ស្រ៊ាង ចំណែក​នគរបាល​និង​ស៊ីវិល​ប្រគល់​ឲ្យ​ប៉ូលិស​។ ដូច្នេះ​ត្រូវ​សហការ​ជាមួយ​លោក​អភិបាលខណ្ឌ​ទាំងអស់​ដែលជា​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល ក្នុងការ​ឆែកឆេរ​អាវុធ​ដែល​ឆ្លងកាត់​ទាំង​ប៉ុន្មាន បើ​គ្មាន​សិទ្ធិ​យក​អាវុធ​តាម​ខ្លួន​ទេ គឺ​ត្រូវ​ដក​តែម្តង បើសិនជា​មិន​ធ្វើ​អីចឹង​ទេ អាវុធ​នៅតែ​រាយប៉ាយ បទល្មើស​នៅតែ​កើតមាន​"៕

មេ​នគរបាល​រាជធានី ព្រមាន​ដក​អាវុធ ចំពោះ​អ្នក​ដែល​គ្មាន​សិទ្ធិ​យក​អាវុធ​តាម​ខ្លួន​

 

មេ​នគរបាល​រាជធានី ព្រមាន​ដក​អាវុធ ចំពោះ​អ្នក​ដែល​គ្មាន​សិទ្ធិ​យក​អាវុធ​តាម​ខ្លួន​

មេ​នគរបាល​រាជធានី ព្រមាន​ដក​អាវុធ ចំពោះ​អ្នក​ដែល​គ្មាន​សិទ្ធិ​យក​អាវុធ​តាម​ខ្លួន​