សម្ដេច ហ៊ុន សែន នឹងចូលរួម​កិច្ចប្រជុំ​កំពូល​អាមេរិក​-​អាស៊ាន នៅ​កាលីហ្វ័រ​ញ៉ា នា​ខែកុម្ភៈ​

ភ្នំពេញ: ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន នឹង​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាមេរិក អាស៊ាន នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា ក្នុង​សហរដ្ឋអាមេរិក នា​ខែកុម្ភៈ​ខាងមុខ​។

​ដំណឹង​នេះ ត្រូវបាន​លោក​ហោ​ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស បានប្រកាស នៅក្រោយ​កិច្ចប្រជុំ​ជាមួយ​ក្រុមនិស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​៤ ខែមករា ឆ្នាំ​២០១៦ នៅ​ទីស្តីការ​ក្រសួងការបរទេស ក្នុង​រាជធានី​ភ្នំពេញ​។

​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​លើកឡើងថា សម្ដេច​អគ្គមហាសេនា​បតី​តេ​ជោ ហ៊ុន សែន នឹងមាន​វត្តមាន ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន អាមេរិក ដែល​លោក អូ​បា​ម៉ា សម្រេច​រៀបចំ នៅ​រដ្ឋ​កាលីហ្វ័​ញ៉ា​។

​កិច្ចប្រជុំ​កំពូល​អាស៊ាន​អាមេរិក នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦​។ កិច្ចប្រជុំ​កំពូល​រវាង​មេដឹកនាំ​ប្រទេស​អាស៊ាន​ទាំង ១០ ជាមួយនឹង​អាមេរិក​នោះ ជា​វេទិកា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ អាមេរិក​-​អាស៊ាន លើ​បញ្ហានយោបាយ សន្តិសុខ និង​សេដ្ឋកិច្ច ដែល​បាន​ដាក់ចេញ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្នុង​ទីក្រុង កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។
 
​ក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុមនិស្សិត កាលពី​ព្រឹក​ថ្ងៃទី​៤​មករា​នេះ លោករដ្ឋមន្ត្រី​ការបរទេស​​កម្ពុជា ហោ ណាំហុង លើកឡើង​ពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​សមាជិក​អាស៊ាន ដែល​តែងតែ​រក្សា​ជំហរ​ប្រុងប្រយ័ត្ន មិន​ឲ្យ​ឥទ្ធិពល មហាអំណាច​ជ្រាបចូល​ក្នុង​យន្ត​ការរួម​របស់ខ្លួន​ឡើយ​។ ក្នុងនោះ សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ក្នុងនាម​សហគមន៍​អាស៊ាន ដែល​ទើបតែ​ចូល​អនុវត្ត​កាលពី​ថ្ងៃទី​១​មករា ឆ្នាំ​២០១៦ ក៏ត្រូវ​បាន​លោក​ប្រមុខ​ការទូត លើកឡើង​ផងដែរ​៕​