ក្មេង​ទំនើងជិះ​ម៉ូតូ​កាច់​សោបំផ្ទុះសំឡេង​តាម​ផ្លូវ​​ ​ត្រូវ​សមត្ថកិច្ច​​ឃាត់​ខ្លួន​​អប់រំ​

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ក្មេង​ទំនើង​២​ក្រុម​ជិះម៉ូតូ​​កាច់​សោ​ពន្លត់​កុងតាក់​​បំផ្ទុះសូរ​សំឡេង​ ​ត្រូវ​សមត្ថកិច្ច​នគរបាលចាប់​បាន​​ម្នាក់​​ក្នុង​ចំណោម​​បក្ខ​ពួក​៥នាក់​នាំ​យក​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តដើម្បី​​​​អប់រំ​ណែនាំ​ កាល​ពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៤ ​ខែមករា​ ឆ្នាំ​២០១៦ ​ស្ថិត​នៅ​ក្នុងភូមិ​​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ​។

​លោក​វរសេនីយ៍ត្រី​ ម៉ុ​ល សុ​ភេទ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​​ស្រាល បាន​ឲ្យ​ដឹង​ថា​​ ​ក្មេង​ទំនើង​​​​​រូប​នេះ ​ឈ្មោះ​ សុខ ជី​លាន ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ​ជិះម៉ូតូ​ម៉ាក​ហុងដា ធុន​សេ​១២៥ ស៊េរី​២០០៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខសៀមរាប​1H-8231 ​ខណៈ​​​​សមត្ថកិច្ច​នគរបាល​ចុះ​​ប្រតិបត្តិការ​នោះ ក្រុម​ក្មេង​ទំនើង​​​ទាំង​​៥​នាក់​​កំពុង​ជិះម៉ូតូ​​២​គ្រឿងនៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ពេល​​នោះ​​ពួក​គេ​បានឃើញ​សមត្ថកិច្ច​​ក៏​​កាច់​សោកុងតាក់​​ម៉ូតូ​រួច​មួល​រ៉ា​បង្ក​ជា​សំឡេង​បំផ្ទុះ ផ្គើន​នឹង​​សមត្ថកិច្ច​ធ្វើ​ឲ្យ​បាត់បង់​​​សណ្តាប់ធ្នាប់​សាធារណៈ ។

​ក្រោយ​​​ឃាត់​ខ្លួន​​ក្មេង​ទំនើង​ម្នាក់នេះ​ ​សមត្ថកិច្ច​​​​បាន​​​អប់រំ ណែនាំ​​​​ រួច​​ហៅឪពុក​ម្តាយ​​​មក​​ធ្វើ​កិច្ចសន្យា​ និង​​ទទួលយក​ទៅ​អប់រំ​បន្ត​ ទើប​អនុ​ញ្ញាត​ឱ្យ​ត្រឡប់​ទៅវិញ​ ៕