រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ជាបន្ទាន់​

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តស្ទឹងត្រែង បាន​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ឃុំ​សន្តិភាព ស្រុក​សៀម​ប៉ាង ជាបន្ទាន់​។ ដោយហេតុថា​មួយរយៈ​ពេល​ចុងក្រោយ​នេះ លោក សុ​ត ឃឿន ជា​ប្រធាន​ស្នាក់ការ​គ្រប់គ្រង​ព្រៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ បាន​បើកដៃ​ឲ្យ​ឈ្មួញ​ចូល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា លោក សុ​ត ឃឿន កំពុងតែ​ក្លាយទៅជា​មេខ្លោង​បើកដៃ​ឲ្យ​ឈ្មួញ​ចូល​កាប់​ឈើ​ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​សន្តិភាព ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​មួយរយៈ​ពេល​ចុងក្រោយ​នេះ ក្រុម​ឈ្មួញ​កំពុង​ធ្វើ​សកម្មភាព​កាប់​ឈើ​ប្រណីត​និង​អារច្រៀក​ដឹកជញ្ជូន​ចេញពី​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​យ៉ាង​អនាធិបតេយ្យ​។ ឈ្មួញ​ដែល​កាប់​ឈើ​ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ត្រូវបាន​ប្រជាពលរដ្ឋ​ស្គាល់​ថា ឈ្មោះ ភិរម្យ និង​ឈ្មោះ ហួរ ដោយមាន​ការឃុបឃិត​ជាមួយ​លោក សុ​ត ឃឿន ជា​ប្រធាន​ស្នាក់ការ​គ្រប់គ្រង​ព្រៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ពិនិត្យឡើងវិញ​ចំពោះ​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ហើយ​ត្រូវ​ចាត់វិធានការ​លើ​មន្ត្រី​ខិលខូច​ពុករលួយ​ជាបន្ទាន់​។

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​មួយចំនួន​បាន​ឲ្យ​ដឹងថា ដោយមាន​ការបើក​ដៃ​ពី​លោក សុ​ត ឃឿន ទើប​ឈ្មួញ​ឈ្មោះ ភិរម្យ និង​ឈ្មោះ ហួរ អាច​ប្រើប្រាស់​កម្មករ​ជាច្រើន​នាក់​ឲ្យ​ចូល​កាប់​ឈើ​ក្នុងព្រៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ យ៉ាង​ពេញបន្ទុក​និង​ដឹកជញ្ជូន​ទៅ​លក់​ឲ្យ​ឈ្មួញ​ធំ​ដែល​រង់ចាំ​ទិញ​នៅក្នុង​ស្រុក​សៀម​ប៉ាង និង​ស្រុក​សេ​សាន​។ ជាងនេះទៅទៀត​មួយផ្នែក​នៃ​ឈើ​នោះ ត្រូវបាន​ឈ្មួញ​ឈ្មោះ ភិរម្យ និង​ឈ្មោះ ហួរ ដឹកជញ្ជូន​ទៅ​ចែកចាយ​តាម​រោង​សិប្បកម្ម​មួយចំនួន​ក្នុង​ក្រុង​ស្ទឹងត្រែង ដោយ​គ្មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​ឡើយ​។ ប្រការនេះ​ធ្វើ​ឲ្យ​ឈើ​ប្រណីត​ដែល​នៅសល់​តិចតួច​ក្នុងព្រៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​សាបសូន្យ​នាពេល​ឆាប់ៗ​ខាងមុខ​ជាមិនខាន ហើយ​លោក សុ​ត ឃឿន ជា​ប្រធាន​ស្នាក់ការ​គ្រប់គ្រង​ព្រៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ក្នុង​បទល្មើស​ព្រៃឈើ​នេះ​៕

saysamal620លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន
8460_2 8460_3 8460_4