អាជ្ញាធរ​ខេត្តតាកែវ និង​មន្ត្រីរដ្ឋបាល​ជលផល មិន​ទប់ស្កាត់​បទល្មើស​នេសាទ​នៅ​ស្រុក​អង្គរបុរី

​បទល្មើស​នេសាទ​ក្នុង​បឹង ក្នុង​ព្រែក និង​អូរ មួយចំនួន​នៅ​ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរបុរី កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​លោក ឡាយ វណ្ណៈ ជា​អភិបាលខេត្ត និង​មេ​រដ្ឋបាល​ជលផល​ខេត្តតាកែវ មិន​ចាត់វិធានការ​បង្ក្រាប​ទាល់តែសោះ​។ ជាងនេះទៅទៀត​លោក តុ​ប មឿ​ន ប្រធាន​សហគមន៍​នេសាទ​ព្រែក​ផ្ទោល ដែល​ប្រជាពលរដ្ឋ​បោះឆ្នោត​ជ្រើសតាំង​នោះ បែរជា​លក់​ដែន​ជម្រក​អភិរក្ស​ត្រី​ឲ្យ​យួន​និង​ចាប់​ប្រជាពលរដ្ឋ​ឃុំខ្លួន​ខុស​នីតិវិធី ហើយ​បង្ខំ​ឲ្យ​បង់លុយ​នៅពេលដែល​ប្រជាពលរដ្ឋ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​។ បញ្ហា​នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ត្រូវ​ពិនិត្យមើល​ឡើងវិញ​ជាបន្ទាន់ ព្រោះ​មេ​រដ្ឋបាល​ជលផល​ខេត្តតាកែវ ងាប់​ត្រគាក​កម្រើក​មិន​រួច​ទេ​។

ប្រជា​នេសាទ​នៅ​ឃុំ​ព្រែក​ផ្ទោល បាន​ឲ្យ​ដឹងថា​លោក តុ​ប មឿ​ន ដែល​បាន​អំណាច​ពី​ប្រជាពលរដ្ឋ​បែរជា​ប្រើ​អំណាច​នោះ ធ្វើបាប​ប្រជាពលរដ្ឋ​យ៉ាង​កំរោល​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​បន្តិច​ណា​ឡើយ​។ លោក តុ​ប មឿ​ន បាន​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ​ស្រុក​អង្គរបុរី និង​មន្ត្រីរដ្ឋបាល​ជលផល លក់​បឹង លក់​ព្រែក លក់​អូរ មួយចំនួន​ដែល​ស្ថិតនៅក្នុង​តំបន់​អភិរក្ស​ពូជ​ត្រី​ទៅ​ឲ្យ​ឈ្មួញ​យួន​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​។ ប្រជា​សហគមន៍​បានបញ្ជាក់​យ៉ាងច្បាស់​ថា លោក តុ​ប មឿ​ន បាន​លក់​បឹងបួ​មួយចំនួន​ទៅ​ឲ្យ​ឈ្មោះ អា​ប៉ូវ ជនជាតិ​យួន និង​ឈ្មោះ ជា លង ដែលជា​អនុប្រធាន​សហគមន៍​ដាក់​របាំង​ព្រួល​រាប់ពាន់​ម៉ែត្រ​កាត់​ផ្ទៃ​បឹងបួ​បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ទូក កាណូត ទៅធ្វើ​ស្រែប្រាំង​។ សូម្បីតែ​ប្រជាពលរដ្ឋ​ខ្មែរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ដូចជា រាយ​មង ចង​ស​ន្ទួ​ច ឬ​បង់សំណាញ់ ក៏​លោក តុ​ប មឿ​ន និង​បក្ខពួក​ជំរិត​យកលុយ​ដែរ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​តាមដាន​បញ្ហា​ខាងលើនេះ​បាន​ឲ្យ​ដឹងថា លោក តុ​ប មឿ​ន ប្រធាន​សហគមន៍​នេសាទ ឃុំ​ព្រែក​ផ្ទោល មិនបាន​គោរព​តាម​គោលការណ៍​ថ្នាក់លើ​នោះទេ ហើយ​កំពុងតែ​ប្រើ​អំណាច​និង​តួនាទី​របស់ខ្លួន ដើម្បី​ស្វែងរក​ផលប្រយោជន៍​យ៉ាង​គឃ្លើន​ដោយមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រីរដ្ឋបាល​ជលផល​ពុករលួយ​។ ក្នុងនោះ​ឈ្មោះ តុ​ប មឿ​ន បាន​បង្កើត​បទល្មើស​នេសាទ​ដោយ​លក់​ព្រែក អូរ បឹងបួ ឲ្យ​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​យ៉ាង​អនាធិបតេយ្យ ហើយ​ពលរដ្ឋ​ខ្មែរ​បែរជា​មិនអាច​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ទៅវិញ​។ ដូច្នេះ​លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ គួរពិនិត្យមើល​បញ្ហា​នេះ​ជាបន្ទាន់ ហើយ​ត្រូវ​ចាត់វិធានការ​តាមច្បាប់​ទៅលើ​មនុស្ស​ខិលខូច​ដូចជា លោក តុ​ប មឿ​ន មិនត្រូវ​យោគយល់​នោះទេ​។ វិធានការ​ច្បាប់​ទៅលើ​ជនខិលខូច​ដូច​លោក តុ​ប មឿ​ន គឺជា​រឿង​សំខាន់បំផុត​ដើម្បី​កុំ​ឲ្យ​ជននេះ​ប្រើ​អំណាច​ធ្វើបាប​ប្រជាពលរដ្ឋ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​៕

ST-075លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ
vgfcdbbb xdsxzaaaa