កុំ​តែ​​បានស្ពាន​បាក់ កុំអី​ពលរដ្ឋ​ខ្មែរ​មិន​ស្គាល់​តំបន់​ទេសច​រណ៍​ «អូរផ្លាយ​»

ខេត្តមណ្ឌលគិរី ៖ ផ្លូវ​វាង​មួយ​ខ្សែ​ដែល​មាន​ប្រវែង​ជិត​៣០០​ម៉ែត្រ ដែល​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត បាន​ធ្វើការ​ឈូស​ឆាយ ដើម្បី​ជួយ​សម្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្នុងស្រុក​ពេ​ជ្រា​ដា និង​ដើម្បី​ភាព​ងាយស្រួល​សម្រាប់​ភ្ញៀវ​ទេសចរ ខណៈ​ស្ពានដែក​មួយ​ត្រូវ​បាន​បាក់​ជា​២​កំណាត់ កាលពី​២​ស​ប្តា​ហ៍​មុន​នោះ ត្រូវ​បាន​ក្លាយទៅជា​កន្លែង​ទាក់ទាញ​ភ្លៀវ​ទេសចរ ស្ទើរតែ​នឹក​ស្មាន​មិន​ដល់ ព្រោះ​ផ្លូវ​វាង​នោះ មាន​អូរ​ថ្មដា​មួយ​ឈ្មោះ «​អូរ​ផ្លា​យ​» ដែល​អាច​ឱ្យ​រថយន្ត​ធុន​មធ្យម និង​ធុន​តូច បើកបរ​ឆ្លង​ទឹកបាន និង​មាន​ទេសភាព​ស្អាត​ប្លែក​ភ្នែក ដោយ​មានទឹក​ហូរ​ត្រជាក់​ដល់​ឆ្អឹងខ្នង ។

អ្នកទេសចរ​មួយ​ក្រុម ដែល​បាន​មក​លេង​កម្សាន្ត​ក្នុង​ខេត្តមណ្ឌលគិរី ហើយ​ទៅ​លេង​ទឹកជ្រោះ​ប៊ូ​ស្រា​បាន​និយាយ​ថា ពួក​គាត់​មាន​បំណង​ទៅ​លេង​ទឹកជ្រោះ​ប៊ូ​ស្រា និង​ងូតទឹក​លេង​ជាមួយ​គ្រួសារ​-​មិត្តភក្តិ តែ​នៅ​ពេល​បាន​មក​ដល់​ចំណុច​ផ្លូវ​វាង​ស្ពាន​បាក់​នោះ ស្រាប់តែ​ជាប់​ចិត្តនឹង​ទេសភាព​របស់ «​អូរ​ផ្លា​យ​» ដែល​មានទឹក​ថ្លាយង់​ហូរ​លើ​ថ្មដា​ទៅ​វិញ ។

ក្រុម​ទេសចរ​បន្ត​ថា បន្ទាប់​ពី​ពួក​គាត់​ឃើញ​អូរ​ផ្លា​យ មាន​កន្លែង​គួរ​ឱ្យ​ចង់​ងូតទឹក​លេង​សប្បាយ​ដូច្នេះ មនុស្ស​ក្នុង​ក្រុម​ទាំងអស់ ដែល​មាន​សមាជិក​ប្រមាណ​ជាង​២០​នាក់ ក៏​សម្រេចចិត្ត​ថា ទៅ​លេង​ជ្រោះ​ប៊ូ​ស្រា​ថតរូប និង​ហូប​អាហារ​នៅ​ទីនោះ រួច​នឹង​បក​មក​ងូតទឹក​លេង​នៅ​អូរ​ផ្លាញ​វិញ ម្យ៉ាង​ទឹកជ្រោះ​ប៊ូ​ស្រា​មាន​ស្ថានភាព​ថ្ម​រដិបរដុប​ខ្លាំង​ពិបាក​ងូតទឹក​លេង​ផង ។