ឆ្នោតវៀតណាម កំពុងហូរចូល នឹងបើកដៃឲ្យលេង ក្នុងទឹកដី ខេត្តស្វាយរៀង គ្មានការបង្រ្កាប

ស្វាយរៀង៖ ឆ្នោតសន្លឹកវៀតណាម កំពុងចរាចរណ៍ យ៉ាងរលូននៅក្នុង ខេត្តស្វាយរៀង ខណៈដែលអាជ្ញាធរ មិនមានវិធានការ ទប់ស្កាត់នៅឡើយ ជាពិសេសមេឆ្នោតដុះស្លែ កំពុងពង្រាយកូនកញ្រ្ចែង តាមស្រុកភូមិ ពួនសំងំ លាក់កំបាំង ពីសមត្ថកិច្ច។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា សព្វថ្ងៃនេះនៅខេត្តស្វាយរៀង សំបូដោយអ្នកលក់ ឆ្នោតវៀតណាម នៅតាម រោងកាហ្វេ តាមអង្គភាពមន្ត្រីរាជការ មួយចំនួនហាក់ពុំខ្លាចរអា និងសមត្ថកិច្ចឡើយ រីឯល្បែងកន្លុយលេខវិញ ចាក់ តាមរោងកាហ្វេរ តាមផ្ទះនៅក្នុងទីប្រជុំជនផ្សាវាលយន្តស្វាយរៀង ទោះបីរយៈកាលកន្លងមក មានការបង្ត្រាបពី សមត្ថកិច្ចក៏ដោយ ក៏ចំណាត់ការនេះប្រៀបបាន និងភ្លើងចំបើងតែប៉ុណ្ណោះ។

ប្រភពបន្តថា ចំណែកជនជាតិវៀតណាមដើរលក់ឆ្នោតនោះ ក៏ធ្លាប់ត្រូវបានសមត្ថកិច្ច ចុះបង្ក្រាបចាប់ឃាត់ខ្លួន បានជាច្រើននាក់ដើម្បីធ្វើការអប់រំ និងដោះលែងណែនាំ កុំឲ្យមកលក់ឆ្នោតទៀត តែមិនដឹងយ៉ាងម៉េច បានតែ២ ទៅ៣ថ្ងៃ ស្រាប់តែឃើញវត្តមានជនជាតិវៀតណាម មកលក់ឆ្នោតយ៉ាងគ្រហើរៗ ក្នុងស្រុកក្រុងមួយចំនួន នៅខេត្ត ស្វាយរៀង នាំឲ្យប្រជាពលរដ្ឋសមត្ថកិច្ច និងមន្ត្រីរាជការមួយចំនួនទិញ ឆ្នោតវៀតណាមមួយថ្ងៃៗ អស់រាប់រយ សន្លឹក អស់ប្រាក់រាប់លានរៀលឯណោះ។

សម្រាប់ឆ្នោតសន្លឹកវៀតណាមនេះដែរ មានប្រភពមួយបានលួចបង្ហើបប្រាប់ថា មូលហេតុដែលមានអ្នកហ៊ាន ដើរ លក់ឆ្នោតមួយនេះពេញទាំងខេត្តគឺដោយសារ ឆ្នោតរបស់គេមានច្បាប់ត្រឹមត្រូវហើយម៉្យាង នៅក្នុងខេត្តស្វាយរៀង នេះមានអតិថិជនជាច្រើនបានទិញ ហើយការទិញនេះទៀតសោត គឺក្នុងម្នាក់ជាច្រើនសន្លឹក ដែលធ្វើឱ្យអាជីវកម្ម មួយនេះអាចរកប្រាក់ចំណូលបានច្រើនគួរសម ។

ដោយឡែកអតិថិជននៅក្នុង ខេត្តស្វាយរៀង ដែរបានទិញឆ្នោតវៀតណាម ទាំងនេះបានឱ្យដឹងថា ឆ្នោតមួយ សន្លឹក មានតម្លៃ ១០០០០ ដុង បើគិតជាលុយខ្មែរ គឺ ២០០០ រៀល ហើយប៉ុន្មានថ្ងៃនេះ គឺមានអ្នកមានសំណាង បានត្រូវឆ្នោតមួយនេះជាច្រើនអ្នកទៀតផង ដែលមានអ្នកខ្លះត្រូវរង្វាន់ធំ ដែលមានចំនួនទឹកប្រាក់ប្រហែល ៧ ម៉ឺនដុល្លា ឯណោះ ដែលធ្វើឱ្យអ្នកមិនទាន់មានសំណាងផ្សេងទៀតខិតខំព្យាយាមផ្សងសំណាងបន្តទៀត ។
ទោះបីជាយ៉ាងណាប្រជាពលរដ្ឋ ខេត្តស្វាយរៀង សូមណូមពរដល់ លោកអភិបាលខេត្ត និងលោកស្នងការ នគបាលខេត្តស្វាយរៀង មេត្តាលុបបំបាត់ ល្បែងកន្ទុយលេខ និងអ្នកលក់ឆ្នោតវៀតណាម យ៉ាងអាណាធេបតេយ្យ ក្នុងខេត្ត ដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថភាព ដែលរាជរដ្ឋាភិបាលបានដាក់ចេញនិងជាពិសេស ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។

ទាក់ទងនិងករណីនេះដែល សមត្ថកិច្ចបានបង្ហើបប្រាប់ ក្រុមអ្នកសាពត៏មានឱ្យដឹងថា ការចូលមកលក់ឆ្នោត របស់ជនជាតិ វៀតណាមនេះ គឺដូចហ្នឹងការដែលជនជាតិខ្មែរចូលទៅកាប់អំពៅ និងរកស៊ីលក់ដូរនៅប្រទេស វៀតណាមដែរ គឺជៀសមិនផុតនោះឡើយ ខាងអាជ្ញាធរគឺបានហាមឃាត់ហើយ ប៉ុន្តែដោយយើងជាអ្នក ភូមិផង របងជាមួយគ្នា ហើយចំពោះចំណាត់ការវិញគឺយើងមិនមានពេលទៅឃាត់គាត់រាល់ថ្ងៃនោះឡើយ ដូច្នេះគឺយូរ ម្តងយើងហៅគាត់មកអប់រំម្តង៕

ឆ្នោតវៀតណាម កំពុងហូរចូល នឹងបើកដៃឲ្យលេង ក្នុងទឹកដី ខេត្តស្វាយរៀង គ្មានការបង្រ្កាប