វៀតណាម​ចូល​កាប់​ឈើ ត្រង់​ច្រករបៀង​ឡាំ​ប៉ឹ​ក ខេត្តមណ្ឌលគិរី

​ប្រជា​សហគមន៍ នៅ​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី បាន​អះអាងថា នៅទីនេះ មាន​ជនជាតិ​វៀតណាម​ជាច្រើន​នាក់ បាន​ចូលមក​ទឹកដី​ខ្មែរ កាប់​ឈើ ដោយ​ខុសច្បាប់​ក្នុងព្រៃ​សហគមន៍​ចំណុច​អូរ​ពុល ក្នុង​ដែន​ការពារ​សត្វព្រៃ​ភ្នំ​ណាំ​លៀ ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត ជាប់​ប៉ុស្តិ៍​របៀង​ឡាំ​ប៉ឹ​ក ក្នុងភូមិ​សាស្ត្រ​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ។

វៀតណាម​ចូល​កាប់​ឈើ ត្រង់​ច្រករបៀង​ឡាំ​ប៉ឹ​ក ខេត្តមណ្ឌលគិរី

សហគមន៍​ប្រជាពលរដ្ឋ​នៅ​ទីនោះ បាន​ឲ្យ​ដឹងថា បើ​អាជ្ញាធរ​នៅ​ទីនោះ មិន​បើកដៃ​នោះទេ ពួក​ជនជាតិ​វៀតណាម​ទាំងនោះ មិន​ហ៊ាន​ចូលមក​កាប់​ឈើ​នៅ​ទី​នោះឡើយ ។ ទាក់ទង និង រឿងនេះ មេ​ប៉ុស្តិ៍​របៀង​ឡាំ​ប៉ឹ​ក លោក​ប្រាក់ ភារ​ម្យ និង លោក ឡេង សុ​ភ័​ណ្ឌ មេបញ្ជាការ​វរៈ​សេនា​តូច នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៦២១ មិនអាច​សុំ​ការបំភ្លឺ​បានឡើយ ។

វៀតណាម​ចូល​កាប់​ឈើ ត្រង់​ច្រករបៀង​ឡាំ​ប៉ឹ​ក ខេត្តមណ្ឌលគិរី

លោក​ឈិ​ត សុផល ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ដែល​គ្រប់គ្រង​តំបន់​ការពារ​សត្វព្រៃ​ភ្នំ​ណាំ​លៀ​បាន​ឲ្យ​អ្នកកាសែត​ដឹងថា ករណី​ប្រជា​សហគមន៍ ចោទប្រកាន់ថា​ជនជាតិ​វៀតណាម បាន​ចូលមក​កាប់​ឈើ​នៅ​តំបន់​ខាងលើ លោក​មិនទាន់​ទទួលដំណឹង​នៅឡើយ​ទេ តែ​លោក​នឹង​ចាត់​កម្លាំង​ទៅ​ត្រួតពិនិត្យ​បន្ទាន់ ។

វៀតណាម​ចូល​កាប់​ឈើ ត្រង់​ច្រករបៀង​ឡាំ​ប៉ឹ​ក ខេត្តមណ្ឌលគិរី

ប្រជា​សហគមន៍​នៅ​ស្រុក​អូររាំង និង​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​រិះគន់ ថា ករណី​ជនជាតិ​វៀតណាម​បន្ត​ចូលមក​កាប់​ឈើ​នៅ​លើដី​ខ្មែរ​នេះ កើតឡើង​ស្រប​ពេលដែល​ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី ដែល​ទើប​តែងតាំង​ថ្មី លោក​វរៈសេនីយឯក ទូច ដា​ណា​រ៉ា ជា​ស្នងការរង​ទទួលបន្ទុក​កិច្ចការ​ព្រំដែន ជំនួស​លោក​ឧ​ត្ត​ម​សេនីយ​ត្រី តូច យ៉ុ​ន ដែល​ឡើង​តំណែង​ជា​ស្នងការ​ខេត្តមណ្ឌលគិរី ៕​សុថា​ត់​