ឪពុក​ម្តាយ​ឈ្លោះ​គ្នា ខួរក្បាល​កូន​ នឹង​ជួប​បញ្ហា​អ្វីខ្លះ​?

ឪពុក​ម្តាយ​ឈ្លោះ​គ្នា ខួរក្បាល​កូន​ នឹង​ជួប​បញ្ហា​អ្វីខ្លះ​?

​អត្ត​ច​រឹត និង​អាកប្បកិរិយា​របស់​កូន ស្តែង​ចេញ​ពី​គំនិត និង​ការអប់រំ​របស់​អ្នក ចំពោះ​រូប​គេ​។ ជាធម្មតា ទម្លាប់ សកម្មភាព ឬ​ពាក្យសំដី​ភាគច្រើន​របស់​កូន​អ្នក គឺជា​អ្វី​ដែល​អ្នក​ធ្លាប់​បង្ហាញ ឲ្យគេ​បានដឹង ឬ​គេ​បានឃើញ​។ ដូច្នេះហើយ ក្នុងនាម​ជា​ឪពុកម្តាយ អ្នក​គួរតែ​ធ្វើជា​គម្រូ​ដ៏​ល្អ​សម្រាប់​កូន ដើម្បី​ជួយ​ឲ្យគេ​មាន​អនាគត​ល្អ​។

ពិតណាស់ ការឈ្លោះគ្នា​របស់​ឪពុកម្តាយ នឹង​ជះ​ឥទ្ធិពល​អាក្រក់​បំផុត ចំពោះ​កូន​ក្នុងពេល​បច្ចុប្បន្ន និង​អនាគត​។ ប្រសិនបើ​អ្នក​ឈ្លោះ​គ្នា ហើយ​ដោះស្រាយ​ដោយ​សន្តិវិធី នោះ​កូន​រៀន​តាម​អ្នក ក្នុង​ការដោះស្រាយ​ជម្លោះ ប៉ុន្តែ បើ​អ្នក​ប្រើ​អំពើហឹង្សា ដើម្បី​បញ្ចប់​ជម្លោះ ឬ​បង្ក​ជម្លោះ​ឲ្យ​កាន់តែ​ធំ​ឡើយ នោះ​គេ​នឹង​រៀន​តាម​អ្នក​ទៀតហើយ​។ ចូរ​ចងចាំ​ថា អ្នក​គឺជា​គ្រូបង្រៀន​ដ៏​ល្អ​បំផុត សម្រាប់​ខួរក្បាល​របស់​កុមារ ដូច្នេះ អ្នក​ត្រូវ​ព្យាយាម និង​កែប្រែ​ខ្លួនឯង​ឲ្យបាន​ល្អ​ដើម្បី​កូន​។

​វិធី​ដោះស្រាយ​ជម្លោះ​
​ប្រសិនបើ​អ្នក​ឈ្លោះ​គ្នា អ្នក​មិន​ត្រូវ​ធ្វើ​វា​ចំពោះមុខ​កូន​ឡើយ ប៉ុន្តែ ក្នុងករណី​កូន​ដឹង អ្នក​ត្រូវ​ចេះ​ដោះស្រាយ​ជម្លោះ ដោយ​សន្តិវិធី​នៅ​ចំពោះមុខ​កូន ពេលនោះ ខួរក្បាល​របស់​កុមារ នឹង​ចងចាំ​វា​ទុក ហើយ​វិនិច្ឆ័យ​បាន​យ៉ាង​ល្អ​ទៀតផង​។​

​ជម្លោះ​ជះឥទ្ធិពល​អ្វីខ្លះ ចំពោះ​កូន​អ្នក​?
​ជម្លោះ​ដ៏​ល្អ នឹង​ជួយ​ឲ្យ​កូន​អ្នក​ដឹង និង​រៀនសូត្រ​នូវ​រឿង​ល្អៗ​ជាច្រើន​។ អ្នក​ត្រូវ​ចងចាំ​ថា ពេល​អ្នក​ឈ្លោះ​គ្នា ខួរក្បាល​របស់​កូន កំពុងតែធ្វើការ ហើយ​គិត​អំពី​អ្នក​ទាំង​ពីរ​។​

​វិធី​ឈ្លោះ​គ្នា ចំពោះមុខ​កូន​
​តើ​អ្នក​គួរតែ​ឈ្លោះ​គ្នា ចំពោះមុខ​កូន​ដែរឬទេ​? ពេលខ្លះ គួរតែ​អញ្ចឹង​! ឧទាហរណ៍ ពេល​ប្រពន្ធ មិន​ចូល​ចិត្ត ឬ​ចង់​ឲ្យ​ប្តី​ឈប់​ជក់បារី និង​ឈប់​ផឹកស្រា​។ អ្នក​គួរតែ​លើកយក​ផលវិបាក​របស់​វា និង​ផលចំណេញ​ពេល​អ្នក​ឈប់ មក​រ៉ាយរ៉ាប់​ចំពោះមុខ​កូន និង​ប្តី នោះ​កូន​អ្នកនឹង​រៀន​ចេះដឹង​ច្រើន ហើយប្តី​អ្នក​ប្រហែល​ជា​ខ្មាស់​កូន ហើយ​ចង់​ធ្វើជា​គម្រូ​ល្អ​ចំពោះ​កូន​។ ជា​ចុងក្រោយ ប្តី​អ្នក​ច្បាស់​ជា​ឈប់​ហើយ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។