លោក អេង ឆៃអ៊ាង សុំទោសលោក សឺន ស៊ូបែរ្តិ៍ និងប្រជាជនខ្មែរ​ក្រោម​

មន្រ្តី​ជាន់​ខ្ពស់​គណបក្សសង្គ្រោះជាតិ​លោក អេង ឆៃអ៊ាង បានធ្វើលិខិត​សុំទោស​លោក សឺន​ ស៊ូបែរ្តិ៍​ និងប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោមជាសាធារណៈ​ពាក់​ព័ន្ធ​នឹង​បទ​អត្ថា​ធិប្បាយ​ខ្លួននៃ​ករណី​​បុព្វ​បុរស​ខ្មែរ​លោក​ឧកញ៉ា សឺ​ន គុយ។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​លោក សឺន ស៊ូបែរ្តិ៍ និងប្រជា​ពលរដ្ឋខ្មែរកម្ពុជា​​ក្រោមមួយ​ចំនួន​​ ប្រកាស​មិនសុខ​ចិត្ត​នឹង​ប្រសាសន៍​របស់​ខ្លួន​នោះ​ ​លោក អេង ឆៃអ៊ាង បានសម្រេច​សុំទោស​លោក សឺន​ ស៊ូបែរ្តិ៍ និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ជា​សាធារណៈចំពោះ​អ្វី​ដែល​ខ្លួន​បាន​អត្ថាធិប្បាយ​ទាក់​ទង​នឹង​ករណី​លោកឧកញ៉ា សឺន គុយ​​។ ក្នុងលិខិត​រប​ស់ខ្លួនផ្ញើជូន លោក សឺន ស៊ូបែរ្តិ៍ ចៅ​ប្រុស​របស់​លោកឧកញ៉ា សឺន គុយ ចុះ​ថ្ងៃទី ០៣ ខែ​មករា លោក អេង ឆៃ​អ៊ាង បានពន្យល់​ថា ការលើកឡើងរបស់​ខ្លួន​ដោយ​ប្រៀប​ធៀប​រវាង​យុទ្ធសាស្រ្ត​​ឯកឧត្តម សម រង្ស៊ី និងឧកញ៉ា សឺន គុយ គ្រាន់​តែ​ជា​ទស្សនៈ​ផ្ទាល់​ខ្លួនតែ​ប៉ុណ្ណោះ។ អនុប្រធានគណៈកម្មាធិការ​នាយក​គណបក្សសង្គ្រោះជាតិររូប​នេះ អះអាង​ថា រូប​លោកគ្មាន​ចេតនាបន្តុះ​បង្អាប់​​ ឬប្រមាថ​មើល​ងាយ​ចំពោះ​វីរៈភាព​រ​បស់​លោកឧកញ៉ា​ សឺន គុយ ឡើយ។​

តែយ៉ាងណាលោក អេង ឆៃអ៊ាង បាន​សុំទោសលោក សឺន ស៊ូប៊ែរ្តិ៍ កូន​ប្រុស​របស់​សម្តេច សឺន សាន ប្រធាន​គណៈកម្មាធិការអចិន្រ្តៃយ៍​មូល​និធិ​សម្តេច សឺន សាន។ «ប្រសិនបើ​​ឯកឧត្តម ឬបងប្អូនខ្មែរ​កម្ពុជា​ក្រោមរូបណា​យល់ថា ការថ្លែង​របស់ខ្ញុំ​ពុំសមរម្យ​ ឬមិន​ត្រឹម​ត្រូវ ខ្ញុំសូមអធ្យាស្រ័យ និងអភ័យទោស​ចំពោះ​ឯកឧត្តម និងបងប្អូន​ខ្មែរ​កម្ពុជាក្រោម​រូបនោះ»។​ នេះជាការសុំទោស​របស់​លោក អេង ឆៃ​អ៊ាង​។

ជាមួយគ្នានេះ លោក អេង ឆៃអ៊ាង ក៏បញ្ជាក់​ពីជំហរ​ផ្ទាល់​ខ្លួនថា លោក​ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ដទៃទៀតដែរ​ ដែល​មិន​ភ្លេច​ពី​គុណូប​ការៈ​របស់លោកឧកញ៉ា សឺន គុយ  ជាអ្នកតស៊ូ​ប្រឆាំង​វៀតណាម ដើម្បី​ការពារ​វប្បធម៌​ និង​អរិយធម៌ខ្មែរ។

នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​ខ្លួន​នៅក្នុង​ទីក្រុង​ Montreal ប្រទេស​កាណាដា កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៥ លោក អេង ឆៃអ៊ាង បានថ្លែងពីយុទ្ធ​សាស្រ្តអតី​ត​កាល​របស់​លោកឧកញ៉ា សឺន គុយ ចៅហ្វាយខេត្ត​ព្រះត្រពាំង កម្ពុជា​ក្រោម ដែលយល់​ព្រម​ឲ្យ​វៀតណាម​ចាប់ខ្លួននោះ  មិនមែនជាយុទ្ធសាស្រ្តអាច​ជួយ​រំដោះ​ទឹក​ដី​កម្ពុជា​ក្រោម​បាន​ឡើយ។ ថ្លែង​ដល់​ចំណុច​នេះ លោក អេង ឆៃ​អ៊ាង មន្រ្តី​ស្និទ្ធ​នឹង​ឯក​ឧត្តម​ សម រង្ស៊ី បានបញ្ជាក់ជំហរថា គណបក្ស​សង្គ្រោះជាតិ មិនចង់ឲ្យ​ឯក​ឧត្តម​ សម រង្ស៊ី ដើរ​តាម​យុទ្ធ​សាស្រ្ត​នេះ​ឡើយ។ ការថ្លែង​បែប​នេះហើយ​ ទើប​ធ្វើ​ឲ្យលោក សឺន ស៊ូបែរ្តិ៍ មិនពេញ​ចិត្ត៕