ពលរដ្ឋ​ស្រុក​ព្រែក​ប្រសព្វ​ខេត្ត​ក្រចេះ​ត្អូញត្អែរ​អំពី​ផ្លូវ​លំ​ដី​ហុយ​ប៉ះពាល់​សុខភាព

ពលរដ្ឋ​ស្រុក​ព្រែកប្រសព្វ ខេត្ត​ក្រចេះ ត្អូញត្អែរ​អំពី​បញ្ហា​ផ្លូវ​លំ​មួយ​ខ្សែ​ចម្ងាយ​ប្រហែល​ជាង ៣០​គីឡូម៉ែត្រ តាម​បណ្តោយ​ទន្លេ​មេគង្គ ខូចខាត និង​មាន​ដី​ហុយ​ខ្លាំង។ ពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ផ្លូវ ឲ្យ​ដឹង​ថា ពួក​គាត់ និង​អ្នក​ធ្វើ​ដំណើរ កំពុង​ប្រឈម​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ដោយសារ​ធូលី​ដី​ហុយ​ខ្លាំង​ជាច្រើន​ឆ្នាំ​កន្លង​មក។ ចំណែក​កុមារ​មួយ​ចំនួន​មាន​ជំងឺ​ផ្លូវ​ដង្ហើម និង​សួត បណ្ដាល​មក​ពី​ធូលី​ដី​ហុយ​នោះ។

ពលរដ្ឋ​រស់នៅ​ស្រុក​ព្រែកប្រសព្វ នៅ​ថ្ងៃ​ទី​៣ មករា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ពន្លឿន​ការ​អភិវឌ្ឍ​ផ្លូវ​លំ​មួយ​ខ្សែ​ក្រាល​ក្រួស​ក្រហម មាន​ធូលី​ដី​ហុយ​ខ្លាំង ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គាត់ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់។ អ្នក​ភូមិ​ចាត់​ទុក​ថា ធូលី​ដី​ហុយ​ខ្លាំង​បង្ក​គុណ​វិបត្តិ ងាយ​នឹង​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍ ប៉ះពាល់​សុខភាព​ពលរដ្ឋ និង​កុមារ។

ពលរដ្ឋ​មាន​ទី​លំនៅ​ជាប់​ផ្លូវ​នោះ រស់នៅ​ឃុំ​ជ្រោយបន្ទាយ ស្រុក​ព្រែកប្រសព្វ បារម្ភ​ដូចៗ​គ្នា​ថា បើ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ នៅ​តែ​ពន្យារ​ពេល​កសាង​ផ្លូវ​នេះ នឹង​ប៉ះពាល់​កាន់​តែ​ធ្ងន់ធ្ងរ​ដល់​ជីវិត​រស់នៅ​របស់​ពលរដ្ឋ​រាប់​ម៉ឺន​នាក់ ដែល​កំពុង​ធ្វើ​ដំណើរ​ប្រកប​របរ​ចិញ្ចឹម​ជីវិត រួម​ទាំង​សិស្សានុសិស្ស​ទៅ​សាលា​រៀន​ផង៖ «វា​ហុយ​ខោ​អាវ​ក្នុង​ផ្ទះ​ក្រហម​អស់​ហើយ ពេល​យើង​ហូប​បាយ​ម្តងៗ រក​តែ​ហូប​បាយ​មិន​ចង់​កើត។ ក្មេង​វា​ច្រើន​តែ​រលាក​បំពង់​ក ដល់​ពេល​វា​ហុយ»

ពលរដ្ឋ​រស់នៅ​ភូមិ​កំពង់ដ ឃុំ​ជ្រោយបន្ទាយ លោកស្រី ញឹប ម៉ៅ និយាយ​ថា នៅ​ពេល​មាន​រថយន្ត​ធ្វើ​ដំណើរ​ម្តងៗ ធូលី​ដី​ហុយ​ចូល​ផ្ទះ​បណ្ដាល​ឲ្យ​ប្រឡាក់​ចាន​ឆ្នាំង ភួយ​ខ្នើយ និង​សម្ភារៈ​ផ្សេងៗ​ទៀត។ លោកស្រី​កត់​សម្គាល់​ថា ផ្លូវ​មួយ​ខ្សែ​នេះ​ហុយ​ជាង ១០​ឆ្នាំ​មក​ហើយ បណ្ដាល​ឲ្យ​កុមារ​តូចៗ​មួយ​ចំនួន កំពុង​មាន​ជំងឺ​ផ្លូវ​ដង្ហើម និង​សួត៖ «ប៉ះពាល់​ច្រើន​រលាក​បំពង់​ក ក្អក​ផ្ដាសាយ​ចង់​គ្រប់​គ្នា បើ​ផ្លូវ​ចឹង»

ឆ្លើយ​តប​ការ​ព្រួយ​បារម្ភ​នេះ អភិបាល​ស្រុក​ព្រែកប្រសព្វ លោក អៀន ភារម្យ បញ្ជាក់​ថា ការ​ព្រួយ​បារម្ភ​របស់​ពលរដ្ឋ អាជ្ញាធរ​ស្រុក​កំពុង​រក​មធ្យោបាយ​អភិវឌ្ឍ​ផ្លូវ​នោះ ដូចជា​ក្រាល​កៅស៊ូ តែ​ការ​អភិវឌ្ឍ​ផ្លូវ​មួយ​ខ្សែ​នេះ​មាន​លក្ខណៈ​ធំ​ធេង ហួស​ពី​សមត្ថភាព​អាជ្ញាធរ​ស្រុក។ លោក​ថា គម្រោង​នៃ​ការ​អភិវឌ្ឍ​ផ្លូវ​នេះ គឺ​ជា​កញ្ចប់​ថវិកា​ជាតិ៖ «រាជ​រដ្ឋាភិបាល​កំណត់​មក​មាន​ថវិកា​កំណត់​តាម​ពេល​វេលា​តាម​ឆ្នាំ​គម្រោង។ រឿង​ផ្លូវ​កៅស៊ូ គង់​តែ​បាន ព្រោះ​វា​ជា​ផែនការ​រាជ​រដ្ឋាភិបាល»

ផ្លូវ​ក្រាល​ក្រួស​ក្រហម​ដែល​មាន​ប្រវែង​ជាង ៣០​គីឡូម៉ែត្រ តាម​បណ្តោយ​ទន្លេ​មេគង្គ​ចាប់​ពី​ទី​រួម​ស្រុក​ព្រែកប្រសព្វ ឆ្លង​កាត់​ឃុំ​ចំនួន​៦ ដូចជា ឃុំ​ព្រែកប្រសព្វ ឃុំ​តាម៉ៅ ឃុំ​កំពង់គរ ឃុំ​ចំបក់ ឃុំ​ជ្រោយបន្ទាយ និង​ឃុំ​សោប។ ឃុំ​ទាំង​នេះ​មាន​ពលរដ្ឋ​រស់នៅ​អម​សង​ខាង​ផ្លូវ​រាប់​ពាន់​គ្រួសារ។ ពលរដ្ឋ​ទាំង​នោះ បាន​ចាត់​ទុក​ផ្លូវ​មួយ​ខ្សែ​នោះ​ជា​សរសៃ​ឈាម​នៃ​សេដ្ឋកិច្ច​របស់​ពួក​គាត់ ដូចជា​ការ​ដឹក​ជញ្ជូន​កសិផល និង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត ជាដើម។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​ក្រចេះ លោក សរ ចំរុង ដើម្បី​សុំ​ការ​បញ្ជាក់​ពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣ មករា។

មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ល្បឿន​នៃ​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ដើម្បី​ធានា​នូវ​សុខុមាលភាព​ពលរដ្ឋ ហាក់​មាន​គម្លាត​ឆ្ងាយ​រវាង​ទី​ប្រជុំជន និង​នៅ​ជនបទ។ បញ្ហា​នេះ បង្ក​ជា​ការ​រំខាន​ដល់​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​របស់​ពលរដ្ឋ និង​ផល​ប៉ះពាល់​សុខភាព ដែល​ជា​ផ្នែក​មួយ​នាំ​ឲ្យ​ខាត​បង់​ប្រាក់​ចំណូល​សេដ្ឋកិច្ច​គ្រួសារ​របស់​ពលរដ្ឋ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ និង​សន្តិភាព លោក យង់ គិមអេង កត់​សម្គាល់​ថា រដ្ឋាភិបាល​ហាក់​មិន​បាន​បែង​ចែក​ការ​អភិវឌ្ឍ​ឲ្យ​មាន​តុល្យភាព បង្ក​ផល​សញ្ញា​អវិជ្ជមាន​ដល់​ការ​ទទួល​បាន​សេវា​សាធារណៈ​របស់​ពលរដ្ឋ។ លោក​ថា រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់ ដើម្បី​ទប់ស្កាត់​ផល​ប៉ះពាល់​សុខភាព​ពលរដ្ឋ ជាពិសេស​កុមារ៖ «ផល​ប៉ះពាល់​ទៅ​លើ​បញ្ហា​សុខភាព​ប្រជាពលរដ្ឋ អាច​នឹង​ធ្វើ​ឲ្យ​ពួក​គាត់​ចំណាយ​ច្រើន ហើយ​កាលណា​គាត់​ចំណាយ​ច្រើន គាត់​អាច​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ»

ទាក់ទិន​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត សុខ សោភ័ណ្ឌ ធ្លាប់​មាន​ប្រសាសន៍​ថា ធូលី​ដី​ប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម និង​សួត ដែល​បណ្ដាល​ឲ្យ​មាន​ជំងឺ​រលាក​សួត។ លោក​បារម្ភ​ថា កុមារ​ប្រឈម​សុខភាព​ធ្ងន់ធ្ងរ​ជាង​មនុស្ស​ចាស់ នៅ​ពេល​ដែល​ស្រូប​ធូលី​ដី​នេះ៖ «ពិសេស​ក្មេង ភ្នាស​អំបោះ​សួត​ហ្នឹង​វា​នៅ​ខ្ចី កាលណា​បឺត​ចូល​ធ្វើ​ឲ្យ​រលាក»

ស្រុក​ព្រែកប្រសព្វ ឋិត​នៅ​ទិស​ខាង​លិច​នៃ​ទី​រួម​ខេត្ត​ក្រចេះ ឆ្លង​កាត់​ទន្លេ​មេគង្គ។ ពលរដ្ឋ​រស់នៅ​ស្រុក​នេះ ច្រើន​ធ្វើ​ដំណើរ​មក​ទី​រួម​ខេត្ត​ដោយ​មធ្យោបាយ​ឆ្លង​សាឡាង ឬ​ទូកដ។ ស្រុក​នេះ​មាន​ពលរដ្ឋ​រស់នៅ​ជាង ៧​ម៉ឺន​នាក់ (៧១.៣១៣​នាក់) ស្មើ​នឹង​ពលរដ្ឋ​ជាង ១​ម៉ឺន ៥​ពាន់​គ្រួសារ (១៥.១៩៧​គ្រួសារ) ក្នុង​ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។