ភ្ញៀវ​ទេសចរ​បរទេស​មក​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥​កើន​ឡើង​៥%​ធៀប​នឹង​ឆ្នាំ​២០១៤

ក្រសួង​ទេសចរណ៍ នៅ​ថ្ងៃ​ទី​៣ ខែ​មករា បង្ហាញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មក​កម្ពុជា ក្នុង​ឆ្នាំ​២០១៥ បាន​កើន​ឡើង​ក្នុង​អត្រា ៥% ធៀប​នឹង​ឆ្នាំ​២០១៤។ កំណើន​នេះ​តិច​ជាង​គោលដៅ​របស់​ក្រសួង​ទេសចរណ៍ ដែល​រំពឹង​ចង់​ស្រូប​យក​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​បាន ៥​លាន​នាក់។ យ៉ាង​ណា អ្នក​តាម​ដាន​សេដ្ឋកិច្ច អបអរ​សាទរ​នឹង​កំណើន​នេះ ហើយ​ព្យាករ​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​អាច​នឹង​បន្ត​កើន​ឡើង​នៅ​ឆ្នាំ​២០១៦ ប្រសិន​បើ​កម្ពុជា អាច​រក្សា​សន្តិសុខ សុវត្ថិភាព និង​ស្ថិរភាព​នយោបាយ។

អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ លោក ហោ សារុន មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៣ ខែ​មករា ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មក​កម្ពុជា មាន​ចំនួន​សរុប​ប្រមាណ ៤​លាន ៧​សែន​នាក់ ច្រើន​ជាង​ឆ្នាំ​២០១៤ ដែល​កាល​នោះ​មាន​ចំនួន ៤​លាន ៥​សែន​នាក់។

ក្នុង​ឆ្នាំ​២០១៥ ភ្ញៀវ​ទេសចរ​ជនជាតិ​វៀតណាម នៅ​តែ​មាន​ចំនួន​ច្រើន​លំដាប់​ទី​១ ដែល​ជា​ធម្មតា​ចូល​មក​កម្ពុជា តាម​ច្រក​បាវិត ខេត្ត​ស្វាយរៀង។

អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ លោក ហោ សារុន កត់​សម្គាល់​ថា ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​តាម​ច្រក​ព្រំដែន និង​ផ្លូវ​អាកាស​មាន​ចំនួន​កើន​ឡើង ក៏ប៉ុន្តែ​ចំនួន​ភ្ញៀវ​ទេសចរ​ចូល​តាម​ច្រក​ប៉ោយប៉ែត នៅ​ឆ្នាំ​២០១៥ ថយ​ចុះ ១៣,៨១% ធៀប​នឹង​ឆ្នាំ​២០១៤។ មន្ត្រី​ក្រសួង​ទេសចរណ៍​រូប​នេះ ពន្យល់​ពី​មូលហេតុ​នៃ​ការ​ថយ​ចុះ​ភ្ញៀវ​ទេសចរ​ចូល​តាម​ច្រក​ប៉ោយប៉ែត ថា គឺ​ដោយសារ​បញ្ហា​មួយ​ចំនួន​ដែល​បាន​បង្ក​ជា​ក្ដី​បារម្ភ​ដល់​ភ្ញៀវ​ទេសចរ​បរទេស ក្នុង​អំឡុង​ឆ្នាំ​២០១៥៖ «បើ​យើង​ពិនិត្យ​មើល​សភាពការណ៍​ជា​រួម គឺ​ក្រោយ​ពី​យើង​ជួប​ប្រទះ​នូវ​បញ្ហា​ខ្លះ ដូចជា មាន​ការ​ផ្ទុះ​គ្រាប់​បែក​នៅ​ក្រុង​បាងកក មាន​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​អេបូឡា (Ebola) ហើយ​មាន​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិម​បូព៌ា នៅ​កូរ៉េ​ខាង​ត្បូង ហើយ​ម្យ៉ាង​ទៀត មាន​ករណី​ភេរវកម្ម​អី​ហ្នឹង អា​ហ្នឹង​វា​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​ត្រូវ​បាន​កាត់​បន្ថយ​ដែរ»

កំណើន​ភ្ញៀវ​ទេសចរ​ក្នុង​អត្រា ៥% ក្នុង​ឆ្នាំ​២០១៥ ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច លោក ស្រី ចន្ធី ចាត់​ទុក​ថា ជា​កំណើន​ប្រសើរ​មួយ ត្បិត​ការ​ថយ​ចុះ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ជា​បញ្ហា​ប្រឈម​ដល់​កំណើន​ភ្ញៀវ​ទេសចរ​មក​កម្ពុជា៖ «ទេសចរ​ភាគ​ច្រើន​ដែល​មក​លេង​ប្រទេស​យើង​ហ្នឹង គឺ​ចិន ច្រើន​ជាង​គេ។ ដល់​ពេល​សេដ្ឋកិច្ច​ចិន មាន​បញ្ហា ហើយ​មាន​បញ្ហា​ក្នុង​តំបន់​ទៀត ទំនាស់​រឿង​ឈូង​សមុទ្រ​ចិន ជាមួយ​យៀកណាម ជាមួយ​អី​ហ្នឹង អ៊ីចឹង​ចំនួន​ទេសចរ​ចិន ដែល​មក​លេង​ក៏​វា​កើន​តិច ដោយសារ​សេដ្ឋកិច្ច​គាត់​ធ្លាក់ ហើយ​ទេសចរ​ក្នុង​តំបន់​វា​អាស្រ័យ​លើ​សេដ្ឋកិច្ច​ចិន ដែរ។ អ៊ីចឹង​ក៏​មាន​ចំនួន​មិន​ច្រើន​ដែរ​ដែល​កើន​ឡើង ចង់​បង្កើន​លើស​នេះ​ទៀត ក៏​វា​មិន​ទៅ​រួច​ដែរ ដោយសារ​យើង​ពឹង​ផ្អែក​លើ​ទេសចរ​ក្នុង​តំបន់​ភាគ​ច្រើន»

ទោះ​បី​យ៉ាង​ណា លោក ស្រី ចន្ធី មាន​ប្រសាសន៍​ថា វិស័យ​ទេសចរណ៍​កម្ពុជា អាច​នឹង​ទទួល​បាន​ភ្ញៀវ​កាន់​តែ​ច្រើន ប្រសិន​បើ​អាច​ទាក់ទាញ​ភ្ញៀវ​ពី​ប្រទេស​ច្រើន​ទៀត ក្រៅ​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ី។ លោក​យល់​ឃើញ​ថា ក្រសួង​ទេសចរណ៍ កំពុង​ខិតខំ​អនុវត្ត​គោល​នយោបាយ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍។

ទន្ទឹម​នឹង​នេះ លោក ស្រី ចន្ធី ប្រមើល​មើល​ថា នៅ​ឆ្នាំ​២០១៦ ចំនួន​ភ្ញៀវ​ទេសចរ​មក​កម្ពុជា នឹង​បន្ត​កើន​ឡើង ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ពី​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន នឹង​កើន​ឡើង ដោយសារ​ភាព​អនុគ្រោះ​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ដែល​ទើប​ប្រកាស​បង្កើត​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ កន្លង​ទៅ។ ក្រៅ​ពី​នេះ លោក​ថា កំណើន​នោះ​នឹង​បន្ត ប្រសិន​បើ​កម្ពុជា អាច​រក្សា​សន្តិសុខ សុវត្ថិភាព និង​ស្ថិរភាព​នយោបាយ​បាន​ល្អ​ប្រសើរ ជាពិសេស​នៅ​ខណៈ​មាន​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។