​គ្រោះ​ថ្នាក់​ចរាចរណ៍​​​​ទូទាំងខេត្ត​តាកែវ​ ​ឆ្នាំ២០១៥ ស្លាប់​១៥១នាក់ របួស​ធ្ងន់​ស្រាល​៥៨២នាក់

​ខេត្ត​តាកែវ ៖ ​​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ពី​​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ចេះ​តែ​បន្ត​កើន​ឡើង​​​ឥត​ឈប់​ឈរ​ធ្វើ​ឱ្យ​បាត់​បង់​ជីវិត​មនុស្ស​​ស្លាប់ ​​របួស​ និង​ខាត​បង់​​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​សន្ធឹក​សន្លាប់​​ផង​ដែរ ដែល​កត្តា​ទាំង​នេះ​បង្ក​ឡើង​ដោយ​​​អ្នក​បើក​បរ​មិន​គោរព​​ច្បាប់​ចរាចរណ៍​ ។ ជាក់ស្តែង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ខេត្ត​ប្រចាំឆ្នាំ​២០១៥ មាន​ការ​កើន​ឡើង​ចំនួន​៣២៥លើក​លើ​២៨៧​លើក បើ​​ធៀប​ឆ្នាំ​២០១៤​ កើន​ឡើង​៣៨​លើក​ ​ស្មើ​នឹង​១៣.២៤ភាគ​រយ ។

​លោក​​វរ​សេនីយ៍​ឯក ប៉ុក ពលរិទ្ធ ​នាយ​ការិយាល័យ​​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​ឱ្យ​ដឹង​ថា ​នៅ​ឆ្នាំ​២០១៥ ​កន្លង​ទៅនេះ ​នៅ​ទូ​ទាំង​ខេត្ត​តាកែវ​​​គ្រោះ​ថ្នាក់​ចរាចរណ៍​​បណ្តាល​ឱ្យ​​​​​​គ្រោះ​ថ្នាក់​​ដល់​មនុស្ស​​​សរុប​ចំនួន​៧៣៣នាក់ លើ​៦៣២នាក់ កើន​ឡើង​១២១នាក់​ (ប្រុស​៥៥១នាក់) ក្នុងនោះ​ស្លាប់​១៥១នាក់ លើ​១០០នាក់ (ប្រុស​២៣នាក់)​ កើន​ឡើង​៥១នាក់ របួស​ធ្ងន់​៣១៩នាក់ លើ​២៨៦នាក់ (ប្រុស​២៥៤នាក់) កើន​ឡើង​៣៣នាក់ ។​ របួស​ស្រាល​២៦៣នាក់ លើ​២៤៦នាក់ (ប្រុស​១៦៩នាក់) ​កើន​ឡើង​១៧នាក់ ។​

លោក​​​នាយ​ការិយាល័យ​​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​បន្ត​ថា ខូច​ខាត​មធ្យោ​បាយ​សរុប​ចំនួន​៥៣៤​គ្រឿង​លើ​៤៨៥គ្រឿង ក្នុង​នោះ រថយន្ត​តូច​៩៣​គ្រឿង​លើ​៩៨​​គ្រឿង រថយន្ត​​ធំ​៤៤​​គ្រឿង​លើ​២៦​​គ្រឿង ម៉ូតូ​៣៤៨​គ្រឿង​លើ​៣២៥​​គ្រឿង ​​និង​យាន​ផ្សេងៗ​ចំនួន​៤៩​​គ្រឿង​លើ​៣៦​​គ្រឿង ។ មូល​ហេតុ​កត្តា​មនុស្ស​៣២០​ករណី កត្តា​ផ្លូវ​១​ករណី និង​កត្តាយាន​យន្ត​៤ករណី ៕