ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​តិច​ណូ​នឹង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃស្អែក ដោយ​ដាក់​ឈ្មោះ​ថ្មី​ថា «​ស្ពាន​អាកាស​៥​មក​រា​»

រាជធានី​ភ្នំពេញ ៖ ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​តិច​ណូ ត្រូវ​បាន​រាជរដ្ឋាភិបាល​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី​៩ កញ្ញា ២០១៤ កន្លង​មក ដែល​ស្ថិត​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន ពេល​នេះ​បាន​ស្ថាបនា​រួចរាល់​ហើយ បើ​មិន​មានការ​ប្រែ​ប្រួល​ទេ​នោះ ស្ពាន​នេះ​នឹង​ត្រូវ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ មក​រា ២០១៦ ។

នៅ​រសៀល​ថ្ងៃ​ទី​៤ មក​រា នេះ​ដែរ សាលា​រាជធានី​ភ្នំពេញ ក៏​បាន​រៀបចំ​ពិធី​ក្រុង​ពាលី​តាម​ប្រពៃណី​ទំនៀមទំលាប់ ដើម្បី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី សុំ​សេចក្តីសុខ​ចម្រុងចម្រើន និង​មាន​សុវត្ថិភាព មុន​នឹង​ធ្វើ​ពិធី​សម្ពោធ​ជា​ផ្លូវការ ដែល​ពិធី​នេះ​ស្ថិត​ក្រោម​អធិបតីភាព​លោក​ប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ​, លោក​ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ព្រមទាំង​មន្ត្រីរាជការ​ក្រោម​ឱវាទ​រាជធានី​ភ្នំពេញ​ជា​ច្រើន​រូប​ទៀត ។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​ទៀត​ថា ផ្លូវ​ក្រោម​ដី និង​ស្ពាន​អាកាស​តិច​ណូ​ដែល​ត្រូវ​សម្ពោធ​ថ្ងៃស្អែក​នេះ ត្រូវ​បាន​ដាក់​ឈ្មោះ​ថ្មី​ថា «​ស្ពាន​អាកាស​៥​មក​រា​» ដែល​នឹង​ត្រូវ​សម្ពោធ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ មក​រា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ។