កងកម្លាំង​សន្តិសុខ​អីុរ៉ា​ក់​រុញច្រាន​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម

ប្រភព​ព័ត៌មាន​សន្តិសុខ​រាយការណ៍​ថា កងកម្លាំង​សន្តិសុខ​អីុ​រ៉ា​ក់​កាលពី​ថ្ងៃ​ទី​៣ មក​រា បាន​រុញច្រាន​ការ​វាយប្រហារ​នានា​របស់​ពួក​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្នុង​ខេត្ត​អាន​បា និង​ខេត្ត​សាឡា ហ៊ូ​ឌី​ន ។

នៅ​ខេត្ត​អាន​បា​ភាគ​ខាងលិច​អីុ​រ៉ា​ក់ កង​ទាហាន និង​ប៉ូលិស ព្រមទាំង​ពួក​យុទ្ធ​ជន​កុលសម្ព័ន្ធ​ស៊ុន​នី​ត​គាំទ្រ​ដោយ​កង​យន្តហោះ​អីុ​រ៉ា​ក់ និង​កង​យន្តហោះ ក្រុមចម្រុះ​នាំមុខ​ដោយ​សហរដ្ឋ​អា​​មេ​រិ​កបាន​វាយ​រុញច្រាន​ការ​វាយប្រហារ​ដោយ​ទ្រង់ទ្រាយ​ធំ​ទាំងនេះ​របស់​ពួក​យុទ្ធ​ជន​ជី​ហា​ដ​ប្រដាប់​ដោយ​អាវុធ​ធុន​ធ្ងន់​ក្នុង​តំបន់​បា​វ៉ា​ណា និង​តំបន់​ខាស់​វ៉ា ជិត​ទីក្រុង​ហា​ឌី​ថា ចម្ងាយ​២០០​គីឡូម៉ែត្រ​ខាងលិច ក្រុង​បា​ដា​ដ បន្ទាប់​ពី​ការ​ប៉ះទង្គិច​ដែល​ផ្ទុះ​ឡើង​ចាប់ពី​វេលា​រំលង​អធ្រាត្រ​ទៅ ។ ពួក​រដ្ឋ​អ៊ិ​ស្លា​ម​បាន​បញ្ជូន​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​៧​គ្រឿង​វាយប្រហារ​លើ​បណ្តា​ទីតាំង​កងកម្លាំង​សន្តិសុខ ដែល​កម្ទេច​អស់​៣​គ្រឿង​ជាមួយ​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ មុន​ពេល​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​ទាំងនេះ ទៅ​ដល់​គោលដៅ ហើយ​៤​គ្រឿង​ទៀត​ក៏​រង​ការ​កម្ទេច​ដែរ តែ​នៅ​ក្បែរ​បណ្តា​ទីតាំង​របស់​កងទ័ព​បណ្តាល​ឱ្យ​សមាជិក​កងកម្លាំង​សន្តិសុខ ស្លាប់​១៥​នាក់ និង​របួស​២២​នាក់ ។

បណ្តា​យន្តហោះ​ចម្បាំង​របស់​អីុ​រ៉ា​ក់ និង​របស់​ក្រុមចម្រុះ​បាន​ចូលរួម​ក្នុង​ការ​វាយប្រហារ ហើយ​កម្ទេច​រថយន្ត​មួយ​ចំនួន ក្នុង​នោះ​រួម​ទាំង​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​នានា សម្រាប់​ធ្វើការ​វាយប្រហារ​អត្តឃាត ។ ទន្ទឹម​នឹង​នេះ ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ធ្វើការ​វាយប្រហារ​មួយទៀត លើ​ទីតាំង​កងទ័ព​អីុ​រ៉ា​ក់​នៅ​ជិត THARTHAR LAKE តំបន់​វាយ​ខ្សាច់​ភាគ​ខាងជើង​ក្រុង​រ៉ា​ម៉ា​ឌី ដោយ​បំផ្ទុះ​រថយន្ត​៣​គ្រឿង ក៏​ប៉ុន្តែ​ពួក​អ្នក​វាយប្រហារ​ពុំ​អាច​កម្ទេច​បណ្តា​ទីតាំង​យោធា​ឡើយ បន្ទាប់​ពី​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំងក្លា​ជាមួយ​កង​ទាហាន ។

ប្រភព​ព័ត៌មាន​ខាងលើ​បន្ត​ថា ការ​ប្រយុទ្ធ​គ្នា​បណ្តាល​ឱ្យ​ស្លាប់​ទាហាន​១៥​នាក់ និង​របួស​១២​នាក់ ចំណែក​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ច្រើន​សិប​នាក់​ក៏​ត្រូវ​ស្លាប់ និង​របួស​ដែរ ។ ចំណែក​ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​អន្តរជាតិ​សម្លាប់​ពួក​ជ្រុលនិយម​យ៉ាងតិច​២១​នាក់ ៕