ផលប្រយោជន៍​យោធា និង​ការទូត​ឥណ្ឌា​រង​ការ​វាយប្រហារ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន

ពួក​ជនប្រដាប់អាវុធ​កាលពី​ថ្ងៃ​ទី​៣ មក​រា ប៉ុនប៉ង​ធ្វើការ​វាយលុក​លើ​ស្ថាន​កុងស៊ុល​ឥណ្ឌា នៅ​ភាគ​ខាងជើង​អា​ហ្វ​ហ្គា​នី​ស្ថាន បន្ទាប់​ពី​ការ​វាយលុក​មួយ​ប្រឆាំង​មូលដ្ឋាន​អាកាសចរណ៍​នៅ​ភាគ​ខាងជើង​ឥណ្ឌា ខណៈ​នាយក​រដ្ឋមន្ត្រី​ប្រទេស​នេះ ជំរុញ​ឱ្យ​មានការ​ខិតចូល​ជិត​គ្នា​ជាមួយ​គូប្រជែង​ធំ​ប៉ា​គី​ស្ថាន ។

ពួក​ឧទ្ទាម​តា​លី​បង់​ពុំ​បាន​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​ស្ថាន​កុងស៊ុល​ឥណ្ឌា​នៅ​ទីក្រុង​មា​ហ្សា​រ​អីុ​សារី​ហ្វ​ភាគ​ខាងជើង​អា​ហ្វ​ហ្គា​នី​ស្ថាន​ឡើយ ក៏​ប៉ុន្តែ​ពួក​នេះ​ជា​រឿយ​ៗ​តែង​វាយប្រហារ​លើ​បណ្តា​ទីតាំង​ផលប្រយោជន៍​ឥណ្ឌា នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​នា​ពេល​កន្លង​ទៅ ។

នា​ល្ងាច​ថ្ងៃ​ទី​៣ មក​រា សំឡេង​ផ្ទុះ​២​ដំបូង​ស្តាប់​ឮ​នៅ​ទីក្រុង​ម៉ា​ហ្សា​រ អីុ​សារី​ហ្វ បន្ទាប់​មក​ឮ​ស្នូរ​ការ​បាញ់កាំភ្លើង ។ លោក MOUNIR FARHAD អ្នកនាំពាក្យ​របស់​អភិបាល​ខេត្ត BALKH ដែល​មាន​ទីក្រុង​ម៉ា​ហ្សា​រ​អីុ​សារី​ហ្វ ជាទី​ប្រជុំជន​បញ្ជាក់​ថា នោះ​ជា​ការ​វាយប្រហារ​ប្រឆាំង​ស្ថាន​កុងស៊ុល​ឥណ្ឌា ។ យើង​ពុំ​ទាន់​ដឹង​ថា តើ​ពួក​បះបោរ​លាក់ខ្លួន​ក្នុង​តំបន់​សន្តិសុខ​របស់​ប្លុក​អគារស្ថាន​កុងស៊ុល​នេះ​ដែរ ឬ​យ៉ាងណា​ឡើយ ។

ប្រភព​ព័ត៌មាន​ប៉ូលិស​ថា អ្នក​វាយប្រហារ​មួយ​ចំនួន​បាន​លុក​ចូល​ក្នុងផ្ទះ​មួយ​នៅ​ក្បែរ​ស្ថាន​កុងស៊ុល ហើយ​បាញ់​សំដៅ​កងកម្លាំង​សន្តិសុខ ។

លោក​វី​កាស់ ស្វា​រុ​ប អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌា​គូសបញ្ជាក់​ប្រាប់ AFP ថា ក្នុង​ពេល​ភ្លាម​ៗ​ពុំ​ទាន់​មាន​សេចក្តីរាយការណ៍​ពី​ជនជាតិ​ឥណ្ឌា​ណា​ម្នាក់​រង​គ្រោះ​ឡើយ ។

ការ​វាយប្រហារ​កាលពី​យប់​ថ្ងៃ​ទី​៣ មក​រា នោះ​កើត​មាន​បន្ទាប់​ពី​ទស្សនកិច្ច​នា​ពេល​ថ្មី​ៗ​នេះ​ទៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​របស់​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក​ណា​រេ​ន​ដ្រា ម៉ូ​ឌី ។ ក៏​ប៉ុន្តែ​លោក​ម៉ូ​ឌី ក៏​ឈោង​ចាប់ដៃ​ដែរ ជាមួយ​ប៉ា​គី​ស្ថាន​ដោយ​មក​បំពេញ​ទស្សនកិច្ច​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​នៅ​ទីក្រុង​ឡា​ហ័​រ ដើម្បី​ជួប​ជាមួយ​សម​ភាគី​ប៉ា​គី​ស្ថាន លោក​ណា​វ៉ាស់ សារី​ហ្វ នា​ថ្ងៃ​បុណ្យ​ណូអែល​។ ទោះបី​យ៉ាងណា ការ​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​ត្រូវ​បំផ្លាញ​បន្ទាប់​ពី​ការ​វាយប្រហារ​លើ​មូលដ្ឋាន​អាកាសចរណ៍​ឥណ្ឌា​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស កាលពី​ថ្ងៃ​ទី​២ មក​រា ដោយ​ពួក​អ្នក​វាយប្រហារ​សង្ស័យ​ស្ថិត​ក្នុង​ក្រុម​អ៊ិ​ស្លា​ម​និយម JAISH-E-MOHAMMED មាន​មូលដ្ឋាន​នៅ​ប៉ា​គី​ស្ថាន ៕