អ្នកស្លាប់​កើនឡើង​​៩​នាក់​ និងរបួស​ជិត​២០០​នាក់ ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​តំបន់​អាស៊ី​ខាងត្បូង

ប្រទេស​ឥណ្ឌា ៖ តាម​ការ​បញ្ចា​ក់​របស់​មន្ត្រី​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បានអោយ​ដឹង​ថា ការ​រញ្ជួយ​ដី​យ៉ាង​ខ្លាំង​បាន​វាយប្រហារ​មុន​ពេល​ថ្ងៃ​រះ ខណៈ​ពេល​ដែល​អ្នកស្រុក​ជាង​២៧ ម៉ឺន​នាក់ បាន​ដេក​លក់ ហើយ​អគារ​មួយ​ចំនួន​បាន​ដួល​រលំ ។ គ្រោះ​ការ​រញ្ជួយ​ដី​នេះ​កើតឡើង នៅ​ប្រទេស​ឥណ្ឌា​ជាប់​ព្រំប្រទល់​ជាប់​ប្រទេស​មី​យ៉ា​ន់​ម៉ា ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៩​នាក់ និង​រង​របួស​ជិត​២០០​នាក់ ។

មន្ត្រី​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​បន្ត​ទៀត​ថា ក្រុម​បុគ្គលិក​ផ្នែក​សង្គ្រោះ​រួម​ជាមួយ​សមត្ថកិច្ច បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង ដើម្បី​ជួយ​សង្គ្រោះ​អ្នក​ដែល​ជាប់​នៅ​ក្នុង​គំនរ​បាក់បែក ។

សូម​បញ្ជាក់​ថា គ្រោះ​ការ​រញ្ជួយ​ដី​មួយ​មាន​កម្រិត ៦.៧​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​នៅ​ប្រទេស​ឥណ្ឌា ស្ថិត​នៅ​ជិត​ព្រំដែន​ប្រទេស​មី​យ៉ា​ន់​ម៉ា កាលពី​ម៉ោង​៣​និង​៣៥​នាទី​ថ្ងៃ​ចន្ទ ទី​៤ មក​រា​នេះ ។