ភាព​តានតឹង​មាន​កាន់តែ​ខ្លាំង​រវាង​អីុ​រ៉​ង់ និង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ដែល​កាត់​ទំនាក់ទំនង​ការទូត​ជាមួយ​ក្រុង​តេ​ហេ​រ៉​ង់

ភាព​តានតឹង​រវាង​អីុ​រ៉​ង់ និង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត កាន់តែ​កើនឡើង បន្ទាប់​ពី​ការ​ប្រហារជីវិត​ប្រមុខ​សាសនា​ស៊ី​អីុត អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ម្នាក់​មក​ដោយ​យោង​តាម​ពួក​អ្នកជំនាញ​ការ​ថា ភាព​តានតឹង​នេះ​អាច​ធ្វើ​ឱ្យ​សង្គ្រាម​ផ្ទុះ​កាន់តែ​ខ្លាំង​នៅ​ស៊ី​រី និង​នៅ​យេ​ម៉ែ​ន ។

ទីក្រុង​រី​យ៉ា​ដ​ប្រកាស​នា​យប់​ថ្ងៃ​ទី​៣ មក​រា ពី​ការ​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​អីុ​រ៉​ង់ ដែល​បាន​បរិហារ​យ៉ាង​ខ្លាំងក្លា​បំផុត​ចំពោះ​ការ​ប្រហារជីវិត​ប្រមុខ​សាសនា​ស៊ី​អីុត​លោក NIMR AL NIMR កាលពី​ថ្ងៃ​ទី​២ មក​រា នៅ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ។ ម្យ៉ាងវិញទៀត ពួក​បាតុករ​អីុ​រ៉​ង់​បាន​វាយប្រហារ​លើ​ទីតាំង​ការទូត​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត នៅ​ក្រុង​តេ​ហេ​រ៉​ង់ និង​ក្រុង MACHHAD ។

លោកស្រី JANE KINNINMONI នៃ​វិទ្យាស្ថាន CHATHAM HOUSE ក្រុង​ឡុ​ង​ដ៍ អះអាង​ថា ការ​ប្រហារជីវិត​លោក AL NIMR នឹង​កាន់តែ​ធ្វើ​ឱ្យ​អីុ​រ៉​ង់ និង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ប៉ែង​ជើង​គ្នា​កាន់តែ​ខ្លាំង ។ អីុ​រ៉​ង់​ខិតខំ​តាំងខ្លួន​ជា​អ្នក​ការពារ​ផលប្រយោជន៍​របស់​ពួក​ស៊ី​អីុ​ត​លើ​ពិភពលោក ហើយ​អាជ្ញាធរ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត វិញ ចោទប្រកាន់​អីុរ៉​ង់​ថា ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ខ្លួន ។ ក្រុង​រី​យ៉ា​ដ​ពេល​ប្រកាស​ពី​ការ​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​ក្រុង​តេ​ហេ​រ៉​ង់​បរិហារ​ថា ការ​ជ្រៀតជ្រែក​ជា​អវិជ្ជមាន​និង​ការ​ឈ្លានពាន​របស់​អីុ​រ៉​ង់​ចូល​កិច្ចការ​ផ្ទៃក្នុង​អា​រ៉ាប់​ជា​រឿយ​ៗ​បង្ក​ការ​ខូចខាត និង​ការ​បំផ្លិចបំផ្លាញ​នានា ។

ពួក​អ្នក​ជំនាញការ​ធ្វើការ​កត់​សម្គាល់ថា អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ប្រកាន់​យក​នយោបាយ​ការ​បរទេស និង​យោធា​កាន់តែ​ក្លាហាន និង​ម៉ឺងម៉ាត់​ចាប់តាំងពី​ការ​ឡើង​គ្រងរាជ្យ​កាលពី​ខែមករា ឆ្នាំ​២០១៥ របស់​ព្រះមហាក្សត្រ​សាល់​ម៉ា​ន ព្រមទាំង​ការ​ផ្តល់​អំណាច​កាន់តែ​ខ្លាំង​ដល់​បុត្រា​ទ្រង់​ព្រះ​អង្គ​ខ្ពស់​ម៉ូ​ហា​ម៉េ​ដ រាជទាយាទ​រង និង​ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​​មក ។

អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ចាប់ពី​ខែមីនា ឆ្នាំ​២០១៥​មក ជា​ប្រមុខ​ក្រុមចម្រុះ​អា​រ៉ាប់ ស៊ុន​នី​ត ដែល​ធ្វើ​អន្តរាគមន៍​យោធា​នៅ​យេ​ម៉ែ​ន​ប្រឆាំង​ពួក​ឧទ្ទាម​ស៊ី​អីុ​ត ហ៊ូ​ធី ដែល មាន​ទំនាក់​ទំនង​ជាមួយ​អីុ​រ៉​ង់ ក៏​ប៉ុន្តែ​ជម្លោះ​នេះ​កាន់តែ​លង់ខ្លួន​ជាប់ផុង​ដោយ​ពុំ​មាន​ច្រកចេញ​ណាមួយ ។

លោក FRANCOIS HEISBOURG ទីប្រឹក្សា​នៃ​មូលនិធិ​ស្រាវជ្រាវ​យុទ្ធសាស្ត្រ FRS មាន​មូលដ្ឋាន​នៅ​ក្រុងប៉ារីស​និយាយ​ថា អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ពិត​ណាស់​កំពុង​លេង​ជាមួយ​ភ្លើង ។ តាំងពី​ចាប់ផ្តើម​ជម្លោះ​នៅ​យេ​ម៉ែ​ន​មក​ប្រទេស​នោះ​កាន់តែ​ជាប់ដៃ ។

សម្រាប់​លោក MAHJOOB AL ZWEIRI សាស្ត្រាចារ្យ​សិក្សា​ពី​មជ្ឈិម​បូព៌ា​នៃ​សាកលវិទ្យាល័យ​កា​តា​យល់​ថា អ្វី​ៗ​មានការ​ផ្លាស់​ប្តូរ​ទាំងស្រុង​រវាង​ក្រុង​តេ​ហេ​រ៉​ង់ និង​ក្រុង​រី​យ៉ា​ដ ។ លោក​ពន្យល់​ថា នា​ពេល​កន្លង​មក​អីុ​រ៉​ង់​គិត​ថា នយោបាយ​ការ​បរទេស និង​ក្នុង​ប្រទេស​របស់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត មានការ​រារែក ។ ក៏​ប៉ុន្តែ​នា​ឆ្នាំ កន្លង​ទៅ​អ្វី​ៗ​បាន​ផ្លាស់​ប្តូរ​ទាំងស្រុង​ដោយ​ក្រុង​រី​យ៉ា​ដ ប្រកាន់​យក​ជំហរ​កាន់តែ​បង្កហេតុ​ចំពោះ​ក្រុង​តេ​ហេ​រ៉​ង់ ។ កាលពី​ខែ​មុន​ក្រុង​រី​យ៉ា​ដ បាន​រៀបចំ​កិច្ចប្រជុំ​ពុំ​ធ្លាប់​មាន​ពី​មុន​មួយ​របស់​បណ្តា​ក្រុម​ប្រឆាំង​ស៊ី​រី ដែល​ប្រយុទ្ធ​ប្រឆាំង​របប​លោក​បា​ចា អាល់​អាសា​ដ គាំទ្រ​ដោយ​អីុ​រ៉​ង់ ។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក ព្រះមហាក្សត្រ​ម៉ូ​ហា​ម៉េ​ដ ប៊ី​ន សាល់​ម៉ា​ន បង្កើត​ការ​ភ្ញាក់ផ្អើល​ដោយ​ប្រកាស​បង្កើត​ក្រុមចម្រុះ​ប្រឆាំង​ភេរវកម្ម​មួយ​មាន​ប្រទេស​អា​រ៉ាប់ ស៊ុន​នី​ត​៣៤​ចូលរួម ដែល​តាម​មើលទៅ បែប​នេះ​គឺ​ដើម្បី​រំងាប់​ពាក្យ​រិះគន់​ទាំងឡាយ​របស់​ពិភព​អ៊ិ​ស្លា​ម ដែល​ថា អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត មក​ទល់​ពេល​នេះ​ពុំ​បាន​ធ្វើ​អ្វី​សោះ​ប្រឆាំង​ពួក​ជី​ហា​ដ ។

យោង​តាម​លោក ZWEIRI ថា ភាព​តានតឹង​បណ្តាល​មក​ពី​ការ​ប្រហារជីវិត​ប្រមុខ​សាសនា​ស៊ី​អីុ​ត​កាលពី​ថ្ងៃ​ទី​២ មក​រា អាច​ជំរុញ​ក្រុង​តេ​ហេ​រ៉​ង់​ឱ្យ​រួម​សហការ​កាន់តែ​ខ្លាំង​ថែម​ទៀត ជាមួយ​ក្រុង​មូ​ស្គូ ដើម្បី​ធ្វើ​ឱ្យ​ស្មុគស្មាញ​ថែម​ទៀត​ដល់​សភាពការណ៍​នៅ​ស៊ី​រី ។ អីុ​រ៉ង់​ក៏​អាច​ពន្យារ​ជម្លោះ​នៅ​យេ​ម៉ែ​ន​ក្នុង​គោលបំណង​ធ្វើ​ឱ្យ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត កាន់តែ​រីង​ខ្លួន​ប្រឈម​នឹង​តម្លៃ​ប្រេងកាត​ធ្លាក់​ទាប ៕