3​គូ​កាលពី​ថ្ងៃអាទិត្យ​កក្រើក​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ និង​ប៉ុស្ដិ៍​លេខ​5

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​ការ​ប្រកួត​ទាំងអស់​ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ និង​ប៉ុស្ដិ៍​លេខ​៥ កាលពី​ថ្ងៃអាទិត្យ គេ​កត់សម្គាល់​ឃើញ​មាន​តែ​៣​គូ​ប៉ុណ្ណោះ​ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ជក់ចិត្ត និង​ចាត់​ទុក​ថា​ជា​គូ​ដែល​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​ទាំងមូល​កក្រើក​ជាងគេ ។

វៀត ប៊ុ​ន​ឌឿ​ន និង​កីឡាករ​ថៃ​Yorth Sanan ៖ ការ​ប្រកួត​គូ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ផ្ដោត​ការ​សរសើរ​យ៉ាង​ខ្លាំង​ក្នុង​នាម​ជា​គូ​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃអាទិត្យ​ទី​៣ មក​រា ម្សិល​ម៉្ងៃ។ តាំងពី​ដើម​ទឹក​រហូត​ដល់​រក​ឃើញ​ចាញ់​ឈ្នះ មិន​មាន​អ្នក​ណា​មិន​ដក​ក​ចំហ​មាត់​នោះ​ទេ ដោយសារ​តែ​កីឡាករ​កម្ពុជា​ក៏​ខ្លាំង កីឡាករ​ថៃ​ក៏​ខ្លាំង ហើយ​ពួក​គេ​បាន​រំលេច​សកម្មភាព​វាយលុក​គ្នា​យ៉ាង​ពេញទំហឹង​ដើម្បី​ទទួល​បានការ​ចាប់អារម្មណ៍ ។ ទឹក​ទី​១ និង​ទី​២ កីឡា​ករវៀត ប៊ុ​ន​ឌឿ​ន បុរស​លេង​ម៉ូ​ដ​សក់ មិនឃើញ​មាន​ប្រៀប​ទៅ​លើ​គូប្រកួត​នោះ​ទេ បន្ទាប់​ពី​កីឡាករ​ថៃ​មានឱកាស​វាយ​ម៉ាត់ កែង និង​ទាត់​ឆ្វេង​ល្អ​ដាច់ ។

អ៊ីចឹង​ហើយ​ទើប​ការ​ប្រកួត​គូ​នេះ គឺ​មាន​អ្នក​ទស្សនា​ស្រែក​ហ៊ោកញ្ជ្រៀវ​យ៉ាង​កងរំពង បន្ទាប់​ពី​កីឡាករ​កម្ពុជា​ស្រាប់តែ​អាច​កែប្រែ​វាសនា ហើយ​ដណ្ដើម​បាន​លទ្ធផល​ល្អ​ត្រឡប់​មកវិញ​នៅ​ទឹក​បន្តបន្ទាប់ ។ កីឡា​ករវៀត ប៊ុ​ន​ឌឿ​ន កាន់តែ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​បន្ទរ​ដោយ​សម្រែក និង​អង្គុយ​លែង​ជាប់​កៅអី បន្ទាប់​ពី​ក្នុង​ទឹក​ទី​៤ ក្នុង​ពេល​កីឡាករ​ថៃ​Yorth Sanan បង្កើន​កម្លាំង​វាយលុក ហើយ​កីឡាករ​កម្ពុជា​បែរជា​អាច​ទាត់​បំបែក​កង់​ក្រោម​ធ្វើ​ឲ្យ​កីឡាករ​ថៃ​ដួល​ខ្ព​ក​ហើយ​សម្រេចចិត្ត​សុំ​ចាញ់ ។ ការ​ប្រកួត​ទាំងមូល​បើ​មើល​មួយ​ភ្លែត​គេ​មិន​គិត​ថា​កីឡាករ​ថៃ​បរាជ័យ​កើត​ទេ ដោយសារ​ទាំង​កម្លាំង និង​ការ​វាយលុក​គេ​មាន​ជំហរ​រឹង​មាំ​ល្អ​ជាង​កីឡាករ​កម្ពុជា ។ តែ​ការ​ប្រកាច់​ឱប​ជើង​របួស​ហើយ​សុខចិត្ត​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៤ ទើប​ធ្វើ​ឲ្យ​គេ​ដឹង​ថា​កីឡាករ​ថៃ​មាន​របួស​តាំងពី​ទឹក​ទី​២​ម្ល៉េះ ប៉ុន្តែ​គេ​ប្រឹង​តស៊ូ ។

អ៊ុ​ង វិ​រៈ និង​កីឡាករ​ថៃ​Yorth Dachha៖ នេះ​ក៏​ជា​ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ដូច​គ្នា​កាលពី​ថ្ងៃអាទិត្យ​។ គូ​នេះ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្ពស់​ណាស់ បើ​ធៀប​នឹង​គូប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍​ពេញ​មួយ​ថ្ងៃអាទិត្យ ជា​ពិសេស​គឺ​ភាព​ឌឺដង​ដែល​ពួក​គេ​សម្ញែង​ដាក់​គ្នា និង​ការ​រិះគន់​ទៅ​លើ​កីឡាករ​ថៃ​នៅ​ក្រោយ​ប្រកាស​លទ្ធផល ។ គ្រាន់តែ​លោក​អាជ្ញាកណ្ដាល​ប្រកាស​ឲ្យ​ធ្វើការ​ប្រកួត​គ្នា​ភ្លាម កីឡាករ Yorth Dachha  ស្ទុះ​មក​ធាក់​មួយ​ជើង​ចំ​កណ្ដាល​ពោះ​របស់​អ៊ុ​ង វិ​រៈ មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១​ភ្លាម ធ្វើ​ឲ្យ​អ្នក​ទស្សនា​ស្រែក​ហ៊ោ ។ សំឡេង​នេះ​កាន់តែ​មាន​កម្រិត​ខ្ទរ​ខ្លាំង នៅ​ពេល​កីឡាករ​កម្ពុជា​ស្ទុះ​ស្វាគមន៍​វិញ​ដោយ​កែង និង​ទាត់​ឆ្វេង​ស្ដាំ ។ កម្លាំង​របស់​កីឡាករ​ទាំង​សងខាង​ត្រូវ​គេ​ឃើញ​ប៉ះទង្គិច​គ្នា​លាន់​មិន​ខុស​ផ្គរ​រន្ទះ ។

យ៉ាងណាមិញ ទំនងជា​មើលទៅ​មិន​រួច​ជាមួយនឹង​កម្លាំង​របស់​អ៊ុ​ង វិ​រៈ ទើប​គ្រាន់តែ​កីឡាករ​កម្ពុជា​វ័ធ​ត្រូវ​មួយ​ដៃត្រង់​គុម្ព​ថ្គាម កីឡាករ​ថៃ​ក៏​ធ្វើ​សន្លប់​លែង​ក្រោក​តែ​ម្ដង​។ អ្នក​ទស្សនា​សើចចំអក​ទៅ​កាន់​កីឡាករ​Yorth Dachha ស្ទើរ​ខ្ទរ​រេញ ក្រោយ​ពេល​កីឡាករ​រូប​នេះ​ក្រោក​ងើប​បន្ទាប់​ពី​លោក​អាជ្ញាកណ្ដាល​រាប់​ដល់​១០​ហើយ​ប្រគល់​ជ័យជម្នះ​ឲ្យ​អ៊ុ​ង វិ​រៈ​។ កីឡាករ​ថៃ​ចុះ​ពី​រេញ​ក្រោម​សំឡេង​ទះដៃ​ផង ស្រែក​ហ៊ោ​ចំអក​ផង សឹងតែ​ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​មិន​ហ៊ាន​ងាក​មើល​ឆ្វេង​ស្ដាំ ។

ឡាញ់ ផល្លា និង​សេក ចាន់​រាជ ៖ គូ​នេះ​ក៏​មាន​កម្លាំង​គាំទ្រ​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ ក្នុង​ចំណោម​ការ​ប្រកួត​ទាំងអស់​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃអាទិត្យ​ម្សិល​ម្ងៃ​៉​នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​ជ្រោយចង្វា​ក្នុង​ពេល​កីឡាករ​ទាំង​ពីរ​ប្រកួត​គ្នា​ដណ្ដើម​តំណែង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជើងឯក Tiffy Fight ។ កីឡាករ​ទាំង​ពីរ​ប្រកួត​គ្នា​ខ្លាំង​ទៅ​ខ្លាំង​មក​តាំងពី​ដើម​ទឹក​នោះ​ម្ល៉េះ ដោយ​អ្នក​ទស្សនា​ភាគច្រើន​ផ្ដោត​ការ​សរសើរ​ថា​ល្អមើល​ជាង​ការ​ប្រកួត​របស់​កីឡាករ​ល្បីឈ្មោះ​ភាគច្រើន​នោះ​ផង​។ នោះ​គឺ​ដោយសារ​តែ​កីឡាករ​ឡាញ់ ផល្លា មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ក៏​ត្រូវការ​ឈ្នះ​ដើម្បី​បាន​ឡើង​ទៅ​វគ្គ​បន្ត ហើយ​កីឡាករ​សេក ចាន់​រាជ មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ក៏​ត្រូវការ​ឈ្នះ ។

កីឡាករ​គូ​នេះ​ក្រៅពី​ប្រឹង​វាយតប់​យ៉ាង​អស់ពី​សមត្ថភាព​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ផ្ដោតអារម្មណ៍​ជក់ចិត្ត ពួក​គេ​ក៏​ប្រឹង​វាយតប់​គ្នា​ដោយ​ក្បាច់​លោត​ហក់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​​មិន​ខ្លាច​គ្រោះថ្នាក់​ផង​ដែរ ។ អ៊ីចឹង​ហើយ​ទើប​អ្នក​ទស្សនា​ពេញចិត្ត ហើយ​កញ្ជ្រោល​បន្ទរ​សំឡេង​គាំទ្រ​គូ​នេះ​ឡើង​ខ្ទរ​សង្វៀន ព្រោះតែ​ជក់ចិត្ត​នឹង​ការ​ប្រកួត​។ កីឡាករ​ឡាញ់ ផល្លា គឺជា​អ្នក​ឈ្នះ​ពិន្ទុ​ហើយ​បាន​ឡើង​ទៅ​កាន់​វគ្គ​១៦​នាក់​ក្នុង​វគ្គ​បន្ត ។ ប៉ុន្តែ​កីឡាករ​សេក ចាន់​រាជ ក៏​ត្រូវ​គេ​ឃើញ​សម្រក់​ទឹកភ្នែក​ក្រោយ​ពេល​បរាជ័យ និង​ក្លាយជា​អ្នក​ធ្លាក់​ចេញពី​ការ​ប្រកួត​តាម​រយៈ​រូបមន្ត​ចាញ់​ធ្លាក់​ៗ​គួរ​ឲ្យ​អាណិត​ផង​ដែរ ។ កីឡាករ​មួយគូ​ទៀត ដែល​ឡើង​ទៅ​វគ្គ​១៦​នាក់​ដូច​គ្នា គឺ​ម៉ឺន ដា មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធិ បាន​ឈ្នះ​កីឡាករ​ជុន សា​វុ​ធ មក​ពី​ក្លិប​ពោធិ​ជ័យ​កីឡា​ដោយ​ពិន្ទុ ។

នេះ​ជា​លទ្ធផល​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅ​លើ​សង្វៀន​ប៉ុស្ដិ៍​លេខ​៥ បន្ទាប់​ពី​កីឡាករ​ឡាញ់ ផល្លា និង​កីឡាករ​ម៉ឺន ដា បាន​ឡើង​ទៅ​កាន់​វគ្គ​១៦​នាក់ សម្រាប់​ព្រឹត្តិការណ៍​Tiffy Fight ។ ក្រៅពី​គូ​ទាំង​៣​ខាងលើ ការ​ប្រកួត​របស់​គូ​ផ្សេង​នៅ​ប៉ុស្ដិ៍​លេខ​៥ និង​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ក៏​មាន​ភាព​រស់​រវើក​ផង​ដែរ ដោយ​គ្រាន់តែ​មិនសូវ​កម្រើក​អារម្មណ៍​អ្នក​ស្នេហា​កីឡាប្រដាល់​ខ្លាំងក្លា​បើ​ធៀប​នឹង​ការ​ប្រកួត​របស់​កីឡាករ​ទាំង​៦​រូប​ខាងលើ ៕