អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម គ្រោង​ធ្វើបាតុកម្ម ប្រឆាំង​លោក​អេង​ឆៃអ៊ាង ក្នុងករណី​លោក​ឧកញ៉ា សឺ​ន គុយ​

ភ្នំពេញ: ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម គ្រោង​ធ្វើបាតុកម្ម​ដង្ហែ​ក្បួន ទៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ ជាតិ នៅ​សប្តាហ៍​ទី​២ នៃ​ខែមករា ឆ្នាំ​២០១៦​នេះ ដើម្បី​ទាមទារ​ឲ្យ​លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល សុំទោស​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ចំពោះ​ពាក្យសំដី​ខុសឆ្គង និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិ​រៈ​បុរស​ខ្មែរក្រោម លោក​ឧកញ៉ា សឺ​ន គុយ​។

​លោក អេង ឆៃអ៊ាង បាន​និយាយ​កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ទីក្រុង​ម៉ុង​រេ​អាល ប្រទេស​កាណាដា ថា យុទ្ធសាស្ត្រ ដែល​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​មិន​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក​ប្រឈម​នឹង​ការជាប់គុក ជា​យុទ្ធសាស្ត្រ​ប្រសើរ​ជាង​លោក​ឧកញ៉ា សឺ​ន គុយ នៅ​កម្ពុជា​ក្រោម​។

​លោក គឹម វណ្ណ​ឆេង ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមករា ថា ការ​ថ្លែង​បែបនេះ របស់លោក អេង ឆៃអ៊ាង គឺជា​សកម្មភាព​អមិត្ត និង​ជាស​ត្រូវ​ប្រវត្តិសាស្ត្រ បង្ក​ឲ្យ​មាន​អរិភាព​រវាង​ជាតិ​សាសន៍​ឯង និង​ជា​ចេតនា​បំភ្លៃ​ការពិត ដែល​បង្វែ​ភាពទាល់ច្រក​របស់​បក្ស​ខ្លួន​ជា​យុទ្ធសាស្ត្រ​ប្រសើរ​ទៅវិញ​។ ដូច្នេះ​លោក អេង ឆៃអ៊ាង ត្រូវ​សុំទោស​ចំពោះ​ជន​រួម​ឈាម​ខ្មែរ​កម្ពុជា​ជា​សាធារណៈ ពុំ​នោះទេ យើង​នឹង​ប្រើ​សិទ្ធិ​ក្នុងនាម​ប្រជាជាតិ​មួយ​ប្រឆាំង​គ្រប់​រូបភាព​នឹង​ទង្វើ​អសីលធម៌​នេះ រហូតដល់​មាន​ដំណោះស្រាយ​សមរម្យ​។​

លោក​បាន​បន្តថា “​ការ​បែប​ងងឹត​ង​ងងល់ មិន​យល់​អំពី​កាលៈទេសៈ និង​បរិបទ​នយោបាយ ហើយ​បញ្ចេញ​ទស្សន​ផ្ទាល់ខ្លួន​រិះគន់​បែប​មើលងាយ​នូវ​សកម្មភាព ដែល​មហា​វីរបុរស​ខ្មែរ​កម្ពុជា​ក្រោម​មួយរូប បានធ្វើ​ពលី​កម្ម​ហ៊ាន​បូជា​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​ជាតិ និង​សាសនា​នៅ​កម្ពុជា​ក្រោម គឺជា​ទង្វើ​អគតិ ហើយ​មិន​ស័ក្តិ​សមជា​អ្នកនយោបាយ ឡើយ​។ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ទាំងអស់ ដែល​ធ្លាប់​គាំទ្រ​នយោបាយ​មិន​ទទួលខុសត្រូវ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ នាពេល​កន្លងមក សូម​ពិចារណា​ឡើងវិញ​នូវ​ការប្រៀបធៀប​នេះ មុននឹង​សម្រេចចិត្ត​ផ្ញើ​ជោគវាសនា​របស់ខ្លួន ឲ្យ​ទៅ​ក្រុម​អ្នកនយោបាយ ដែលមាន​ច​រិ​ក​អំនួត​តែ​បក្ខពួក ដោយ​មិន​ខ្វល់​ពី​ការខាតបង់​ប្រយោជន៍​រួម​”​។​

លោក គឹម វណ្ណ​ឆេង បាន​បញ្ជាក់ថា "​យើង​ស្នើ​ឲ្យ​លោក​អេង ឆៃអ៊ាង សុំទោស​ជា​សាធារណៈ បើសិនជា​គាត់​មិន​សុំទោស​នូវ​ពាក្យសំដី​របស់គាត់ យើង​នឹងមាន​រៀបចំ​កម្មវិធី​បាតុកម្ម​មួយ​ទៅដល់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​យើង​នៅ​រង់​ចាំមើល​រយៈពេល​មួយ​សប្តាហ៍ គឺ​នៅ​សប្តាហ៍​ទី​២ បើសិនជា​មិនមាន​ការឆ្លើយតប និង​គោរព​តាម​ការស្នើសុំ​របស់​គណៈ​កម្ម​ការ​ធិ​ការសម្របសម្រួល​ខ្មែរ​កម្ពុជា​ក្រោម​ទេ ក៏ដូចជា​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរក្រោម យើង​នឹង​ប្រមូលផ្តុំ​ធ្វើបាតុកម្ម​"​។​

ចំណែក​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ កាលពី​ថ្ងៃទី​៤ ខែមករា បានចេញ​សេចក្តីថ្លែងការណ៍​សម្តែង​ការមិនសប្បាយចិត្ត​ចំពោះ​លោក​អេង ឆៃអ៊ាង ដែល​បាន​ប្រមាថមើលងាយ​ភាព​ដ៏​ឧត្តុង្គឧត្តម​របស់លោក​ឧកញ៉ា សឺ​ន គុយ វិ​រៈ​បុរស​ខ្មែរក្រោម​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​បាន​បន្តថា លោក​អេង ឆៃអ៊ាង មិនបាន​ស្គាល់​ប្រវត្តិសាស្ត្រ​តស៊ូ​របស់​ឧកញ៉ា សឺ​ន គុយ ឡើយ និង​មិនបាន​យល់ច្បាស់​ពី​ភាប​រស់រានមានជីវិត​របស់​ពលរដ្ឋ​ខ្មែរក្រោម​ជាង​១​លាន​នាក់ ព្រះពុទ្ធសាសនា និង​វប្បធម៌ ដែលជា​ព្រលឹង​ជាតិខ្មែរ​នៅ​កម្ពុជា​ក្រោម​បច្ចុប្បន្ន ដោយសារតែ​ពលី​កម្ម​របស់លោក​ឧកញ៉ា សឺ​ន គុយ នោះឡើយ​។​

​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ក៏ដូចជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម មានការ​ឈឺចាប់​ពេលដែល​មានការ​បន្ថោក​ប​ន្ទា​ប​គុណ​តម្លៃ និង​ការប្រមាថ​មើលងាយ​វីរៈបុរស​ខ្លួន​បែបនេះ​។ ហេតុ​ដុ​ច្នេះ​សូម​ទាមទារ​ឲ្យ​លោក​អេង ឆៃអ៊ាង ត្រូវតែ​ធ្វោះ​ការ​សុំទោស​ខ្មែរក្រោម​ជា​សាធារណៈ​ចំពោះ​ការប្រៀបធៀប និង​ការប្រមាថ​មើលងាយ​មក​លើ​លោក​ឧកញ៉ា សឺ​ន គុយ ដែល​ខ្មែរ​កម្ពុជា​ក្រោម​ចាត់ទុកថា ជា​វីរៈបុរស​នោះ​។​

លោក សឺ​ន ស៊ូ​ប៊ែ​រ្តិ៍ ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​មូលនិធិ​សម្តេច​បវរ​សេដ្ឋា​ធិបតី សឺ​ន សាន ក៏បាន​ទាមទារ​ឲ្យ​លោក​អេង ឆៃអ៊ាង តំណាងរាស្ត្រ​របស់​គណ​បក្ស​សង្គ្រោះ​​ជាតិ មណ្ឌល​ខេត្តកណ្តាល ធ្វើការ​សុំទោស​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម រឿង​មើលងាយ​លោក​ឧកញ៉ា សឺ​ន គុយ ដែលជា​វីរបុរស​ខ្មែរ​កម្ពុជា និង​បាន​ប្រៀបធៀប​ប្រដូច​លោក​ឧកញ៉ា សឺ​ន គុយ ទៅ​និង​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​៕​