លោក អេង​ឆៃអ៊ាង សរសេរ​លិខិត​សុំទោស​ខ្មែរ​កម្ពុជា​ក្រោម ពាក់ព័ន្ធ​នឹង​ការលើកឡើង​ពី​លោក​ឧកញ៉ា សឺ​ន គុយ​

ភ្នំពេញ: ​លោក អេង​ឆៃអ៊ាង អ្នកតំណាងរាស្ត្រ និង​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​លិខិត​មួយច្បាប់ សុំទោស​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម នូវ​ពាក្យសម្តី​របស់លោក​ដែល​បានលើកឡើង​នៅក្រៅ​ប្រទេស ពាក់ព័ន្ធ​នឹង​ករណី​លោក​ឧកញ៉ា សឺ​ន គុយ វិ​រៈ​បុរស​ខ្មែរ​កម្ពុជា​ក្រោម​។​

​លិខិត​សុំទោស​នោះ ត្រូវបាន​លោក អេង​ឆៃអ៊ាង សរសេរ​នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៦ ជូន​លោក​សឺ​ន ស៊ូ​ប៊ែ​រ្តិ៍ ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​មូលនិធិ​សម្តេច​បវរ​សេដ្ឋា​ធិបតី សឺ​ន សាន​។ លិខិត​នោះ ត្រូវបាន​គេ​ផ្សព្វផ្សាយ នៅ​រសៀល​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦​។​

​ការផ្សព្វផ្សាយ​នូវ​លិខិត​សុំទោស​របស់​ឯកឧត្តម អេង​ឆៃអ៊ាង នាពេលនេះ បានធ្វើ​ឡើង ខណៈដែល​អង្គការ​សមា​គម​ខ្មែរ​កម្ពុជា​ក្រោម ដឹកនាំ​ដោយ​លោក គឹម វណ្ណ​ឆេង ប្រកាស​ពី​គម្រោង​ធ្វើបាតុកម្ម ដង្ហែ​ក្បួន ទៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សប្តាហ៍​ទី​២ នៃ​ខែមករា ឆ្នាំ​២០១៦ ដើម្បី​ទាមទារ​ឲ្យ​ឯកឧត្តម អេង ឆៃអ៊ាង តំណាងរាស្ត្រ​មណ្ឌល ខេត្តកណ្តាល សុំទោស​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ចំពោះ​ពាក្យសំដី​ខុសឆ្គង និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិ​រៈ​បុរស​ខ្មែរក្រោម លោក​ឧកញ៉ា សឺ​ន គុយ​។

​កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ទីក្រុង​ម៉ុង​រេ​អាល ប្រទេស​កាណាដា ឯកឧត្តម អេង​ឆៃអ៊ាង បាន​លើកឡើងថា យុទ្ធសាស្ត្រ ដែល​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​មិន​ឲ្យ​ឯកឧត្តម សម រង្ស៊ី ចូល​ស្រុក​ប្រឈម​នឹង​ការជាប់គុក ជា​យុទ្ធសាស្ត្រ​ប្រសើរ​ជាង​លោក​ឧកញ៉ា សឺ​ន គុយ នៅ​កម្ពុជា​ក្រោម​។​

​លោក​ឧកញ៉ា សឺ​ន គុយ បាន​លះបង់​អាយុជីវិត​ខ្លួនឯង ដើម្បី​ឲ្យ​ភាព​រស់រានមានជីវិត​របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ជាង ១​លាន​នាក់ ព្រមទាំង​រក្សា​ព្រះពុទ្ធសាសនា និង​វប្បធម៌ ដែលជា​ព្រលឹង​ជាតិខ្មែរ នៅ​ទឹក​ខ្មែរ​កម្ពុជា​ក្រោម ដែល​សព្វថ្ងៃ គ្រប់គ្រង​ដោយ​ប្រទេស​វៀតណាម​៕

លោក អេង​ឆៃអ៊ាង សរសេរ​លិខិត​សុំទោស​ខ្មែរ​កម្ពុជា​ក្រោម ពាក់ព័ន្ធ​នឹង​ការលើកឡើង​ពី​លោក​ឧកញ៉ា សឺ​ន គុយ​