សម្តេច​តេ​ជោ នឹង​សម្ពោធ​ស្ពាន​អាកាស តិច​ណូ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃស្អែក ដាក់ឈ្មោះថា “​ស្ពាន​អាកាស​៥​មករា​”

ភ្នំពេញ: ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​តិច​ណូ​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​៥​ខែមករា​ស្អែក​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​នៅមុន​ពិធី​សម្ពោធ​មួយថ្ងៃ នៅ​រសៀល​ថ្ងៃ​៤​ខែមករា​ឆ្នាំ​២០១៦ សាលារាជធានី​ភ្នំពេញ​បានរៀបចំ​ពិធី​ក្រុង​ពាលី​សុំ​សេចក្តីសុខ តាមបែប​សាសនាក្រោមអធិបតីលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ​។

​យោងតាម​ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្ហាញថា ស្ពាន​អាកាស​តិច​ណូ គឺ​នឹងមាន​ឈ្មោះ​ជា​ផ្លូវការ​ថា "​ស្ពាន​អាកាស​៥​មករា​" នឹង​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ ទី​៥ មករា ឆ្នាំ​២០១៦​។ នៅក្នុង​ខ្លឹមសារ​នោះ​ផងដែរ សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បាន​គូសបញ្ជាក់ថា ពិតណាស់​គឺមាន​ស្ពាន មានសង្ឃឹម​និង​មានឱកាស​កាន់តែ​ច្រើនឡើងៗ​ក្នុងការ​រស់នៅ និង​ប្រកបការងារ​ប្រចាំថ្ងៃ​។
​សម្តេច​តេ​ជោ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បើកបរ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ។

​សូម​ជម្រាប​ផងដែរ​ថា ស្ពាន​អាកាស​តិច​ណូ​និង​ផ្លូវ​ក្រោម​ដី​តិច​ណូ​នេះ​ត្រូវបាន​រដ្ឋាភិបាល​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​៩​កញ្ញា​២០១៤ ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរ​កកស្ទះ និង​សម្រួល​ដល់​ការ​ចរាចរ​ធ្វើដំណើរ​ទៅមក​ដែល​ឆ្លងកាត់​តំបន់​នេះ​ឲ្យ​មាន​ភាពល្អប្រសើរ​ជាង​មុន ។ សម្រាប់​រាជធានី​ភ្នំពេញ​នេះ​គឺជា​ស្ពាន​អាកាស​ទី​៤ បន្ទាប់ពី​ស្ពាន​អាកាស​ក្បាលថ្នល់ ស្ពាន​អាកាស​ស្ទឹងមានជ័យ និង​ស្ពាន​អាកាស​៧​មករា ។

​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​តិច​ណូ​នេះ មាន​ស្ពាន​អាកាស​មេ​ប្រវែង​៣៨២​ម៉ែត្រ​ទទឹង​១៥,៨​ម៉ែត្រ​ផ្លូវ​ក្រោម​ដី​មាន​ប្រវែង​៣៥៦​ម៉ែត្រ ទទឹង​ពី​៦​ទៅ​៨​ម៉ែត្រ ផ្លូវ​អម​ស្ពាន​ប្រវែង​សរុប​៨២៥​ម៉ែត្រ​ទទឹង​៥​ម៉ែត្រ​កន្លះ ស្ថិតនៅ​ប្រសព្វ​មហាវិថី​សហព័ន្ធរុស្ស៊ី មហាវិថី​គីម​អ៊ី​ល​ស៊ុ​ង និង​មហាវិថី​ម៉ៅ​សេទុង​ត្រង់​ប្រសព្វ​គ្នា​ត្រង់​ភ្លើងស្តុប​តិច​ណូ ។ ដែល​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​១៤​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយ​ក្រុមហ៊ុន​OCIC៕​

សម្តេច​តេ​ជោ នឹង​សម្ពោធ​ស្ពាន​អាកាស តិច​ណូ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃស្អែក ដាក់ឈ្មោះថា "​ស្ពាន​អាកាស​៥​មករា​"

សម្តេច​តេ​ជោ នឹង​សម្ពោធ​ស្ពាន​អាកាស តិច​ណូ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃស្អែក ដាក់ឈ្មោះថា "​ស្ពាន​អាកាស​៥​មករា​"