តុលាការ កោះហៅ​លោក​សួន​សេរី​រដ្ឋា ចូល​បំភ្លឺ នៅ​ថ្ងៃទី​១៣​មករា ក្នុង​បណ្តឹង​ប្រឆាំង​លោក​ហោ​ណាំហុង​

ភ្នំពេញ: លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកាកោះ​ឲ្យ​ចូលខ្លួន នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ ខាងមុខនេះ ឆ្លើយបំភ្លឺ​លើ​បណ្តឹង​របស់ខ្លួន ដែល​បាន​ប្តឹង​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​។​
​    ​
លោក សួន សេរី​រដ្ឋា បានដាក់​ពាក្យ​ប្តឹង​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ ដោយបាន​ប្តឹង​ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​។​
​    ​
យោងតាម​ដី​កោះ​របស់លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​អញ្ជើញលោក សួន សេរី​រដ្ឋា ដើម​បណ្តឹងរដ្ឋប្បវេណី ចូលមក​កាន់​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង ៩​ព្រឹក ដើម្បី​សាកសួរ​ពី​ដំណើររឿង​បណ្តឹង​របស់ខ្លួន​។​
​    ​
​ដីកាកោះ​អញ្ជើញលោក សួន សេរី​រដ្ឋា គឺ​បានចេញ​តាំងពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ ហើយ​ទើបតែ​បញ្ជូន​ទៅដល់​គណបក្ស​អំណាច​ខ្មែរ នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦៕​