ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្រើន​រំ​ឮ​ក​អធិការ​ខណ្ឌ​ទាំង​១២ កុំ​ឲ្យ​លាក់​បទល្មើស

ភ្នំពេញ: លោក ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល រាជធានីភ្នំពេញ បាន​ក្រើន​រំ​ឮ​ក​ឲ្យ​អធិការ​តាម​ខណ្ឌ​ទាំង​១២ មិនត្រូវ​លាក់បាំងបទល្មើស ដែល​កើតមានឡើង ក្នុង​មូលដ្ឋាន​របស់ខ្លួន​ឡើយ ។

​ការ​ក្រើន​រំ​ឮ​ក​នេះ ក្រោយ​ការរកឃើញ កាលពីពេល​ថ្មីៗ​នេះ​ថា ក្រុម​ជនល្មើស​ដែលចាប់ខ្លួន បាន​សារភាព​ពី​ករណី ដែល​ខ្លួន​បាន​ប្រព្រឹត្ត​កន្លងមក នៅក្នុង​ខណ្ឌមួយចំនួន តែ​នៅពេលដែល​សមត្ថកិច្ច ចុះ​ស្រាវជ្រាវ​សំណុំរឿង​ទាំងនោះ បែរជាមិនមាន​ទៅវិញ ។​

 ប្រសាសន៍​ក្រើន​រំ​ឮ​ក​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ បូកសរុប​ដក​ពិសោធន៍ សភាពការណ៍លទ្ធផល​កិច្ច​សហ​ប្រតិ​ប​ត្ត​ការបង្ក្រាប​បទល្មើស ព្រហ្មទណ្ឌគ្រឿងញៀន និង​សណ្តាប់ធ្នាប់​ចរាចរណ៍ ប្រចាំឆ្នាំ​២០១៥ របស់គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល រាជធានី​ភ្នំពេញ កាលពី​ព្រឹក ថ្ងៃទី​៤ ខែមករា ឆ្នាំ២០១៥​។​

​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ បាន​បន្ត​ឲ្យ​ដឹងថា ការគ្រប់គ្រង​មុខសញ្ញាព្រហ្មទណ្ឌ ការអនុវត្តន៍​ដីកា និង​ការស្វែងរក​ចាប់ខ្លួន​មុខសញ្ញា​ដែល​នៅសេសសល់ ទទួលបាន​លទ្ធផល​ទាប និង​មិនទាន់​ក្លាយជា​សកម្មភាព​ជាក់ស្តែងរបស់ សមត្ថកិច្ច​ក្នុង​មូលដ្ឋាន ធ្វើ​ឲ្យ​បទល្មើស​មានការ​ថយចុះ តែមួយរយៈពេល តែ​មានការ​កក្រើក​ឡើង​វិញ បន្ទាប់ពី​មុខសញ្ញា​ទាំងនោះ បានបង្កើតជា​ក្រុម​ថ្មី ដើម្បី​ធ្វើ​សកម្មភាព​បន្ត ។​

​លោក​បន្តថា មុខសញ្ញា​ជនល្មើស ដែល​បង្ក្រាប មិនទាន់​អស់​មាន ៤៧៣​មុខសញ្ញា លើ២៥៦​ករណី ។ របាយការណ៍​របស់​អគ្គ​ស្នង​ដ្ឋា​ន​ការ​នគរបាលជាតិ បាន​ឲ្យ​ដឹងថាបទល្មើស​ព្រហ្មទណ្ឌ​គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥កើតឡើង ចំនួន ៧៦៥​លើក លើ ៨៤៤​ករណី ប្រៀបធៀប​ឆ្នាំ​២០១៤ មានការថយចុះ ៧៩​លើក ស្មើ​និង ៩,៣៦​ភាគរយ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ៤៣​នាក់ របួស១៩២​នាក់ សម្ភារ​បាត់បង់ រថយន្ត ៦​គ្រឿង ម៉ូតូ ៩៣​គ្រឿង និង​គ្រឿងអលង្កាមួយចំនួន ៕R​