សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ​ឃុំ​ប្រមេរ​បន្ត​ដេក​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​ព្រះវិហារ

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ សហគមន៍​ទំនាស់​ដីធ្លី​មក​ពី​ស្រុក​រវៀង រួម​ទាំង​សហគមន៍​មក​ពី​ស្រុក​ឆែប មាន​គ្នា​ប្រមាណ ៨០​នាក់ នៅ​តែ​បន្ត​ដេក​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​ព្រះវិហារ រយៈពេល​មួយ​សប្ដាហ៍​មក​ហើយ មិន​ទាន់​មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ​ខេត្ត​នៅ​ឡើយ។

ការ​ទាមទារ​ដោយ​មិន​ព្រម​ថយ​ចេញ​ពី​មុខ​សាលា​ខេត្ត​ព្រះវិហារ គឺ​ដោយសារ​តែ​អាជ្ញាធរ​បាន​បដិសេធ​មិន​ព្រម​ចុះ​បញ្ជី​ដីធ្លី​ជា​សមូហភាព​ឲ្យ​ពួក​គេ និង​ហាក់​ដូចជា​ទុក​ឱកាស​ឲ្យ​ក្រុមហ៊ុន​ចិន ឈ្មោះ ឡាន ហ្វេង (Lan Feng) ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​អំពៅ​នៅ​ទីនោះ ចេះ​តែ​បន្ត​ឈូស​ឆាយ​រំលោភ​យក​ដី​ស្រែ និង​ចម្ការ​របស់​ពួក​គាត់​ត​ទៅ​ទៀត។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ទទួល​យក​អនុសាសន៍​ពី​សង្គម​ស៊ីវិល ហើយ​ប្រញាប់ប្រញាល់​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​របស់​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​កួយ ឲ្យ​បាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​កួយ នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ សហគមន៍​ទំនាស់​ដីធ្លី​មក​ពី​ស្រុក​រវៀង រួម​នឹង​សហគមន៍​ស្រុក​ឆែប ប្រមាណ ៨០​នាក់ បាន​លើក​គ្នា​ទៅ​ដេក​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​រយៈពេល ៧​ថ្ងៃ​មក​ហើយ ដែល​អាច​ធ្វើ​ឲ្យ​ព្រួយ​បារម្ភ​ទៅ​នឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។

រហូត​មក​ដល់​ថ្ងៃ​អាទិត្យ ទី​៣ ខែ​មករា ក្រុម​អ្នក​តវ៉ា​ព្រមាន​ថា ប្រសិន​បើ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ នៅ​តែ​មិន​ព្រម​ទទួល​យក​ការ​ទាមទារ​របស់​ពួក​គេ​ទេ គឺ​ពួក​គេ​មិន​ត្រឡប់​ទៅ​លំនៅឋាន​វិញ​ឡើយ។

ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច​កួយ ម្នាក់​ក្នុង​ចំណោម​អ្នក​រស់នៅ​ឃុំ​ប្រមេរ ជាច្រើន​នាក់​ទៀត គឺ​លោកស្រី រឿង ខាន់។ លោកស្រី​មាន​ប្រសាសន៍​ថា ពួក​គាត់​បាន​ដេក​ហាល​វាល​រយៈពេល ១​អាទិត្យ​ទៅ​ហើយ។ អ្នក​ភូមិ​ជាច្រើន​ក៏ដូចជា​រូប​គាត់ មាន​ការ​ពិបាក​ជា​ខ្លាំង ដោយ​រង​កម្ដៅ​ថ្ងៃ ហាល​ខ្យល់ គ្មាន​ទឹក​ផឹក ទឹក​ងូត​គ្រប់គ្រាន់ និង​គ្មាន​បង្គន់​អនាម័យ​ផង។ ស្ត្រី​ដដែល​បញ្ជាក់​ថា ទោះ​យ៉ាង​ណា ក៏​ពួក​គាត់​នឹង​មិន​បោះ​បង់​ចោល​ការ​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​ព្រះវិហារ ដោយ​ងាយៗ​ឡើយ ប្រសិន​បើ​អាជ្ញាធរ​មិន​ព្រម​ដោះស្រាយ​បញ្ហា​ចុះ​បញ្ជី​ដីធ្លី​ជា​សមូហភាព​មក​ឲ្យ​ពួក​គាត់ ព្រម​ទាំង​មាន​វិធានការ​រក្សា​ការពារ​ដី​ជាច្រើន​ហិកតារ កុំ​ឲ្យ​ក្រុមហ៊ុន​ចិន ឈូស​រំលោភ​យក​ទេ​នោះ៖ «ក្ដៅ​សើម ក្ដៅ​ត្រជាក់ ពេល​យប់​សន្សើម ប៉ុន្តែ​ការ​តស៊ូ​របស់​បង​ប្អូន​ថា​មិន​ទៅ​ផ្ទះ​ទេ ចាំ​មើល​អភិបាល​ខេត្ត​ដោះស្រាយ​យ៉ាង​ណា?»

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ ឲ្យ​ដឹង​ថា គេ​មាន​បញ្ហា​ខ្លះ​ដែល​គ្រោង​នឹង​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​នៅ​ពេល​ខាង​មុខ ដូចជា​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​រឿង​ព្រំប្រទល់​របស់​ស្រុក​ឆែប ដែល​មាន​អ្នក​លួច​រំកិល​ចូល​មក​ក្នុង​ទឹក​ដី​ស្រុក​ត្បែងមានជ័យ ប្រហែល​ជាង ២​គីឡូម៉ែត្រ​នោះ គឺ​ត្រូវ​យក​ទៅ​ដាក់​នៅ​កន្លែង​ដូច​កាល​ពី​មុន​វិញ ទី​២ កុំ​យក​ប្រជាពលរដ្ឋ​នៅ​ភូមិ​បុស្សធំ មក​ឲ្យ​អាជ្ញាធរ​ភូមិ​ប្រមេរ ទទួល​ខុស​ត្រូវ ពីព្រោះ​វា​មិន​មែន​ជា​ដែន​រដ្ឋបាល និង​ទី​៣ គឺ​សូម​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​របស់​សហគមន៍​ឲ្យ​លឿន​បំផុត។

តាំង​តែ​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ​ឆ្នាំ​២០១៥ សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ បាន​លើក​គ្នា​ទៅ​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ត្រូវ​តែ​ចុះ​បញ្ជី​ដីធ្លី​ជា​សមូហភាព​ឲ្យ​ពួក​គេ ហើយ​ការ​ទាមទារ​នោះ នៅ​តែ​បន្ត​រហូត​ដល់​ថ្ងៃ​អាទិត្យ ទី​៣ ខែ​មករា ឆ្នាំ​២០១៦ នៅ​ឡើយ។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ដើម្បី​សុំ​ការ​អធិប្បាយ​ឆ្លើយ​តប​នឹង​ការ​ទាមទារ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​នៅ​ថ្ងៃ​អាទិត្យ ទី​៣ ខែ​មករា។

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៥ កន្លង​ទៅ អភិបាល​រង​ខេត្ត​ព្រះវិហារ លោក ស៊ូ សេរី ធ្លាប់​បាន​ឆ្លើយ​តប​ថា អាជ្ញាធរ​ធ្លាប់​មាន​គណៈកម្មការ​ថ្នាក់​ស្រុក ក៏ដូចជា​ថ្នាក់​ខេត្ត បាន​ចុះ​ពិនិត្យ​មើល​ការ​ស្នើសុំ​គ្រប់គ្រង​ដី​សហគមន៍​នោះ ក៏ប៉ុន្តែ​សហគមន៍​បាន​ពឹងពាក់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឲ្យ​ជួយ​គូរ​ផែនទី គឺ​គូរ​យក​ផ្ទៃដី​ធំ​ធេង​ពេក រហូត​ដល់​ក្រុមហ៊ុន​គ្មាន​ដី​សម្បទាន​សេដ្ឋកិច្ច។ ដូច្នេះ អាជ្ញាធរ​មិន​អាច​ធ្វើ​តាម​អ្វី​ដែល​សហគមន៍​ទាមទារ​នោះ​បាន​ទេ៖ «ដី​ព្រៃ​ត្រង់​ណា​ក៏​គាត់​គូស​ដែរ អ៊ីចឹង​អា​ផែនទី​បឋម​ដែល​យើង​ចុះ​សិក្សា​ហ្នឹង វា​អត់​សមស្រប។ មិន​មែន​អាជ្ញាធរ​មិន​គិតគូរ​ទេ គឺ​អាជ្ញាធរ​ខិតខំ​ប្រឹងប្រែង​ណាស់»

ប្រភព​ពី​សហគមន៍ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ មាន​គម្រោង​នឹង​ជួប​ជាមួយ​ក្រុម​សហគមន៍​ដែល​តវ៉ា​ទាំង​នោះ​នៅ​ថ្ងៃ​ទី​៤ ខែ​មករា ដើម្បី​ស្វែងរក​ដំណោះស្រាយ។

មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ មាន​ប្រសាសន៍​ថា លោក​ព្រួយ​បារម្ភ​ចំពោះ​សុខភាព​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​កំពុង​ដេក​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​ព្រះវិហារ នោះ។ លោក​ថា ការ​ទាមទារ​របស់​សហគមន៍ គឺ​ហាក់​ដូចជា​ត្រឹមត្រូវ ដែល​អាជ្ញាធរ​គួរ​តែ​ដោះស្រាយ​កាន់​តែ​ឆាប់​កាន់​តែ​ប្រសើរ៖ «ខាង​សង្គម​ស៊ីវិល​យល់​ឃើញ​ថា នេះ​គឺ​ជា​ឱកាស ប្រសិន​បើ​អាជ្ញាធរ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់»

ចំណែក​អ្នក​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ មាន​ប្រសាសន៍​ថា អាជ្ញាធរ​គួរ​តែ​ទទួល​យក​អនុសាសន៍​របស់​សង្គម​ស៊ីវិល ដើម្បី​បញ្ចប់​ការ​ទាមទារ​របស់​សហគមន៍ ដូចជា​កាត់​ចេញ​នូវ​ការ​ប៉ះពាល់​នានា រួច​ហើយ​ចេញ​ដីកា​រក្សា​ការពារ​ក្នុង​ការ​រង់ចាំ​ការ​ចុះ​បញ្ជី​ដីធ្លី​ជា​សមូហភាព ឬ​ក៏​យ៉ាង​ណា​នោះ៖ «ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ​មុខ​សាលា​ខេត្ត បង្គន់​អនាម័យ​ក៏​អត់​មាន បញ្ហា​មួយ​ទៀត​យប់​ឡើង​ត្រជាក់​រងា ពេល​ថ្ងៃ​ក្ដៅ ហើយ​ទឹក​ក៏​មិន​មាន​ងូត​ទៀត»

កាល​ពី​ឆ្នាំ​២០១១ រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ ៩.០១៥​ហិកតារ ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន វិនិយោគ​ដាំ​អំពៅ​នៅ​ស្រុក​ត្បែងមានជ័យ។ ចាប់​តាំង​ពី​ពេល​នោះ​មក ក្រុមហ៊ុន​ចិន បាន​ឈូស​ឆាយ​ដី​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ស្រែ​ចម្ការ​របស់​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​កួយ នៅ​ឃុំ​ប្រមេរ ជា​បន្តបន្ទាប់ បណ្ដាល​ឲ្យ​កើត​មាន​ការ​តវ៉ា​ជាច្រើន​លើក។ ដោយសារ​តែ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ មិន​មាន​ដំណោះស្រាយ​សមរម្យ ទើប​ធ្វើ​ឲ្យ​មាន​ការ​អូស​បន្លាយ​បញ្ហា ហើយ​នៅ​តែ​មាន​ការ​ទាមទារ​តវ៉ា​រហូត​មក​ដល់​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។