ពលរដ្ឋ​ប្រមាណ​១០០​នាក់​បន្ត​តវ៉ា​មុខ​តុលាការ​ខេត្ត​សៀមរាប​ទាមទារ​ដោះ​លែង​ចៅ​សង្កាត់

ប្រជាពលរដ្ឋ​ប្រមាណ ១០០​នាក់​មក​ពី​ច្រើន​ភូមិ​ក្នុង​សង្កាត់​អំពិល ក្រុង​សៀមរាប បាន​លើក​គ្នា​ទៅ​ឈរ​កាន់​បដា និង​ស្រែក​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​ចៅ​សង្កាត់ ដែល​ជា​សកម្មជន​នៃ​គណបក្ស​សម រង្ស៊ី ជា​ថ្មី​ទៀត កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៤ ខែ​មករា។

ក្រុម​អ្នក​ភូមិ​ដែល​មាន​ទាំង​យុវជន និង​ស្ត្រី​វ័យ​ចំណាស់​ផង បាន​នាំ​គ្នា​ឈរ​នៅ​កណ្ដាល​ថ្ងៃ​ក្តៅ ហើយ​ស្រែក​ថា លោក ហ៊ាង សារី ដែល​ជា​ចៅ​សង្កាត់​អំពិល មិន​មាន​កំហុស​អ្វី​ទេ៖ «សូម​តុលាការ​ជួយ​ដោះ​លែង​ចៅ​សង្កាត់​អំពិល មក​វិញ​មក! គាត់​គ្មាន​កំហុស​អ្វី​ឡើយ គឺ​គាត់​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ភាព​ស្មោះ​ត្រង់»

ក្រុម​អ្នក​ភូមិ​ដែល​លើក​គ្នា​មក​ស្រែក​នៅ​មុខ​តុលាការ​ខេត្ត​សៀមរាប ទាំង​នោះ ក៏​បាន​យក​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ចំនួន​ជាង ១.៥០០​នាក់​ផ្សេង​ទៀត ដែល​គាំទ្រ​ចៅ​សង្កាត់​អំពិល មក​បង្ហាញ​តុលាការ​ជា​សំអាង​ហេតុ ដើម្បី​ឲ្យ​ដោះ​លែង​ដែរ។

កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៥ កន្លង​ទៅ ប្រជាពលរដ្ឋ​មក​ពី ៩​ភូមិ ធ្លាប់​លើក​គ្នា​ទៅ​ទាមទារ​ឲ្យ​តុលាការ​ខេត្ត​សៀមរាប ដោះ​លែង​លោក​ចៅ​សង្កាត់​អំពិល ម្ដង​មក​ហើយ។

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៥ កន្លង​ទៅ បុរស​ឈ្មោះ ហ៊ាង សារី អាយុ​ជាង ៦០​ឆ្នាំ គឺ​ជា​ចៅ​សង្កាត់​អំពិល ក្រុង​សៀមរាប មក​ពី​គណបក្ស សម រង្ស៊ី ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ដោយសារ​តែ​ការ​ចុះ​ហត្ថលេខា​លើ​ឯកសារ​ដីធ្លី​ខ្លះ ធ្វើ​ឲ្យ​អាជ្ញាធរ​អប្សរា​ដែល​គ្រប់គ្រង​តំបន់​ភាគ​ច្រើន​ទីនោះ បាន​ប្ដឹង​ចោទ​ប្រកាន់​ពី​បទ​ចេញ និង​ក្លែង​ឯកសារ​ខុស​ពី​ដែន​សមត្ថកិច្ច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។