ជនជាតិចិន​ដែលត្រូវ​ជន​សង្ស័យ​ឆក់ទូរស័ព្ទ​ សូមធ្វើការបំភ្លឺ​

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១២ និង​៥០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៣ មក​រា ២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ត្រង់​ចំណុច​គល់​ស្ពាន​៧​មក​រា​ខាងលិច​ក្នុងភូមិ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ជនជាតិ​ចិន​ម្នាក់​ត្រូវ​ជនសង្ស័យ​ជា​ភេទ​ទី​៣​ឆក់​ទូរស័ព្ទ​អាយ​ហ្វូ​ន​សិ​ក​ផ្លើស​អស់​មួយ​គ្រឿង ។

បុរស​រង​គ្រោះជា​ជនជាតិ​ចិន​មាន​អាយុ​៣០​ឆ្នាំ ជិះ​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-2417 ចំណែក​ទូរស័ព្ទ​ដែល​ជន​ភេទ​ទី​៣​ឆក់​យក​ទៅ​នោះ​ម៉ាក​អាយ​ហ្វូ​ន​ស៊ិ​ក​ផ្លើស ។ ជនសង្ស័យ​ឆក់​ទូរស័ព្ទ​មាន​គ្នា​៣​នាក់ បាន​រត់​ចោល​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្តេ​ប ពណ៌​ខ្មៅ​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ 1S-3720 ។

ក្រោយ​យ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​ហៅ​មិត្តភក្តិ​ដែល​ចេះ​និយាយ​ភាសា​ខ្មែរ​មក​ជួយ​អន្តរាគមន៍​ដោយ​ចង់​ទាមទារ​យក​ម៉ូតូ​របស់​ជនសង្ស័យ​ជា​ថ្នូរ​នឹង​ការ​បាត់បង់​ទូរស័ព្ទ តែ​សមត្ថកិច្ច​ប៉ូលិស​មិន​ព្រមអោយ​ទេ តែ​បាន​ណែនាំ​ឱ្យទៅ​ដាក់​ពាក្យ​បណ្តឹង​។ បន្ទាប់​ពី​ជជែក​វែកញែក​គ្នា​ជិត​មួយ​ម៉ោង ទើប​ភាគី​ខាង​ជន​រង​គ្រោះ​មិន​បាន​ដាក់​ពាន​បណ្តឹង​ទេ ហើយ​បាន​ប្រគល់​ម៉ូតូ​របស់​ជនសង្ស័យ​ឱ្យទៅ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ បុរស​ជា​មិត្តភក្តិ​ជន​រង​គ្រោះ​ដែល​ចេះ​និយាយ​ភាសា​ខ្មែរ​បាន​បកប្រែ​ប្រាប់​កោះសន្តិភាព​ថា តាម​ពិត​ទៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បើករថយន្ត​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ពោធិ៍​ចិន​តុង ។ បើក​ឆ្លងកាត់​ក្រោម​ស្ពាន​អាកាស​៧​មក​រា ផុត​បាន​បន្តិច មាន​មនុស្ស​ម្នាក់​ដើរ​កាត់មុខ​រថយន្ត ទើប​គាត់​ជាន់​ហ្វ្រាំង​បន្ថយល្បឿន ស្រាប់តែ​មាន​ជនសង្ស័យ​បាន​បើកទ្វារ​របស់​ជន​រង​គ្រោះ​ដែល​មិន​បាន​ចា​ក់ឡុក​សោ​ចូល​ទៅ​ប្លន់​យក​ទូរស័ព្ទ​អាយ​ហ្វូ​ន​សិ​ក​ផ្លើស​មួយ​គ្រឿង និង​លុយ​ជាង​១​ម៉ឺន​រៀល ហើយ​រត់​ចេញពី​ក្នុង​រថយន្ត​វិញ ឡើង​ជិះ​ម៉ូតូ​មួយ​គ្រឿង​មាន​គ្នា​៣​នាក់​ចេញ​ទៅ ត្រូវ​ជន​រង​គ្រោះ​ដេញ​ធាក់​ម៉ូតូ មួយ​ជើង​ដួល ហើយ​ជនសង្ស័យ​រត់គេច​ខ្លួន​បាត់​ស្រមោល នៅ​សល់​តែ​ម៉ូតូ​មួយ​គ្រឿង​នៅ​កន្លែង​កើតហេតុ ។

ជន​រង​គ្រោះ​បាន​ផ្តាំ​សម្រាប់​បងប្អូន​ទាំងអស់​ពេល​បើកបរ​ពេល​យប់ ត្រូវ​ចា​ក់ឡុក​សោ កុំឱ្យ​មានរឿង​ដូច​រូប​គាត់​ផង​ដែរ ។