ប្រហារ​ជីវិត​មេសាសនា៖ អារ៉ាប៊ី​សាអ៊ូឌីត ផ្ដាច់​ចំណង​ទូត​ពី អៀរ៉ង់


ប្រទេស អារ៉ាប៊ី សាអ៊ូឌីត បានប្រកាសកាលពីយប់ថ្ងៃអាទិត្យ ផ្ដាច់រាល់ទំនាក់ទំនង​ការទូត​របស់​ខ្លួន ជាមួយ​ប្រទេស អៀរ៉ង់។ សេចក្ដីប្រកាសបានធ្វើឡើង បន្ទាប់ពីស្ថានទូតរបស់ខ្លួន ប្រចាំនៅរដ្ឋធានី តេអៀរ៉ង់ បានរង​នូវ​ការ​វាយ​ប្រហារ ពី​សំណាក់​ក្រុម​អ្នក​មិន​ពេញចិត្ត នឹងការប្រហារជីវិតជនទាង៤៧នាក់ កាលពីថ្ងៃសៅរ៍ នៅ​ក្នុង​ប្រទេស អារ៉ាប៊ី សាអ៊ូឌីត។
ប្រហារ​ជីវិត​មេសាសនា៖ អារ៉ាប៊ី​សាអ៊ូឌីត ផ្ដាច់​ចំណង​ទូត​ពី អៀរ៉ង់

អាគារស្ថានទូតអារ៉ាប៊ីសាអ៊ូឌីត ប្រចាំរដ្ឋធានី តេអៀរ៉ង់ ត្រូវបានវាយបំផ្លាញ ដោយក្រុមបាតុករ។ (រូបថត AFP)

រដ្ឋមន្ត្រីការបរទេស របស់ប្រទេស អារ៉ាប៊ី សាអ៊ូឌីត លោក អាឌែល អាល់-ហ្សូបេអៀ (Adel al-Jubeir) បាន​ប្រកាសជាផ្លូវការ កាលពីយប់ថ្ងៃអាទិត្យ ផ្ដាច់រាល់ចំណងការទូត របស់ប្រទេសផងខ្លួន ជាមួយនឹង​ប្រទេស អៀរ៉ង់ បន្ទាប់ពីការវាយប្រហារមួយ សំដៅស្ថានទូតនៃប្រទេស អារ៉ាប៊ី សាអ៊ូឌីត ប្រចាំនៅរដ្ឋធានី តេអៀរ៉ង់ ត្រូវ​បាន​ធ្វើឡើង ដោយក្រុមអ្នកមិនពេញចិត្ត នឹងការប្រហារជីវិត លើមេដឹកនាំសាសនាអ៊ីស្លាម និកាយ ស៊ីអីត មួយ​រូប។

នៅក្នុងសន្និសីទសារព័ត៌មានមួយ នារាជធានី រីយ៉ាដ (Ryad នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត) លោករដ្ឋមន្ត្រី បាន​ថ្លែង​ឲ្យដឹងថា ប្រទេស អារ៉ាប៊ី សាអ៊ូឌីត បានសម្រេចចិត្តផ្ដាច់ នូវរាល់ទំនាក់ទំនងការទូត របសខ្លួន ជា​មួយ​នឹង​ប្រទេស អៀរ៉ង់ ហើយទាមទារ​ឲ្យមាន នូវការចាកចេញ​ពីទឹកដី អារ៉ាប៊ី សាអ៊ូឌីត ក្នុងរយៈ​ពេល​៤៨​ម៉ោង ខាងមុខ  នូវមន្ត្រីតំណាងការទូត របស់ប្រទេស អៀរ៉ង់ ទាំងអស់។

ការជ្រៀតជ្រែក បែប«អវិជ្ជមាន» និងយ៉ាង«គគ្លើន»...

បន្ថែមពីលើនេះ លោក អាឌែល អាល់-ហ្សូបេអៀ បានធ្វើការបរិហារ ពីការជ្រៀតជ្រែក បែប«អវិជ្ជមាន» និង​យ៉ាង«គគ្លើន» ពីសំណាក់ប្រទេស អៀរ៉ង់ នៅក្នុងសំនុំរឿង នៃពិភពអារ៉ាប់ ដែលបង្កឲ្យមានជារឿយៗ នូវ​ជម្លោះ និងការបំផ្លិចបំផ្លាញ។ ការវាយប្រហារ របស់ក្រុមបាតុករ ធ្វើទៅលើអាគារស្ថានទូត អារ៉ាប៊ី​សាអ៊ូឌីត ប្រចាំនៅរដ្ឋធានី តេអៀរ៉ង់ និងទៅលើការិយាល័យ​តំណាងអារ៉ាប៊ីសាអ៊ូឌីត នៅតាមខេត្ត​ក្រុង​មួយ​ចំនួន នៃប្រទេសអៀរ៉ង់ បានបង្ហាញ«កាន់តែច្បាស់» ពីការរំលោភលើកច្បាប់អន្តរជាតិ មិន​អាច​ប្រកែក​បាន។ លោករដ្ឋមន្ត្រី បានចោទប្រកាន់ប្រទេសអៀរ៉ង់ទៀតថា អាជ្ញាធររបស់ប្រទេសនេះ មិនបាន​ធ្វើអ្វី​ទាល់​តែសោះ ដើម្បីទប់ស្កាត់អំពើ «ជ្រុលនិយម» របស់ក្រុមបាតុករ។

បាតដៃអាទិទេព នឹងធ្វើការសងសឹក...

ការប្រហារជីវិតជនទាំង៤៧នាក់ ក្នុងនោះមានមេដឹកនាំសាសនាអ៊ីស្លាម និកាយស៊ីអ៊ីតមួយរូប កាល​ពី​ថ្ងៃ​សៅរ៍ ដោយអាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីត បានបញ្ឆេះ​ឲ្យមានភាពតានតឹង​កើតឡើងសារជាថ្មី នៅក្នុងតំបន់ ជា​ពិសេស​នៅ​ក្នុង​ប្រទេសអៀរ៉ង់។ មួយភាគ នៃអាគារស្ថានទូតអារ៉ាប៊ីសាអ៊ូឌីត ប្រចាំរដ្ឋធានី តេអៀរ៉ង់ ត្រូវ​បាន​វាយ​បំផ្លាញ ដោយក្រុមបាតុករ។ សាក្សីដែលនៅក្នុងហេតុការណ៍ បានអះអាងថា ក្រុម​បាតុករ​បាន​គុប​ដប​ប្រេង ដែលមានបញ្ឆេះដុតភ្លើង ចូលទៅក្នុងស្ថានទូត បានបង្កឲ្យមានអគ្គិភ័យឆាបឆេះ ផ្នែកខាង​ក្នុង​នៃ​អាគារ។

អគ្គមគ្គុទេស និងជាប្រមុខសាសនាដ៏កំពូល នៅក្នុងប្រទេស អៀរ៉ង់ លោក អាលី កាមេណី (Ali Khamenei) បានថ្លែងព្រមានប្រទេសអារ៉ាប៊ីសាអ៊ូឌីត ទាក់ទងនឹងការប្រហារជីវិតនោះថា៖ «គ្មានអ្វីសង្ស័យទេ ឈាម​នៃ​អ្នក​ប្រយុទ្ធ (Nimr) ដែលត្រូវបានបង្ហូរដោយអយុត្តិធម៌ នឹងទទួលបានផ្លៃផ្ការបស់វា ហើយ​បាត​ដៃ​អាទិទេព នឹង​ធ្វើការ​សង​សឹក ប្រឆាំងមេដឹកនាំ អារ៉ាប៊ីសាអូឌីត»។

យ៉ាងណាក៏ដោយ អាជ្ញាធរនៃប្រទេស អៀរ៉ង់ បានចាប់ខ្លួនបាតុករ បានប្រមាណជា៤០នាក់ នៅក្នុងរដ្ឋធានី តេអៀរ៉ង់ និងបួននាក់ទៀត នៅក្នុងខេត្ត ម៉ារឆាដ (Machhad ភាគឦសាននៃប្រទេស)៕