លោក​ជួន សុវណ្ណ ៖ សមត្ថកិច្ច​រាជធានី នឹងដាក់​កម្លាំង​ចល័ត​ក្បែរ​ទីតាំង​កា​រ៉ា​អូ​ខេ​និង​ក្លិប​កម្សាន្ត ដើម្បី​ត្រួតពិនិត្យ​ជាតិ​អាកុល បញ្ជូនទៅ​តុលាការ​

ភ្នំពេញ: លោក​ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អះអាងថា នៅ​ដើមឆ្នាំ​២០១៦​នេះ ទៅ​កម្លាំង​មាន​សមត្ថកិច្ច​របស់​ប៉ូលិស​រាជធានី និង​កងរាជអាវុធហត្ថ​រាជធានី នឹងដាក់​កម្លាំង​ចល័ត​នៅក្បែរៗ ទីតាំង​កា​រ៉ា​អូ​ខេ និង​ក្លិប​កម្សាន្ត​នានា ជាដើម នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ឆ្មក់ ត្រួតពិនិត្យ​ជាតិ​អាកុល​នៅពេល​ដែលមាន​អ្នក​ស្រវឹង ចេញពី​កន្លែង​សប្បាយ​ទាំងនោះ ហើយ​ពួកគេ​នឹងត្រូវ​ចាប់​បញ្ជូនទៅ​តុលាការ ដើម្បី​អនុវត្ត​ទោស​ទៅតាម​ច្បាប់​។​

​លោក​ជួន សុវណ្ណ មានប្រសាសន៍​លើកឡើង​បែបនេះ កាលពី​ព្រឹក​ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០១៦ ក្នុង​កិច្ចប្រជុំ​បូកសរុប​ដក​បទពិសោធន៍​សភាពការណ៍ លទ្ធផល​កិច្ចប្រតិបត្តិការ​បង្ការ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​គ្រឿងញៀន និង​សណ្តាប់ធ្នាប់​ចរាចរ​ចរណ៍ ប្រចាំឆ្នាំ​២០១៥ របស់​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ដែល​បាន​ធ្វើឡើង​នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោកស្នងការ បាន​បន្តថា នៅក្នុង​រាជធានី​ភ្នំពេញ ការបង្ក​ការគ្រោះថ្នាក់​ចរាចរណ៍​នៅពេល​យប់ សុទ្ធ​តែមាន​លក្ខណៈ​ធ្ងន់ធ្ងរ បើ​មិន​ស្លាប់​ក៏​រងរបួស​ធ្ងន់​ដែរ បើ​មិន​បុក​មនុស្ស​ទេ ក៏​បើកបរ​ទៅបុក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ និង​ផ្ទះសំបែង​ប្រជាពលរដ្ឋ​ជាដើម ហើយ​ដើមចម​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នៅពេល​យប់នោះ ភាគច្រើន គឺ​បណ្តាលមកពី​អ្នកបើកបរ​ហូប​ជាតិ​ស្រវឹង និង​បើកបរ​ក្នុង​ល្បឿន​លឿន​ហូ​ស​កំណត់​។ ដូច្នេះ​ទេ ដើម្បី​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរ​នៅពេល​យប់នោះ និង​ម្យ៉ាង ដើម្បី​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​ឲ្យ​មាន​ប្រសិទ្ធភាព ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​កងរាជអាវុធហត្ថ​រាជធានី នឹង​សហការគ្នា​ដាក់​កម្លាំង​ចល័ត​នៅក្បែរៗ​ទីតាំង​កា​រ៉ា​អូ​ខេ និង​ក្លិប​កម្សាន្ត នានា​នៅក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ឆ្មក់ ត្រួតពិនិត្យ​ជាតិ​អាកុល​នៅពេល​ដែលមាន​អ្នក​ស្រវឹង​ចេញពី​កន្លែង​សប្បាយ​ទាំងនោះ ហើយ​ពួកគេ​នឹងត្រូវ​ចាប់​បញ្ជូនទៅ​តុលាការ ដើម្បី​អនុវត្ត​ទោស​ទៅតាម​ច្បាប់ ។​

​ពាក់ព័ន្ធ​រឿងនេះ​លោក​ជួន សុវណ្ណ​ក៏បាន​បញ្ជាក់​ផងដែរ​ថា ស្ថាប័ន​តុលាការ​ក៏​សហ​ការណ៍​ជាមួយ​កម្លាំង​របស់​យើង​ផងដែរ ពោល​ពេល​បញ្ជូន​ទៅកាន់​តុលាការ អាចដាក់​ទោសទណ្ឌ​តែម្តង អាច​ជាប់ពន្ធនាគារ​មួយខែ​ក៏បាន​ដែរ ប៉ុន្តែ​ការដាក់ទោស​នោះ​មិនមែន​ជាប់ពន្ធនាគារ​នោះទេ គឺ​ជាប់ពន្ធនាគារ​មួយខែ​ហើយ​ព្យូ​រ​ទោស ដូច្នេះ​បានន័យថា​អ្នក​នោះឯង ពិត​បាន​ជាប់ពន្ធនាគា​រ​ដែល​ត្រូវបាន​កត់​ឈ្មោះ​ក្នុង​បញ្ជី​អេឡិចត្រូនិក ហើយ​ប្រសិនបើ​ជាមាន​លើក​ទី​២​ទៀត​នោះ ដោយ​យើង​គ្រាន់តែ​វាយ​ឈ្មោះ​ជន​រូបនោះ​ទៅ​វា​នឹង​ឡើង​អក្សរ​ពណ៌​ក្រហម​។​

​ជុំវិញ​ការដាក់ចេញ​ជា​វិធានការ​ខាងលើនេះ ត្រូវបាន​គេ​មើលឃើញថា បើ​សមត្ថកិច្ច​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​ក្នុងការ​ពិនិត្យ​ជាតិ​អាកុល​នេះ នោះ​កា​រ៉ា​អូ​ខេ​និង​ក្លិប​កម្សាន្ត​នានា នៅក្នុង​រាជធានី​ភ្នំពេញ នឹងត្រូវ​ប្រឈម​ទៅនឹង​ការបិទទ្វារ​ជាក់​ជាមិនខាន​ឡើយ​៕​

លោក​ជួន សុវណ្ណ ៖ សមត្ថកិច្ច​រាជធានី នឹងដាក់​កម្លាំង​ចល័ត​ក្បែរ​ទីតាំង​កា​រ៉ា​អូ​ខេ​និង​ក្លិប​កម្សាន្ត ដើម្បី​ត្រួតពិនិត្យ​ជាតិ​អាកុល បញ្ជូនទៅ​តុលាការ​