មាតុភូមិនិវត្តន៍​រប​ស់​កង​យោធា​មួក​ខៀវ​កម្ពុជា ពី​ប្រទេស​លី​បង់​

ភ្នំពេញ: នៅ​ប្រមាណ​ជា​ម៉ោង​បួន និង​ប្រាំមួយ​នាទី រសៀល​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៦ សំឡេង​ហ៊ោរ​កញ្ជ្រៀវ​ខ្ទរ​រំពង ចេញពី​ក្នុងចំណោម​ប្រជាជន ក្មេង ចាស់  ស្រី ប្រុស ដែលជា​សាច់ញាតិ​របស់​កង​យោធា​មួក​ខៀវ​កម្ពុជា ដែល​បានមក​ទន្ទឹង​ចាំមើល​ផ្លូវ​កូន ចៅ ប្តីសី​របស់ខ្លួន វិល​ត្រឡប់មក​កម្ពុជា​វិញ នៅពេលដែល​យន្តហោះ​ប្រតិកម្ម​ធុន​ធំ​មួយគ្រឿង​ពណ៌​ស និង​មាន​អក្សរ យូ​អិន (UN) ពណ៌​ខ្មៅ នៅ​នឹង​តួ​យន្តហោះ បាន​ចុះ​ដល់​លើផ្លូវរ​ត់នៃ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​
​   
​នេះ​គឺជា​យន្តហោះ​របស់​អង្គការសហប្រជាជាតិ ដែល​ដឹក​ដំណើរ​និវត្តន៍​មក​កម្ពុជា​វិញ​នូវ​កងកម្លាំង​យោធា​មួក​ខៀវ​វិស្វកម្ម​លេខ​៦៣៩ ដែលមាន​កម្លាំង សរុប​ចំនួន ១៨៤ នាក់ ក្នុងនោះ មាន​កងទ័ព​នារី​ចំនួន ១១​នាក់ បន្ទាប់ពី​ពួកគេ​បានបញ្ចប់​ដោយ​ជោគជ័យ​បេសកកម្ម​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​លី​បង់ អស់​រយៈពេល​មួយឆ្នាំ​កន្លងទៅនេះ​។​
​    ​
សូមបញ្ជាក់ថា យន្តហោះ​មួយគ្រឿង​ដដែល​នេះ ក៏បាន​ធ្វើការ​ដឹកជញ្ជូន​កងកម្លាំង​យោធា​មួក​ខៀវ​វិស្វកម្ម​លេខ​៩៣៦ ដែលជា​កម្លាំង​ប្តូរ​វេន មាន​កម្លាំង​សរុប ១៨៤​នាក់ ក្នុងនោះ នារី​ចំនួន ១០​នាក់ ឆ្ពោះទៅកាន់​សាធារណរដ្ឋ​លី​បង់ កាលពី​ព្រឹក​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦ កន្លងទៅ​ថ្មីៗ​នេះ​។​
​    ​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព រួម​នឹង​អស់លោក ដែលជា​អគ្គនាយករង ព្រមទាំង​នាយទាហាន នាយទាហានរង​បណ្តា​ស្ថាប័ន​ចំណុះ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បានផ្តល់​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​ដំណើរ​និវត្តន៍​របស់​កង​យោធា​មួក​ខៀវ​ដល់​ព្រលានយន្តហោះ​ភ្នំពេញ​។​
​    ​
​ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​កង​យោធា​មួក​ខៀវ​កម្ពុជា ដែល​ទើប​បញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព​នៅ​សាធារណរដ្ឋ​លី​បង់ នា​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ និង​ប្រសាសន៍​ជូនពរ​ក្នុងឱកាស​ចូលឆ្នាំ​សកល​២០១៦​ថ្មីៗ​នេះ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា  រដ្ឋមន្ត្រី​ក្រសួងការពារជាតិ អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ និង ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្របសម្រួល​កិច្ច​ការបញ្ជូន​កងកម្លាំង​ចូលរួម​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​ជូន​ដល់​កង​កម្លាំងយោធា​មួក​ខៀវ​កម្ពុជា ដែល​បាន និង​កំពុង​បំពេញបេសកកម្ម​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ នៅតាម​ប្រទេស​មួយចំនួន លើ​សកលលោក រួមមាន សាធារណរដ្ឋ​ស៊ូដង់ សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង  សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល សាធារណរដ្ឋ​លី​បង់ និង​សាធារណរដ្ឋ​ម៉ាលី​។​
​   
​ដោយឡែក លោកនាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ក៏បាន​ប្រសិទ្ធិ​ពរជ័យ​បវរ​សួស្តី​ជូន​ដល់​កងកម្លាំង​យោធា​មួក​ខៀវ ព្រមទាំង​ក្រុម​ញាតិសណ្តាន​ទាំងអស់  នាឱកាស​ឆ្នាំ​ថ្មី ឆ្នាំ​សកល​២០១៦ នេះ​តទៅ សូមឱ្យ​ជួបប្រទះ​នឹង​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ អាយុៈ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕