រថយន្តក្រុង ក្រុមហ៊ុន​កម្ពុជា​អង្គរ​អ៊ិ​ច​ស្ព្រេ​សដឹក​ភ្ញៀវ​ទេសចរណ៍​បើក​បុក​គោយន្ដ​កន្ត្រៃ​ចំ​ពីក្រោយ​បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​៤​នាក់​

​ខេត្តកំពង់ចាម​៖ រថយន្តក្រុង​ដឹក​អ្នកដំណើរ​ភ្ញៀវ​ទេសចរណ៍​បរទេស របស់​ក្រុមហ៊ុន​កម្ពុជា​អង្គរ​អ៊ិ​ច​ស្ព្រេ​ស​បើក​បុក​គោយន្ដ​កន្ត្រៃ​ដឹកអុស​១​គ្រឿង​ចំ​ពីក្រោយ ខណៈ​ធ្វើដំណើរ​ស្រប​ទិស​គ្នា បណ្ដាល​ឲ្យ​មនុស្ស​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៤​នាក់ ក្នុងនោះ​មាន​ជនជាតិ​បរទេស​ម្នាក់​ផងដែរ​។​ឧបត្តិ​ហេតុនេះ​បាន​កើតមានឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​ឈានចូល​ព្រឹក​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧១​ស្ថិត​ក្នុងភូមិ​២២ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម​។​

មន្ត្រីនគរបាល​ចរាច​រណ៍​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្តក្រុង​ក្រុមហ៊ុន​កម្ពុជា​អង្គរ​អ៊ិ​ច​ស្ព្រេ​ស​១​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-8915 ដឹក​ភ្ញៀវ​បរទេស​មកពី​ខេត្តសៀមរាប​បើកបរ​យ៉ាង​លឿន​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ត្រង់ចំណុច​កើតហេតុ​ក៏បាន​ជ្រុល​ទៅបុក​គូថ​គោយន្ដ​កន្ត្រៃ ដឹកអុស​១​គ្រឿង​បើកបរ​ស្រប​ទិស​គ្នា បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​៣​នាក់ ជិះ​នៅលើ​គោយន្ដ​កន្ត្រៃ រងរបួស​ធ្ងន់​ម្នាក់ និង​ស្រាល​២​នាក់ ចំណែក​ភ្ញៀវ​ទេសចរណ៍​បរទេស​នៅលើ​រថយន្តក្រុង​ចំនួន​៣៥​នាក់​រង​ការភិតភ័យ​ជាខ្លាំង និង​បុរស​ជនជាតិ​អាមេរិកកាំង​ម្នាក់​រងរបួស​ស្រាល​ផងដែរ​។

​ក្រោយពី​កើតហេតុ​អ្នកបើកបរ​រថយន្តក្រុង​បាន​រត់គេចខ្លួន​បាត់ស្រមោល ចំណែក​អ្នករងរបួស​ធ្ងន់ និង​ស្រាល​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ បច្ចុប្បន្ន​រថយន្ត​បង្កហេតុ​ត្រូវបាន​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ​ដើម្បី​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ ​

KA-04-01-2016-07 KA-04-01-2016-08 KA-04-01-2016-09 KA-04-01-2016-10 KA-04-01-2016-11 KA-04-01-2016-12