លោក អេង ឆៃអ៊ាង សុំ​ទោស​ខ្មែរ​ក្រោម​រឿង​រិះគន់​យុទ្ធសាស្ត្រ​ឧកញ៉ា សឺន គុយ

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​សុំ​ទោស​ខ្មែរ​ក្រោម​ជា​សាធារណៈ​ហើយ។ ក្រៅ​ពី​សុំ​ទោស​នោះ លោក អេង ឆៃអ៊ាង ថែម​ទាំង​កោត​សរសើរ​ថា លោក​មិន​ដែល​បំភ្លេច​គុណ​បំណាច់ និង​វីរភាព​របស់​ឧកញ៉ា សឺន គុយ នោះ​ឡើយ។ ការ​ថ្លែង​សុំ​ទោស​បែប​នេះ នៅ​បន្ទាប់​ពី​លោក​បាន​ថ្លែង​នៅ​ឯ​នាយ​សមុទ្រ​កាល​ពី​ពេល​ថ្មីៗ​នេះ រិះគន់​យុទ្ធសាស្ត្រ​របស់​អតីត​ចៅហ្វាយ​ខេត្ត​ព្រះត្រពាំង ឧកញ៉ា សឺន គុយ ដែល​ប្រគល់​ខ្លួន​ឲ្យ​វៀតណាម ចាប់​យក​ទៅ​សម្លាប់​នោះ ថា​មិន​ធ្វើ​ឲ្យ​ខ្មែរ​ក្រោម​ចំណេញ​នោះ​ទេ។

ការ​សុំ​ទោស​របស់ លោក អេង ឆៃអ៊ាង ពេល​នេះ ធ្វើ​ឡើង​ក្រោយ​ពី​អង្គការ-សមាគម និង​ពលរដ្ឋ​ខ្មែរ​ក្រោម បាន​ប្រតិកម្ម​ជា​បន្តបន្ទាប់​ចំពោះ​ការ​ថ្លែង​របស់​លោក រិះគន់​ទៅ​លើ​យុទ្ធសាស្ត្រ​របស់​ឧកញ៉ា សឺន គុយ ដែល​ខ្មែរ​ក្រោម​ទូទៅ​ចាត់​ទុក​ថា ជា​វីរបុរស​ដ៏​ឆ្នើម​របស់​ពួក​គេ​នោះ។

លោក អេង ឆៃអ៊ាង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៥ កន្លង​ទៅ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីក្រុង​ម៉ុងរ៉េអាល (Montreal) ប្រទេស​កាណាដា (Canada) ថា កាល​ពី​សម័យ​លោក​ឧកញ៉ា សឺន គុយ ធ្វើ​ជា​ចៅហ្វាយ​ខេត្ត​ព្រះត្រពាំង នៅ​កម្ពុជា​ក្រោម លោក​ឧកញ៉ា សឺន គុយ បាន​យល់​ព្រម​ប្រគល់​ខ្លួន​ឲ្យ​វៀតណាម ចាប់ ហើយ​យក​ទៅ​សម្លាប់។ ទីបំផុត លោក​ថា ទឹក​ដី​កម្ពុជា​ក្រោម នៅ​តែ​ត្រូវ​វៀតណាម យក​បាន​ដដែល។ លោក​ថា ប្រសិន​បើ​ខ្មែរ​ក្រោម​មាន​យុទ្ធសាស្ត្រ​មិន​ឲ្យ​វៀតណាម ចាប់​ខ្លួន​ឧកញ៉ា សឺន គុយ ហើយ​ឲ្យ​នៅ​តស៊ូ​វិញ វាសនា​ខ្មែរ​ក្រោម​អាច​មាន​រូបភាព​ផ្សេង។ លោក អេង ឆៃអ៊ាង ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ចង់​ឲ្យ​មេ​ដឹក​នាំ​របស់​ខ្លួន គឺ​លោក សម រង្ស៊ី ដែល​ពេល​នេះ​ទៅ​ក្រៅ​ប្រទេស រត់​គេច​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច​រដ្ឋាភិបាល​កម្ពុជា នោះ ប្រើប្រាស់​យុទ្ធសាស្ត្រ​ដូច​ឧកញ៉ា សឺន គុយ ចេញ​មក​ប្រគល់​ខ្លួន​នោះ​ទេ ព្រោះ​វា​មិន​ចំណេញ​អ្វី​ឡើយ។

ការ​ថ្លែង​របស់ លោក អេង ឆៃអ៊ាង នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ខ្មែរ​ក្រោម​មិន​សប្បាយ​ចិត្ត ហើយ​ប្រតិកម្ម​ដំបូង​គេ​បង្អស់ គឺ​មាន​ចេញ​ពី​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​មូលនិធិ​សម្ដេច​បវរ​សេដ្ឋា​ធិបតី សឺន សាន និង​ជា​ឧត្តម​ទីប្រឹក្សា​ព្រះមហាក្សត្រ លោក សឺន ស៊ូបែរ្តិ៍ តែ​ម្តង។ លោក សឺន ស៊ូបែរ្តិ៍ ថ្លែង​ថា លោក អេង ឆៃអ៊ាង មើល​ងាយ​ចំពោះ​ការ​បូជា​របស់​ឧកញ៉ា សឺន គុយ ដែល​សុខ​ចិត្ត​ប្ដូរ​ជីវិត​ដើម្បី​រក្សា​វប្បធម៌ ទំនៀមទម្លាប់ ជាតិ​សាសន៍ និង​ពុទ្ធសាសនា​នៅ​ដែនដី​កម្ពុជា​ក្រោម។

នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់ លោក សឺន ស៊ូបែរ្តិ៍ ចុះ​ថ្ងៃ​ទី​៣ មករា លោក អេង ឆៃអ៊ាង ដែល​ពេល​នេះ​កំពុង​ស្ថិត​នៅ​សហរដ្ឋ​អាមេរិក នៅ​ឡើយ បាន​ប្រាប់ លោក សឺន ស៊ូបែរ្តិ៍ ថា ការ​ថ្លែង​របស់​លោក​កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​ជា​ទស្សនៈ​យល់​ឃើញ​របស់​លោក ហើយ​លោក​ពុំ​មាន​ចេតនា​បន្តុះ​បង្អាប់ ឬ​ប្រមាថ​មើល​ងាយ​ចំពោះ​គំរូ​វីរភាព​ដ៏​អង់​អាច​ក្លាហាន​របស់​ឧកញ៉ា សឺន គុយ ឡើយ។ ប៉ុន្តែ​លោក​ថា ប្រសិន​បើ​ពលរដ្ឋ​ខ្មែរ​ក្រោម​យល់​ឃើញ​ថា ការ​ថ្លែង​របស់​លោក​មិន​សមរម្យ ឬ​មិន​ត្រឹមត្រូវ លោក​សូម​អធ្យាស្រ័យ និង​សុំ​ទោស​ចំពោះ​ខ្មែរ​ក្រោម។

លោក អេង ឆៃអ៊ាង បញ្ជាក់​បន្ត​ថា រូប​លោក​មិន​ដែល​បំភ្លេច​នូវ​គុណ​បំណាច់​ធំ​ធេង និង​វីរភាព​អង់​អាច​ក្លាហាន​របស់​ឧកញ៉ា សឺន គុយ ដែល​បាន​ដឹក​នាំ​កម្លាំង​អ្នក​ស្នេហា​ជាតិ តស៊ូ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន និង​ការ​គ្រប់គ្រង​របស់​វៀតណាម ដើម្បី​ការពារ​វប្បធម៌ និង​អរិយធម៌​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ឡើយ។

សៀវភៅ​ប្រវត្តិ​ចៅហ្វាយ​គុយ ដែល​រៀបរៀង​ដោយ លោក កែវ សុវត្ថិ នៅ​ឆ្នាំ​១៩៧១ បាន​លើក​ឡើង​ថា នៅ​ដើម​សតវត្សរ៍​ទី​១៩ អតីត​ចៅហ្វាយ​ខេត្ត​ព្រះត្រពាំង ឧកញ៉ា សឺន គុយ បាន​តស៊ូ​ស្វិតស្វាញ​ប្រឆាំង​ទៅ​នឹង​ការ​ទន្ទ្រាន​យក​ទឹក​ដី​កម្ពុជ​ក្រោម ពី​សំណាក់​ជនជាតិ​អណ្ណាម ហើយ​ថែម​ទាំង​បាន​សម្លាប់​មេ​ទ័ព​កំពូល​របស់​អណ្ណាម​ម្នាក់​ទៀត​ផង ដែល​ធ្វើ​ឲ្យ​ស្ដេច​អណ្ណាម មាន​ការ​ខឹងសម្បា​យ៉ាង​ខ្លាំង ទើប​បញ្ជូន​ទ័ព​របស់​ពួក​គេ​ដើរ​កាប់​សម្លាប់​ជនជាតិ​ខ្មែរ បំផ្លិច​បំផ្លាញ​វត្ត​អារាម និង​ធ្វើ​បាប​ព្រះសង្ឃ ដើម្បី​ឲ្យ​ឧកញ៉ា សឺន គុយ ចេញ​មក​ឲ្យ​ពួក​គេ​ចាប់​ខ្លួន បើ​មិន​ដូច្នោះ​ទេ ពួក​គេ​នឹង​បន្ត​កាប់​សម្លាប់​ជនជាតិ​ខ្មែរ​ឲ្យ​អស់។

ដោយ​ខ្លាច​ជនជាតិ​អណ្ណាម ធ្វើ​បាប​ពលរដ្ឋ និង​បំផ្លាញ​វប្បធម៌​ខ្មែរ​ក្រោម ឧកញ៉ា សឺន គុយ យល់​ព្រម​ចេញ​មក​ឲ្យ​អណ្ណាម ចាប់​ខ្លួន​កាត់​ក ប៉ុន្តែ​ត្រូវ​ឲ្យ​ស្ដេច​អណ្ណាម សន្យា​ថា នឹង​មិន​បន្ត​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ ត្រូវ​រក្សា​វត្ត​អារាម វប្បធម៌ ទំនៀមទម្លាប់​ខ្មែរ​នៅ​ទីនោះ។

ចាប់​តាំង​ពី​ពេល​នោះ​មក ឧកញ៉ា សឺន គុយ ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ក្រោម​ទូទៅ ចាត់​ទុក​ថា​ជា​វីរបុរស​ដ៏​ឆ្នើម​របស់​ពួក​គេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។