កម្មករ​រោងចក្រ​មួយ​នៅ​ខេត្ត​កំពង់ស្ពឺ​បន្ត​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​១១​ចំណុច

កម្មករ​រោងចក្រ អ៊ែដ្យាយល៍ ស្វេតថឺ ខេមបូឌា (Agile Sweater Cambodia) នៅ​ខេត្ត​កំពង់ស្ពឺ បាន​បន្ត​ប្រមូល​ផ្តុំ​គ្នា​នៅ​ថ្ងៃ​ទី​៤ ខែ​មករា ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន ១១​ចំណុច និង​ទាមទារ​ឲ្យ​ដោះ​លែង​តំណាង​កម្មករ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២ មករា ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​អះអាង​ថា មិន​ដោះស្រាយ​ឡើយ ដោយ​ចាត់​ទុក​ការ​ទាមទារ​របស់​កម្មករ​ថា​លើស​ពី​ច្បាប់​បាន​កំណត់។

«សំឡេង​កម្មករ​ស្រែក​តវ៉ា»

ក្រុម​កម្មករ​ប្រមាណ​ជិត ១០០​នាក់ ចោទ​ថា រោងចក្រ អ៊ែដ្យាយល៍ ស្វេតថឺ មិន​បាន​គោរព​ច្បាប់​ការងារ​របស់​កម្ពុជា ឡើយ ព្រោះ​ថា ពួក​គាត់​ជួប​ជុំ​គ្នា​តវ៉ា​ដោយ​អហិង្សា​ជិត​ពីរ​សប្ដាហ៍​ទៅ​ហើយ ប៉ុន្តែ​ក្រុមហ៊ុន​នៅ​តែ​មិន​ចេញ​មុខ​ដោះស្រាយ តែ​បែរ​ជា​សន្តិសុខ​ក្រុមហ៊ុន​គំរាម​កំហែង​ចាប់​ចង​ទៅ​វិញ។

កម្មការិនី​ម្នាក់​ឲ្យ​ដឹង​ថា លក្ខខណ្ឌ​ការងារ​ទាំង ១១​ចំណុច​ដែល​កម្មករ​ចង់​បាន​នោះ គឺ​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​គិត​តម្លៃ​ឡូ​តាម​ស្តង់ដារ បន្ថែម​លុយ​បាយ​ថែម​ម៉ោង ២​ដុល្លារ ដក​រដ្ឋបាល​រោងចក្រ​ឈ្មោះ សេន ឌី ស្នើ​ឲ្យ​ក្រុមហ៊ុន​កុំ​បញ្ឈប់​កម្មករ បន្ថែម​ប្រាក់​ការងារ​ទៀងទាត់ ឬ​លុយ​ព្រីម ១៥​ដុល្លារ និង​ដោះ​លែង​តំណាង​កម្មករ​ឈ្មោះ ហេង ឌី និង​បញ្ឈប់​ការ​តាម​ចាប់​ខ្លួន​តំណាង​កម្មករ​ផ្សេង​ទៀត៖ «»។

រោងចក្រ អ៊ែដ្យាយល៍ ស្វែតថឺ ស្ថិត​នៅ​ភូមិ​បូរីកម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ។ ការ​តវ៉ា​អស់​រយៈពេល​មួយ​ព្រឹក បណ្ដាល​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​រវាង​មន្ត្រី​សហជីព និង​ក្រុម​សន្តិសុខ​រោងចក្រ​ដែរ។

តំណាង​ភាគី​រោងចក្រ លោក មួរ ផាន់នី បកស្រាយ​ថា កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​បាន​ដោះស្រាយ​ជូន​កម្មករ​នៅ​មន្ទីរ​ការងារ​ខេត្ត​រួច​ហើយ ប៉ុន្តែ​មាន​សហជីព​ចំនួន​៣ នៅ​តែ​ញុះញង់​ឲ្យ​កម្មករ​តវ៉ា។ លោក​បញ្ជាក់​ថា ការ​ទាមទារ​របស់​កម្មករ គឺ​លើស​ពី​ច្បាប់​បាន​កំណត់។ ដូច្នេះ ក្រុមហ៊ុន​បិទ​ផ្លូវ​ចរចា៖ «»។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ក្រុម​កម្មករ​លើក​ឡើង​ថា ការ​ដោះស្រាយ​នៅ​មន្ទីរ​ការងារ​កាល​ណោះ គឺ​មិន​ឃើញ​មាន​លទ្ធផល​ទេ ហើយ​ថែម​ទាំង​ចាប់​តំណាង​ពួក​គាត់​ម្នាក់​ដាក់​ពន្ធនាគារ​ទៀត បន្ទាប់​ពី​បំបែក​គ្នា​ចេញ​ពី​មន្ទីរ​ការងារ​ខេត្ត​កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា។ នៅ​ពេល​កម្មករ​តវ៉ា​ដាក់​លិខិត​សុំ​ដោះស្រាយ បែរ​ជា​ក្រុម​សន្តិសុខ​រោងចក្រ និង​ក្រុម​មនុស្ស​ពាក់​ខោ​អាវ​ស៊ីវិល​ពាក់​មួក​សុវត្ថិភាព បណ្ដេញ​ពួក​គាត់​ចេញ​ពី​មុខ​រោងចក្រ និង​បាន​ដណ្ដើម​យក​លិខិត​ទាំង​នោះ​ហែក​ចោល។

អគ្គលេខាធិការ​សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​កាត់​ដេរ​កម្ពុជា លោក រ័ត្ន មីនា លើក​ឡើង​ថា ថ្វីត្បិតតែ​ការ​ទាមទារ​នោះ​លើស​ពី​ច្បាប់​បាន​កំណត់​ខ្លះ​ក្តី ប៉ុន្តែ​ក្រុមហ៊ុន​គួរ​តែ​ជជែក​ដោះស្រាយ​តាម​បែប​យោគ​យល់​គ្នា​ជាមួយ​កម្មករ​ម្តង​ទៀត ដើម្បី​បញ្ចប់​បញ្ហា​នៅ​សេសសល់។ លោក​ថា បើ​ក្រុមហ៊ុន​មិន​ដោះស្រាយ វា​ហាក់​ដូចជា​អយុត្តិធម៌​សម្រាប់​កម្មករ​ដែល​ព្យាយាម​តវ៉ា​តាម​នីតិវិធី​ដោយ​មិន​ប្រើ​ហិង្សា៖ «»។

ក្រុម​កម្មករ​ក៏​បញ្ជាក់​ថា ពួក​គាត់​នឹង​នៅ​តែ​តវ៉ា​មិន​ចូល​ធ្វើ​ការ​ឡើយ បើ​មិន​មាន​ដំណោះស្រាយ​សមរម្យ​ពី​ខាង​រោងចក្រ​ទេ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។